មានផ្ទៃពោះ

ការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះ

  • Soeu Sreang
  • March 11, 2021
  • 391

ការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះគឺជារឿងធម្មតា    ជាពិសេសក្នុងអំឡុងពេលត្រីមាសទី ១    ហើយជាធម្មតាវាគ្មានអ្វីគួរឱ្យបារម្ភទេ។ ប៉ុន្តែដោយសារតែពេលខ្លះការធ្លាក់ឈាមអាចជាសញ្ញានៃអ្វីដែលធ្ងន់ធ្ងរ     វាចាំបាច់ត្រូវដឹងពីមូលហេតុដែលអាចកើតមាន    ហើយត្រូវឱ្យគ្រូពេទ្យពិនិត្យ     ដើម្បីប្រាកដថាអ្នក     និងទារកមានសុខភាពល្អ។

ការធ្លាក់ឈាមក្នុងត្រីមាសទី ១

ស្ត្រីប្រហែលជា ២០% ក្នុងចំណោមស្ត្រីមានផ្ទៃពោះទាំងអស់ធ្លាក់ឈាមខ្លះៗក្នុងអំឡុងពេល ១២ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។ មូលហេតុដែលអាចកើតមានការធ្លាក់ឈាមក្នុងត្រីមាសទី ១ រួមមាន៖

ការធ្លាក់ឈាមដោយការកាច់សម្បុក៖ អ្នកអាចធ្លាក់ឈាមខ្លះៗក្នុងរយៈពេល ៦ ទៅ ១២ ថ្ងៃដំបូង    បន្ទាប់ពីមានការបង្កកំណើត    ដោយសារស៊ុតបង្កកំណើតបានផ្សាំខ្លួនវានៅក្នុងស្រទាប់ស្បូន។ ស្ត្រីមួយចំនួនមិនបានដឹងថាពួកគេមានផ្ទៃពោះនោះទេ    ព្រោះពួកគេបានច្រលំការធ្លាក់ឈាមនេះជាការមករដូវក្នុងកម្រិតស្រាល។ ជាធម្មតាការធ្លាក់ឈាមមានកម្រិតស្រាល    ហើយមានរយៈពេលពី ២-៣ ម៉ោងទៅ ២-៣ ថ្ងៃ។

ការរលូតកូន៖ ដោយសារតែការរលូតកូនគឺជារឿងធម្មតាបំផុតក្នុងអំឡុងពេល ១២ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ   វាច្រើនតែជាការព្រួយបារម្ភធំបំផុតមួយជាមួយនឹងការធ្លាក់ឈាមក្នុងត្រីមាសទី ១។ ទោះជាយ៉ាងណាក៏ដោយ    ការធ្លាក់ឈាមនៅត្រីមាសទី ១ មិនមែនមានន័យថាអ្នកបានបាត់បង់កូន    ឬរលូតកូនទេ។ ជាការពិត    ប្រសិនបើចង្វាក់បេះដូងត្រូវបានគេមើលឃើញតាមរយៈការឆ្លុះអេកូ    ស្ត្រីជាង ៩០% ដែលមានការធ្លាក់ឈាមតាមទ្វារមាសក្នុងត្រីមាសទី ១ នឹងមិនរលូតកូនទេ។

អាការផ្សេងទៀតនៃការរលូតកូនគឺឈឺពោះផ្នែកខាងក្រោម     និងមានជាលិកាធ្លាក់តាមទ្វារមាស។

ការមានកូនក្រៅស្បូន៖ ក្នុងការមានកូនក្រៅស្បូន    អំប្រ៊ីយ៉ុងកាត់សម្បុកនៅក្រៅស្បូន     ដែលជាធម្មតានៅក្នុងដែស្បូន។ ប្រសិនបើអំប្រ៊ីយ៉ុងនៅតែបន្តលូតលាស់    វាអាចបណ្តាលឱ្យដៃស្បូនបែក    ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ម្តាយ។ ទោះបីជាការមានផ្ទៃពោះក្រៅស្បូនមានសក្តានុពលមានគ្រោះថ្នាក់ក៏ដោយ    វាកើតឡើងលើស្រ្តីមានផ្ទៃពោះប្រហែល ២% ប៉ុណ្តោះ។

