លក្ខខណ្ឌទូទៅ

មូលហេតុប្រេះក្រចក និងវិធីព្យាបាល

  • Soeu Sreang
  • May 29, 2021
  • 44

តើក្រចកប្រេះគឺជាអ្វី?   

ក្រចកដែលមានសុខភាពល្អគឺរលោង    គ្មានស្នាមអុជ   ឬមិនប្រែពណ៌។ ពួកវាមិនក្រហូង    ទេ    ទោះបីជាពួកវាមានឆ្នូតបញ្ឈរក៏ដោយ។ ពេលខ្លះក្រចកដែលប្រេះ    បែក    ឬផុយ អាចជាសញ្ញានៃបញ្ហាសុខភាព។   

សូមស្វែងយល់ពីមូលហេតុដែលបណ្តាលឱ្យក្រចកប្រេះ    និងស្វែងយល់ពីវិធានការដែលត្រូវធ្វើដើម្បីដោះស្រាយបញ្ហា។   

មូលហេតុក្រចកប្រេះ    និងការព្យាបាល   

ភាពចាស់   

មូលហេតុទូទៅបំផុតសម្រាប់ការប្រេះក្រចកគឺជាកត្តាដែលកើតឡើងចំពោះមនុស្សគ្រប់គ្នា៖ ភាពចាស់។ នៅពេលអ្នកចាស់   ក្រចករបស់អ្នកប្រែជាកាន់តែស្តើង    ហើយងាយនឹងប្រេះ។ វាច្រើនកើតលើស្ត្រីដែលមានអាយុលើសពី ៦០ ឆ្នាំ    តែក៏អាចប៉ះពាល់ដល់បុរសដែរ។

ប្រសិនបើក្រចកប្រេះរបស់អ្នកទាក់ទងនឹងភាពចាស់    អ្នកអាចឃើញមានការរបក    និងស្នាមឆ្នូតលើក្រចក។

ទោះបីជាអ្នកមិនអាចបង្វែរពេលវេលាបានក៏ដោយ    អ្នកអាចថែទាំក្រចករបស់អ្នកឱ្យប្រសើរជាងមុនបាន។ មុនពេលចូលគេង    សូមលាបគ្រីមដែលមានសារធាតុអ៊ុយរេ    ឬប្រេងរ៉ែនៅលើក្រចក    និងសាច់គែមក្រចក    បន្ទាប់មកសូមពាក់ស្រោមដៃកប្បាស។ នៅពេលថ្ងៃ   សូមលាបឡេបន្ទាប់ពីលាងដៃ    ឬងូតទឹករួច។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេ    គ្រូពេទ្យរោគសើស្បែកអាចចេញវេជ្ជបញ្ជាឱ្យមានការព្យាបាលកាន់តែខ្លាំង។

ផលិតផលក្រចកដែលអាក្រក់

ថ្នាំលាបក្រចក    និងទឹកលាងក្រចកអាចមានផ្ទុកសារធាតុគីមីកម្រិតខ្លាំង។ ប្រសិនបើអ្នកប្រើពួកវាច្រើន     ពួកវាអាចធ្វើឱ្យក្រចករបស់អ្នកខ្សោយ    និងស្ងួត    ដែលធ្វើឱ្យក្រចកងាយនឹងប្រេះ។ កាវ    និងថ្នាំពណ៌នៅក្នុងក្រចកអាគ្រីលិកក៏អាចបង្កឱ្យមានប្រតិកម្មផងដែរ។

ប្រសិនបើផលិតផលក្រចកគឺជាមូលហេតុដែលធ្វើឱ្យក្រចករបស់អ្នកប្រេះ    អ្នកក៏អាចមាន៖

  • ការផ្លាស់ប្តូរពណ៌ក្រចកដូចជា   ក្រចកពណ៌លឿង
  • ក្រចករិល

សូមជៀសវាងផលិតផលក្រចកដែលមានផ្ទុកសារធាតុគីមីអាក្រក់ពីរប្រភេទ៖ toluene និង ហ្វកមល។ បាយអូទីន  ដែលជាថ្នាំបំប៉នវីតាមីន B អាចជួយព្យាបាលក្រចកអ្នកបាន។ ប៉ុន្តែអ្នកមិនគួរលេបវាទេ   ប្រសិនបើអ្នកមានផ្ទៃពោះ។ ប្រសិនបើក្រចករបស់អ្នកនៅតែប្រេះបន្ទាប់ពី ៦ ខែ    សូមទៅជួបគ្រូពេទ្យ។

