លក្ខខណ្ឌទូទៅ

តើខ្ញុំអាចការពារត្រចៀកអ្នកហែលទឹកយ៉ាងដូចម្តេច?

  • Soeu Sreang
  • March 10, 2021
  • 46

ប្រសិនបើអ្នកគិតម្តងហើយម្តងទៀត    អំពីការលោតចូលអាងហែលទឹក    ពីព្រោះអ្នកព្រួយបារម្ភអំពីការកើតត្រចៀកអ្នកហែលទឹក   សូមទុកចិត្តចុះ។ ករណីភាគច្រើននៃការឆ្លងមេរោគឈឺចាប់អាចត្រូវបានការពារ    ប្រសិនបើអ្នកធ្វើតាមជំហានងាយៗ    ដើម្បីការពារត្រចៀករបស់អ្នក។

នៅពេលដែលទឹកជាប់ក្នុងរន្ធត្រចៀករបស់អ្នកបន្ទាប់ពីហែលទឹក    វាក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់បាក់តេរីលូតលាស់។ ដើម្បីការពារខ្លួនអ្នកមុនពេល         និងក្រោយពេលហែលទឹក     ឬចូលស្ប៉ា     ឬងូតទឹក     សូមថែរក្សាត្រចៀកអ្នកឱ្យស្ងួត។

ការណែនាំបង្ការមុនពេលហែលទឹក

សូមពាក់កាសការពារត្រចៀក។ ប្រសិនបើអ្នកអាចការពារមិនឱ្យទឹកចូលរន្ធត្រចៀក    អ្នកទំនងជាមិនសូវមានបញ្ហាទេ។ សូមជ្រើសរើសកាសការពារត្រចៀក    ដែលត្រូវបានរចនាឡើងសម្រាប់ហែលទឹក។ មួកងូតទឹកដែលគ្របត្រចៀករបស់អ្នកក៏អាចជួយបានដែរ។

សូមកុំហែលក្នុងបឹង    ស្រះ     ឬទន្លេដែលមានបាក់តេរីច្រើន។ សូមពិនិត្យមើលសញ្ញាដែលបានប្រកាសអំពីកម្រិតនៃបាក់តេរី    និងថាតើវាមានសុវត្ថិភាពក្នុងការហែលដែរឬទេ។ កម្រិតបាក់តេរីខ្ពស់នៅក្នុងទឹកអាចមានន័យថា    មានបាក់តេរីច្រើននៅក្នុងត្រចៀកអ្នក។

ត្រូវប្រាកដថាអាងទឹក    និងកន្លែងស្ប៉ាស្អាត។ ទឹកកខ្វក់ងាយនឹងមានបាក់តេរី។ ប្រសិនបើអ្នកមិនដឹងថាអាងហែលទឹក    ឬកន្លែងស្ប៉ាស្អាតឬទេ     សូមកុំចូល។

ការណែនាំបង្ការបន្ទាប់ពីហែលទឹក

រលាស់   ឬបង្ហូរទឹកចេញពីត្រចៀករបស់អ្នក។ គ្រាន់តែផ្អៀងក្បាលរបស់អ្នក    ហើយទុកឱ្យទំនាញផែនដីធ្វើការងាររបស់វា។ ការទាញទងត្រចៀករបស់អ្នកនៅជ្រុងផ្សេងគ្នាក៏អាចជួយបានដែរ។

ជូតត្រចៀករបស់អ្នកឱ្យស្ងួត។ សូមប្រើកន្សែងស្អាតជូតត្រចៀកខាងក្រៅរបស់អ្នកថ្នមៗ។ អ្នកក៏អាចប្រើម៉ាស៊ីនសម្ងួតសក់បានដែរ។ គ្រាន់តែត្រូវប្រាកដថា    អ្នកកម្រិតកម្តៅវាឱ្យនៅទាប    ហើយដាក់វាឆ្ងាយពីត្រចៀករបស់អ្នកប្រហែល ១២ អ៊ីញ ។

ប្រើថ្នាំបន្តក់ត្រចៀក។ អ្នកអាចទិញថ្នាំបន្តក់ត្រចៀក    ដែលគ្មានវេជ្ជបញ្ជាដែលអាចសម្ងួតទឹកដែលនៅសល់។ អ្នកក៏អាចធ្វើថ្នាំបន្តក់ត្រចៀកនៅផ្ទះបានដែរ។ អ្នកគ្រាន់តែលាយទឹកខ្មេះពណ៌សកន្លះស្លាបព្រាកាហ្វេ     និងអាល់កុលសម្រាប់ជូតកន្លះស្លាបព្រាកាហ្វេហើយប្រើវាបន្តក់ចូលត្រចៀករបស់អ្នក។ បន្ទាប់មកទុកឱ្យវាបង្ហូរចេញ។ សូមកុំបន្តក់ថ្នាំត្រចៀក     ប្រសិនបើអ្នកធ្លាប់ឈឺត្រចៀក     វះកាត់ត្រចៀក     ឬបែកក្រដាសត្រចៀក។

