មានផ្ទៃពោះ
ជំងឺបម្រុងក្រឡាភ្លើង

តើអ្វីទៅជាជំងឺបម្រុងក្រឡាភ្លើង?
ជំងឺបម្រុងក្រឡាភ្លើងគឺនៅពេលដែលស្ត្រីមានផ្ទៃពោះមានសម្ពាធឈាមខ្ពស់ មានប្រូតេអ៊ីននៅក្នុងទឹកនោម និងហើមជើង ហើមប្រអប់ជើង និងហើមប្រអប់ដៃ។ វាមានពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ធ្ងរ។
ជាធម្មតា វាកើតឡើងក្នុងពេលមានផ្ទៃពោះនៅត្រីមាសចុងក្រោយ ទោះបីជាវាអាចកើតឡើងមុនពេលសម្រាល ឬក្រោយពេលសម្រាលក៏ដោយ។
ជំងឺបម្រុងក្រឡាភ្លើងអាចបណ្តាលឱ្យមានជំងឺក្រឡាភ្លើង ដែលជាលក្ខខណ្ឌធ្ងន់ធ្ងរដែលអាចមានហានិភ័យដល់សុខភាពម្តាយ និងទារក។ ក្នុងករណីកម្រ វាបណ្តាលឱ្យស្លាប់។ ស្ត្រីដែលមានជំងឺបម្រុងក្រឡាភ្លើង ដែលមានការប្រកាច់កើតជំងឺក្រឡាភ្លើង។
វិធីព្យាបាលតែមួយគត់សម្រាប់ជំងឺបម្រុងក្រឡាភ្លើងគឺការសម្រាល។
សូម្បីតែក្រោយពេលសម្រាលក៏ដោយ អាការនៃជំងឺបម្រុងក្រឡាភ្លើងអាចមានរយៈពេលពី ១ ទៅ ៦
សប្តាហ៍ ឬយូរជាងនេះ។
អ្នកអាចជួយការពារខ្លួនអ្នកដោយសិក្សាអំពីអាការនៃជំងឺបម្រុងក្រឡាភ្លើង និងដោយទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពពេលមានផ្ទៃពោះជាប្រចាំ។
ការប្រទះឃើញជំងឺបម្រុងក្រឡាភ្លើងឆាប់អាចបន្ថយឱកាសនៃបញ្ហារយៈពេលវែងសម្រាប់ម្តាយ និងទារក។
អាការ និងសញ្ញារបស់ជំងឺបម្រុងក្រឡាភ្លើង
បន្ថែមពីលើការហើម
ប្រូតេអ៊ីននៅក្នុងទឹកនោម និងសម្ពាធឈាមខ្ពស់ អាការនៃជំងឺបម្រុងក្រឡាភ្លើងមាន៖
- ឡើងទម្ងន់លើសពី ១ ឬ ២ ថ្ងៃ ដោយសារការកើនឡើងនៃជាតិទឹកក្នុងខ្លួន
- ឈឺពោះ ជាពិសេសនៅផ្នែកស្តាំខាងលើ
- ឈឺក្បាលខ្លាំង
- ការប្រែប្រួលរេផ្លេច
- បត់ជើងតូចតិច ឬមិនបត់ជើងតូចទាល់តែសោះ
- វិលមុខ
- ក្អួត និងចង់ក្អួតធ្ងន់ធ្ងរ
- ការផ្លាស់ប្តូរចក្ខុវិស័យដូចជា៖
ចាំងភ្នែក មានចំណុចអណ្តែតតូចៗ ឬព្រិលភ្នែក
ស្ត្រីមួយចំនួនដែលមានជំងឺបម្រុងក្រឡាភ្លើងមិនមានអាការអ្វីទេ ដូច្នេះវាចាំបាច់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសម្ពាធឈាមទៀងទាត់ និងធ្វើតេស្តទឹកនោម។
តើអាការបង្ហាញនៅពេលណា?