ដៃសើម

ប្រសិនបើអ្នកចំណាយពេលច្រើនដោយប្រើដៃរបស់អ្នកប៉ះទឹកដូចជា ការលាងចាន   នោះក្រចកដៃអាចចាប់ផ្តើមបែក។

ប្រសិនបើនេះជាមូលហេតុនៃក្រចកប្រេះរបស់អ្នក    អ្នកក៏អាចមាន៖

  • ក្រចកដៃទន់ខ្លាំង
  • ការប្រេះដែលធ្ងន់ធ្ងរនៅក្នុងខែរងារ
  • ក្រចកជើងដែលមើលទៅធម្មតាដែលមិនប្រេះ

ឡេដែលមានសារធាតុ lanolin  ឬអាស៊ីដអាល់ហ្វាអ៊ីដ្រុកស៊ីអាចជួយធ្វើឱ្យក្រចករបស់អ្នករលោង។ អ្នកខ្លះលាបទឹករលោងដើម្បីការពារក្រចកប្រេះ។ ដើម្បីបងា្ករក្រចកុំឱ្យប្រេះបន្តទៀត   សូមពាក់ស្រោមដៃជ័រដែលទ្រាប់កប្បាស   នៅពេលដែលដៃរបស់អ្នកត្រូវទឹក។ សូមរូសក្រចកដែលទាក់    ឬក្រចកដែលមានគែមមិនស្មើគ្នាដោយថ្នមៗ   ដូច្នេះពួកវាមិនបណ្តាលឱ្យប្រេះថែមទៀត។

ជំងឺរលាកស្បែករុំារ៉ៃ (Psoriasis)

រាងកាយរបស់អ្នកច្រើនតែចំណាយពេលច្រើនសប្តាហ៍ដើម្បីបង្កើតកោសិកាស្បែក។ ប្រសិនបើរាងកាយរបស់អ្នកបង្កើតកោសិកាស្បែកក្នុងរយៈពេលតែពីរបីថ្ងៃ    អ្នកមានជំងឺសើស្បែកហៅថាជំងឺរលាកស្បែករុំារ៉ៃ។ វាអាចប៉ះពាល់ដល់ក្រចកដៃ    និងម្រាមជើងរបស់អ្នកផងដែរ។

ជំងឺរលាកស្បែករុំារ៉ៃក៏អាចបណ្តាលឱ្យ៖

  • មានក្រហូងតូចៗនៅលើសាច់ក្រោមក្រចករបស់អ្នក
  • ក្រចកពណ៌ ស    ពណ៌លឿង    ឬពណ៌ត្នោត
  • ក្រចករលុង
  • ក្រចករីកធំ
  • សាច់ក្រោមក្រចកឡើងពណ៌ក្រហម

អ្នកអាចមានជំងឺរលាកស្បែករុំារ៉ៃនៅលើក្រចករបស់អ្នក   ឬអ្នកអាចមានការរបកស្បែកពណ៌ក្រហមនៅកន្លែងផ្សេងទៀតនៅលើដងខ្លួន។ ទោះអ្នកមានលក្ខខណ្ឌណាក៏ដោយ សូមទៅជួបគ្រូពេទ្យជំនាញរោគសើស្បែក    ដែលអាចណែនាំឱសថដែលជួយអាការរបស់អ្នក។