អាការផ្សេងទៀតនៃការមានកូនក្រៅស្បូនគឺការរមួលសាច់ដុំជុំវិញស្បូន ឬឈឺចាប់ខ្លាំងនៅផ្នែកខាងក្រោមពោះ     និងងងឹតមុខ។

គភ៌ពងទឹក៖ វាគឺជាលក្ខខណ្ឌដ៏កម្រមួយ    ដែលជាលិកាមិនធម្មតាលូតលាស់នៅខាងក្នុងស្បូនជំនួសឱ្យទារក។ ក្នុងករណីដ៏កម្រ    ជាលិកាគឺជាមហារីក     ហើយអាចរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។

អាការផ្សេងទៀតនៃការមានគភ៌ពងទឹកគឺការចង់ក្អួត   និងក្អួតធ្ងន់ធ្ងរ    និងការរីកធំយ៉ាងឆាប់រហ័សនៃស្បូន។

មូលហេតុបន្ថែមទៀតនៃការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះនៅត្រីមាសទី ១ រួមមាន៖

  • ការប្រែប្រួលមាត់ស្បូន៖ ក្នុងអំឡុងពេលមានផ្ទៃពោះ    មានឈាមបន្ថែមហូរទៅមាត់ស្បូន។ ការរួមភេទ    ឬការធ្វើតេស្ត Pap     ដែលបណ្តាលឱ្យមានទំនាក់ទំនងជាមួយមាត់ស្បូនអាចបណ្តាលឱ្យមានការធ្លាក់ឈាម។ ការធ្លាក់ឈាមប្រភេទនេះមិនបណ្តាលឱ្យមានការព្រួយបារម្ភទេ។
  • ការ​ឆ្លង​មេរោគ៖ ការឆ្លងមេរោគណាមួយនៃមាត់ស្បូន    ទ្វារមាស    ឬការឆ្លងជំងឺកាមរោគ ( ដូចជារោគខ្លាមីឌៀ    រោគប្រមេះ     ឬរើម ) អាចបណ្តាលឱ្យមានការធ្លាក់ឈាមក្នុងត្រីមាសទី ១។

ការធ្លាក់ឈាមក្នុងត្រីមាសទី ២     និងទី ៣

ការធ្លាក់ឈាមមិនធម្មតាក្នុងពេលមានផ្ទៃពោះនៅត្រីមាសទី ២ និង​ ទី ៣ អាចមានលក្ខណៈធ្ងន់ធ្ងរ ព្រោះវាអាចជាសញ្ញាមួយដែលមានបញ្ហាជាមួយម្តាយ    ឬទារក។ សូមទាក់ទងទៅវេជ្ជបណ្ឌិតឱ្យបានឆាប់បំផុត    ប្រសិនបើអ្នកមានការធ្លាក់ឈាមក្នុងត្រីមាសទី ២     ឬទី ៣ ។

មូលហេតុដែលអាចបណ្តាលឱ្យមានការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះនៅត្រីមាសទី ២ និង​ ទី ៣ រួមមាន៖

សុកបាំងមាត់ស្បូន៖ លក្ខខណ្ឌនេះកើតឡើង    នៅពេលសុកស្ថិតនៅទាបក្នុងស្បូន    និង បាំងផ្នែកខ្លះនៃមាត់ស្បូន    ឬទាំងស្រុង។ សុកបាំងមាត់ស្បូនគឺកម្រកើតមានណាស់នៅចុងត្រីមាសទី ៣     ដែលមានតែស្ត្រីម្នាក់គត់ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ២០០ នាក់មានវា។ សុកបាំងមាត់ស្បូនដែលហូរឈាម    ដែលអាចគ្មានការឈឺចាប់គឺជាការសង្គ្រោះបន្ទាន់ដែលត្រូវការការព្យាបាលជាបន្ទាន់។