ការពារត្រចៀករបស់អ្នក

ថ្វីបើឈ្មោះក៏ដោយ   ត្រចៀកអ្នកហែលទឹកមិនតែងតែបណ្តាលមកពីការហែលទឹកទេ។ ពេលខ្លះអ្នកអាចកើតវា   បន្ទាប់ពីការអេះ    ឬរលាត់ផ្នែកខាងក្នុងនៃរន្ធត្រចៀករបស់អ្នក    ដែលអាចធ្វើឱ្យខូចស្បែក    និងធ្វើឱ្យមេរោគចូលបាន។

កុំដាក់អីចូលក្នុងត្រចៀកអ្នក! អ្នកប្រហែលជាធ្លាប់ឮហើយ    ប៉ុន្តែសូមកុំដាក់សំឡីត្បាល់ត្រចៀក   ដង្គៀបសក់    គម្របប៊ិច    ខ្មៅដៃ    ម្រាមដៃ     ក្រដាសជូតមាត់    ឬរបស់ផ្សេងទៀតចូលក្នុងរន្ធត្រចៀករបស់អ្នក។ វាមិនត្រឹមតែធ្វើឱ្យខូចស្បែករបស់អ្នកប៉ុណ្ណោះទេប៉ុន្តែបំណែកនៃសំឡី    ឬក្រដាសជូតមាត់អាចជាប់    និងដាច់នៅក្នុងត្រចៀករបស់អ្នកដែលបង្កើនឱកាសនៃការឆ្លងមេរោគ។

កុំរវល់នឹងអាចម៍ត្រចៀក។ អាចម៍ត្រចៀកដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារត្រចៀករបស់អ្នក។ ដូច្នេះនៅពេលដែលអ្នកព្យាយាមយកវាចេញ    អ្នកបង្កើនឱកាសក្នុងការកើតត្រចៀកអ្នកហែលទឹក។ លើសពីនេះទៅទៀត    អ្នកក៏ប្រហែលជាកំពុងរុញអាចម៍ត្រចៀកឱ្យចូលកាន់តែជ្រៅក្នុងត្រចៀករបស់អ្នកដែរ។ ប្រសិនបើអ្នកគិតថា   អ្នកពិតជាមានអាចម៍ត្រចៀកច្រើន    សូមពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីសុវត្ថិភាពក្នុងការព្យាបាលបញ្ហា។

ដោះកាសត្រចៀករបស់អ្នកចេញ។ កាសត្រចៀក - ជាពិសេសកាសត្រចៀកដែលអ្នកដាក់ក្នុងរន្ធត្រចៀកដូចជា៖ កាសដាក់ក្នុងត្រចៀក   ពេលខ្លះអាចធ្វើឱ្យរលាតស្បែកដែលនាំឱ្យមានការឆ្លងមេរោគ។

សូមថែរក្សាឧបករណ៍ជំនួយស្តាប់ឱ្យស្អាត។ ដូចគ្នានឹងកាសដាក់ក្នុងត្រចៀកដែរ    ឧបករណ៍ជំនួយការស្តាប់អាចត្រដុសនឹងរន្ធត្រចៀក    និងនាំឱ្យកើតត្រចៀកអ្នកហែលទឹក។ ដើម្បីបន្ថយហានិភ័យ    ត្រូវប្រាកដថាយកឧបករណ៍ជំនួយការស្តាប់របស់អ្នកចេញរាល់យប់    ដើម្បីសម្អាតឱ្យបានទៀងទាត់។

សូមយកសំឡីញ៉ុកត្រចៀក មុនពេលប្រើថ្នាំបាញ់សក់ថ្នាំ    ថ្នាំលាបសក់    ឬផលិតផលផ្សេងទៀត។ មនុស្សមួយចំនួនកើតត្រចៀកអ្នកហែលទឹក    ដោយសារសារធាតុគីមីនៅក្នុងគ្រឿងសំអាងដែលធ្វើឱ្យស្បែកក្រហាយរមាស់។

សូមពិគ្រោះជាមួយគ្រូពេទ្យ    ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម    ឬបញ្ហាប្រព័ន្ធភាពស៊ាំ ( ដូចជាអេដស៍វីរុស HIV ) ។ អ្នកប្រហែលជាមានឱកាសកាន់តែច្រើនក្នុងការកើតត្រចៀកអ្នកហែលទឹក    និងផលវិបាកធ្ងន់ធ្ងរ។ សូមសួរគ្រូពេទ្យ    ប្រសិនបើអ្នកត្រូវការចាត់វិធានការបន្ថែម    ដើម្បីបន្ថយហានិភ័យ    ហើយសូមទាក់ទងទៅគ្រូពេទ្យភ្លាមប្រសិនបើអ្នកឈឺត្រចៀក។

អត្ថបទពិសេស
ថ្នាំបំប៉នសម្រាប់សុខភាពស្បែក

April 22, 2021

ផលិតផលថែរក្សាស្បែកដែលមិនមានប្រសិទ្ធភាព

April 21, 2021

វិធីងាយៗដើម្បីកាត់បន្ថយស្នាមជ្រួញ

April 20, 2021

ការថែរក្សាស្បែកក៏សម្រាប់បុរសផងដែរ

April 19, 2021

បណ្ដាញ​សង្គម