រោគខ្វះគ្រាប់ឈាមក្រហម

រាងកាយរបស់អ្នកត្រូវការជាតិដែក    ដើម្បីផលិតកោសិកាឈាមក្រហមដែលមានសុខភាពល្អ    ដែលអាចដឹកនាំអុកស៊ីសែនទៅគ្រប់ជាលិការបស់អ្នក។ ប្រសិនបើអ្នកមិនមានជាតិដែកគ្រប់គ្រាន់ទេ    អ្នកមានលក្ខខណ្ឌហៅថារោគខ្វះគ្រាប់ឈាមក្រហម។ ក្រចកប្រេះអាចជាអាការមួយក្នុងចំណោមអាការទាំងអស់។

ការមានផ្ទៃពោះ    លក្ខខណ្ឌជាក់លាក់ដូចជា   ដំបៅ    និងមហារីកក៏អាចបង្កើនឱកាសនៃការកើតរោគខ្វះគ្រាប់ឈាមក្រហមបានដែរ។

អាការផ្សេងទៀតនៃកង្វះជាតិដែកគឺ៖

  • ល្ហិតល្ហៃ
  • ដង្ហើមខ្លី
  • ស្បែកស្លេក
  • ត្រជាក់ដៃ    និងត្រជាក់ជើង
  • ឈឺ     និងហើមអណ្តាត
  • ប្រេះមាត់

ប្រសិនបើអ្នកគិតថាអ្នកមានរោគខ្វះគ្រាប់ឈាមក្រហម  សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកឱ្យឃើញនូវដើមហេតុ។ អ្នកប្រហែលជាត្រូវលេបថ្នាំបំប៉នជាតិដែកជារៀងរាល់ថ្ងៃ។ ប្រសិនបើករណីរបស់អ្នកធ្ងន់ធ្ងរ    អ្នកអាចធ្វើការបញ្ចូលឈាម    ឬព្យាបាលដោយចាក់បញ្ជូលថ្នាំតាមសរសៃវ៉ែន 

ជំងឺក្រពេញទីរ៉ូអ៊ីត

ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញមួយនៅ ក របស់អ្នក។ វាផលិតអ័រម៉ូនដែលគ្រប់គ្រងរឿងជាច្រើនដែលរាងកាយរបស់អ្នកធ្វើដូចជា៖ ការដកដង្ហើម    និងចង្វាក់បេះដូង។ ប្រសិនបើក្រពេញទីរ៉ូអ៊ីតមិនផលិតអ័រម៉ូនគ្រប់គ្រាន់ទេ    អ្នកមានជំងឺក្រពេញទីរ៉ូអ៊ីតអសកម្ម។

ប្រសិនបើកង្វះអ័រម៉ូនទីរ៉ូអ៊ីតគឺជាមូលហេតុ   ដែលធ្វើឱ្យក្រចករបស់អ្នកប្រេះ   អ្នកក៏អាចសម្គាល់ឃើញផងដែរ៖

  • ក្រចកផុយដែលបែក
  • ហើមជើងផ្នែកខាងក្រោម
  • ហើមជុំវិញភ្នែក
  • រមាស់ស្បែក
  • សក់ស្តើង    ឬទំពែក
  • ស្បែកពណ៌លឿងទឹកក្រូចនៅលើបាតដៃ    ឬបាតជើងរបស់អ្នក
  • ហើមមុខ

ប្រសិនបើអ្នកមានអាការណាមួយក្នុងចំណោមអាការខាងលើ    សូមពិគ្រោះជាមួយគ្រូពេទ្យ។ ការធ្វើតេស្តឈាមសាមញ្ញអាចពិនិត្យពីដំណើរការរបស់ក្រពេញទីរ៉ូអ៊ីតបាន។ អ្នកប្រហែលជាត្រូវលេបថ្នាំរាល់ថ្ងៃ       ដើម្បីផ្តល់ឱ្យរាងកាយអ្នកនូវអ័រម៉ូនដែលក្រពេញទីរ៉ូអ៊ីតមិនអាចផលិតបាន។