សុកផ្តាច់ចេញពីជញ្ជាំងស្បូន៖ ប្រមាណជា ១% នៃការមានផ្ទៃពោះ    សុកបានផ្តាច់ចេញពីជញ្ជាំងស្បូនមុនពេល    ឬអំឡុងពេលឈឺពោះសម្រាល    និងមានថ្លុកឈាមនៅចន្លោះសុក    និងស្បូន។ សុកផ្តាច់ចេញពីជញ្ជាំងស្បូនអាចមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះម្តាយ    និងទារក។

សញ្ញា     និងអាការផ្សេងទៀតនៃសុកផ្តាច់ចេញពីជញ្ជាំងស្បូនមាន៖ ការឈឺពោះ    ការធ្លាក់ដុំឈាមពីទ្វារមាស     ឈឺស្បូន    និងឈឺចង្កេះ។

ការរហែកស្បូន៖ ក្នុងករណីដ៏កម្រ    ស្នាមថ្នេរពីការសម្រាលដោយវះកាត់ពីមុនអាចរហែកក្នុងពេលមានផ្ទៃពោះ។ ការដាច់រហែកស្បូនអាចគ្រោះថ្នាក់ដល់អាយុជីវិត    ហើយទាមទារឱ្យមានការវះកាត់ផ្នែកសង្គ្រោះបន្ទាន់។

អាការផ្សេងទៀតនៃការដាច់រហែកស្បូនមានដូចជា      ការឈឺចាប់នៅក្នុងពោះ។

សរសៃឈាមបាំងមាត់ស្បូន៖ ក្នុងលក្ខខណ្ឌដ៏កម្រនេះ    សរសៃឈាមក្នុងទងផ្ចិត    ឬសុករបស់ទារកឆ្លងកាត់មាត់ស្បូនចូលប្រឡាយកំណើត។ សរសៃឈាមបាំងមាត់ស្បូនអាចបង្កគ្រោះថ្នាក់ដល់ទារកខ្លាំងណាស់    ព្រោះសរសៃឈាមអាចរហែក    ដែលបណ្តាលឱ្យទារកហូរឈាមយ៉ាងធ្ងន់ធ្ងរ    និងបាត់បង់អុកស៊ីសែន។

សញ្ញាផ្សេងទៀតសរសៃឈាមទារកបាំងមាត់ស្បូនរួមមាន៖ ចង្វាក់បេះដូងរបស់ទារកមិនធម្មតា    និងការធ្លាក់ឈាមច្រើនពេក។

ការឈឺពោះសម្រាលមិនគ្រប់ខែ៖ ការធ្លាក់ឈាមតាមទ្វារមាសក្នុងនៅត្រីមាសទី ២ ឬទី ៣ អាចគ្រាន់តែជាសញ្ញាមួយ               ដែលបង្ហាញថារាងកាយរបស់អ្នកកំពុងត្រៀមសម្រាល។ ពីរបីថ្ងៃ    ឬប៉ុន្មានសប្តាហ៍មុនពេលការឈឺពោះសម្រាលចាប់ផ្តើម    ឆ្នុកទឹករំអិលដែលបិទមាត់ស្បូននឹងធ្លាក់ចេញពីទ្វារមាស     ហើយជាធម្មតាវានឹងមានឈាមក្នុងបរិមាណតិចតួច។ ប្រសិនបើការធ្លាក់ឈាម     និងអាការនៃការឈឺពោះសម្រាលចាប់ផ្តើមមុនសប្តាហ៍ទី ៣៧ នៃការមានផ្ទៃពោះ    សូមទាក់ទងវេជ្ជបណ្ឌិតភ្លាម    ព្រោះអ្នកអាចនឹងឈឺពោះសម្រាលមិនគ្រប់ខែ។

អាការផ្សេងទៀតនៃការឈឺពោះសម្រាលមិនគ្រប់ខែរួមមាន៖ ការកន្ត្រាក់ស្បូន    ការធ្លាក់ទឹករំអិលពីទ្វារមាស      សម្ពាធលើពោះ     និងឈឺខ្នងនៅផ្នែកខាងក្រោម។

មូលហេតុបន្ថែមទៀតនៃការធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះនៅត្រីមាសទី ២ ឬទី ៣មាន៖

  • ការរបួសមាត់ស្បូន    ឬទ្វារមាស
  • សាច់ដុះក្នុងទ្វារមាស
  • មហារីក

អ្វីដែលត្រូវធ្វើ    ប្រសិនបើអ្នកមានការធ្លាក់ឈាមមិនធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ

ដោយសារតែការធ្លាក់ឈាមតាមទ្វារមាសក្នុងត្រីមាសណាក៏អាចជាសញ្ញានៃបញ្ហា     សូមទាក់ទងទៅគ្រូពេទ្យ។ សូមប្រើសំឡីអនាម័យ     ដូច្នេះអ្នកអាចតាមដានពីបរិមាណនៃឈាមដែលអ្នកបានធ្លាក់     ហើយកត់ត្រាពីប្រភេទឈាម ( ឧទាហរណ៍៖   ពណ៌ផ្កាឈូកពណ៌ត្នោត     ឬក្រហម     រលោង     ឬពោរពេញទៅដោយកំណកឈាម ) ។ សូមនាំយកជាលិកាទាំងឡាយណាដែលធ្លាក់ពីទ្វារមាសរបស់អ្នកទៅកាន់គ្រូពេទ្យ      ដើម្បីធ្វើតេស្ត។ សូមកុំប្រើសំឡីអនាម័យដុំ    ឬរួមភេទ     នៅពេលអ្នកកំពុងធ្លាក់ឈាម។

អ្នកគួរតែរំពឹងថានឹងទទួលបានការឆ្លុះអេកូ     ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់ឈាមរបស់អ្នក។ ការឆ្លុះអេកូទ្វារមាស     និងពោះត្រូវបានធ្វើរួមគ្នាដែលជាផ្នែកមួយនៃការវាយតម្លៃពេញលេញ។

សូមទៅកាន់បន្ទប់សង្គ្រោះបន្ទាន់     ឬទាក់ទងទៅលេខ ៩១១ (១១៩   នៅប្រទេសកម្ពុជា) ភ្លាម   ប្រសិនបើអ្នកមានអាការណាមួយដូចខាងក្រោម     ដែលអាចជាសញ្ញានៃការរលូតកូន     ឬបញ្ហាធ្ងន់ធ្ងរផ្សេងទៀត៖

  • ឈឺចាប់ខ្លាំង    ឬរមួលសាច់ដុំជុំវិញស្បូននៅពោះផ្នែកខាងក្រោម
  • មានការធ្លាក់ឈាមធ្ងន់ធ្ងរ    ទោះបីមាន    ឬគ្មានការឈឺចាប់ក៏ដោយ
  • ការធ្លាក់ទឹករំអិលចេញពីទ្វារមាសដែលមានជាលិកា
  • វិលមុខ    ឬដួលសន្លប់
  • គ្រុនក្តៅលើសពី ៣៨ អង្សារ      និង /ឬញាក់




អត្ថបទពិសេស
Coming Soon!

June 08, 2021

មូលហេតុដែលធ្វើឱ្យក្រចកផុយ និងរបៀបថែរក្សា

May 31, 2021

មូលហេតុប្រេះក្រចក និងវិធីព្យាបាល

May 29, 2021

វិធីការពារ និងព្យាបាលបញ្ហាក្រចក

May 28, 2021

បណ្ដាញ​សង្គម