ការឆ្លងមេរោគផ្សិត

មេរោគផ្សិតអាចចូលក្នុងក្រចករបស់អ្នក   និងបង្កឱ្យមានការឆ្លងមេរោគដែលធ្វើឱ្យក្រចករបស់អ្នកងាយប្រេះ       ឬបែក។ ជាទូទៅវាកើតនៅលើក្រចកជើងជាជាងក្រចកដៃ។ អ្នកអាចឮគ្រូពេទ្យហៅវាថាក្រចកស្អុយព្រោះឆ្លងមេរោគផ្សិត 

ការឆ្លងមេរោគផ្សិតក៏អាចបណ្តាលឱ្យ៖

  • ក្រចកមានពណ៌លឿង    ពណ៌ត្នោត    ឬពណ៌ស
  • ក្រចកក្រាស់
  • ក្រចកដែលដាច់ចេញពីសាច់

ការឆ្លងមេរោគផ្សិតអាចពិបាកព្យាបាលណាស់។ គ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ជាថ្នាំប្រឆាំងមេរោគផ្សិតឱ្យអ្នក។ ក្នុងករណីធ្ងន់ធ្ងរ       គ្រូពេទ្យប្រហែលជាត្រូវការកាត់ក្រចកចេញ។

កង្វះបាយអូទីន (Biotin)

វាកម្រណាស់  ប៉ុន្តែអ្នកអាចមានក្រចកប្រះ    ពីព្រោះអ្នកមិនបានទទួលបាយអូទីនគ្រប់គ្រាន់ពីរបបអាហាររបស់អ្នក។

សញ្ញាផ្សេងទៀតនៃកង្វះបាយអូទីនមានដូចជា៖

  • សក់ស្តើង    ឬជ្រុះ
  • កន្ទួលក្រហមនៅជុំវិញភ្នែក    ច្រមុះ    ឬមាត់របស់អ្នក
  • ជំងឺភ្នែកក្រហម
  • ជំងឺធ្លាក់ទឹកចិត្ត
  • ខ្វះថាមពល

ថ្នាំបំប៉នបាយអូទីនអាចជួយបាន។ អ្នកក៏អាចសាកល្បងញ៉ាំសាច់   ស៊ុត    ត្រី    គ្រាប់ពូជ   គ្រាប់ផ្លែឈើ    និងបន្លែជាច្រើនទៀតដូចជា     ដំឡូងជ្វា។

ការ ការពារក្រចកប្រេះ

ការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនអាចជួយពង្រឹងក្រចករបស់អ្នក៖

  • រក្សាក្រចកឱ្យស្អាត    និងស្ងួតតាមដែលអាចធ្វើទៅបាន។
  • កាត់ក្រចករបស់អ្នកជាមួយកន្ត្រៃ    ឬកន្ត្រៃកាត់ក្រចកដែលមុត។ រួចរូសចុងក្រចករៀងមូលបន្តិច។
  • ប្រើប្រេង    ឬឡេលាបក្រចកជាប្រចាំ។
  • សូមសាកល្បងត្រាំដៃជាមួយក្រមួនប៉ារ៉ាហ្វីននៅហាងធ្វើក្រចក ឬនៅផ្ទះដើម្បីផ្តល់សំណើមដល់ដៃរបស់អ្នក។
  • សូមជៀសវាងការធ្វើក្រចកដែលជាទូទៅមានការប្រើថ្នាំលាបក្រចក    ឬទឹកលាងក្រចក។
  • សូមកុំយកក្រចករបស់អ្នកធ្វើជាឧបករណ៍ផ្សេងៗដូចជា៖ យកក្រចកបើកកំប៉ុងទឹកក្រូច។
  • សូមពាក់ស្រោមដៃពេលលាងចាន    និងធ្វើកិច្ចការផ្ទះផ្សេងទៀត។

អត្ថបទពិសេស
Coming Soon!

June 08, 2021

មូលហេតុដែលធ្វើឱ្យក្រចកផុយ និងរបៀបថែរក្សា

May 31, 2021

វិធីការពារ និងព្យាបាលបញ្ហាក្រចក

May 28, 2021

អ្វីដែលក្រចកប្រាប់ពីសុខភាពរបស់អ្នក

May 27, 2021

បណ្ដាញ​សង្គម