ជំងឺបម្រុងក្រឡាភ្លើងអាចកើតឡើងនៅដើមសប្តាហ៍ទី
២០ នៃការមានផ្ទៃពោះ ប៉ុន្តែវាកម្រកើតមានណាស់។
ជារឿយៗ អាការចាប់ផ្តើមបន្ទាប់ពីសប្តាហ៍ទី
៣៤
។ ក្នុងករណីមួយចំនួន
អាការកើតឡើងបន្ទាប់ពីការសម្រាល ជាធម្មតាក្នុងរយៈពេល
៤៨
ម៉ោងក្រោយពេលសម្រាល។ ពួកវាមានទំនោរបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែអាចមានរយៈពេលរហូតដល់ ១២សប្តាហ៍បន្ទាប់ពីការសម្រាល។
មូលហេតុជំងឺបម្រុងក្រឡាភ្លើង
អ្នកជំនាញជាច្រើនគិតថាជំងឺបម្រុងក្រឡាភ្លើង និងជំងឺក្រឡាភ្លើងកើតឡើង នៅពេលដែលសុករបស់ស្ត្រីមិនដំណើរការដូចធម្មតា ប៉ុន្តែពួកគេមិនដឹងច្បាស់ពីមូលហេតុទេ។ អ្នកជំនាញមួយចំនួនគិតថាកង្វះអាហាររូបត្ថម្ភ
ឬជាតិខ្លាញ់ក្នុងខ្លួនខ្ពស់អាចជាមូលហេតុ។ កង្វះរំហូរឈាមទៅកាន់ស្បូនក៏អាចជាមូលហេតុដែរ។
ហ្សែនក៏ជាកត្តាមួយដែរ។
ជំងឺលើសសម្ពាធឈាមដទៃទៀតក្នុងពេលមានផ្ទៃពោះ
ជំងឺបម្រុងក្រឡាភ្លើងគឺជាជំងឺលើសសម្ពាធឈាម ១ ក្នុងចំណោមជំងឺលើសសម្ពាធឈាម ចំនួន ៤ លើស្ត្រីមានផ្ទៃពោះ។ ជំងឺលើសសម្ពាធឈាម ៣ ផ្សេងទៀតគឺ៖
- ជំងឺលើសសម្ពាធឈាមក្នុងពេលមានគភ៌៖ វាគឺជាជំងឺលើសសម្ពាធឈាមដែលចាប់ផ្តើមបន្ទាប់ពីសប្តាហ៍ទី
២០ នៃការមានផ្ទៃពោះ ប៉ុន្តែមិនបណ្តាលឱ្យមានបរិមាណប្រូតេអ៊ីនច្រើននៅក្នុងទឹកនោមរបស់ស្ត្រីទេ។
ជាធម្មតាវាបាត់ទៅវិញបន្ទាប់ពីការសម្រាល។
- ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ វាគឺជាជំងឺលើសសម្ពាធឈាមដែលចាប់ផ្តើមមុនពេលស្ត្រីមានផ្ទៃពោះ ឬមុនសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ។
- ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃជាមួយផលវិបាកជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ វាគឺជាជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃដែលកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលគភ៌កាន់តែធំទៅៗ ដែលបណ្តាលឱ្យមានប្រូតេអ៊ីនច្រើននៅក្នុងទឹកនោម និងផលវិបាកផ្សេងទៀត។
កត្តាហានិភ័យនៃជំងឺបម្រុងក្រឡាភ្លើង
កត្តាដែលអាចបង្កើនឱកាសរបស់អ្នកក្នុងការកើតជំងឺបម្រុងក្រឡាភ្លើងមាន៖
- ជាក្មេងជំទង់ ឬស្ត្រីអាយុលើសពី ៤០ ឆ្នាំ
- ក្នុងនាមជាជនជាតិអាមេរិកកាំងអាហ្វ្រិក
- មានផ្ទៃពោះជាលើកដំបូង
- មានកូនដែលឃ្លាតពីគ្នាតិចជាង ២ ឆ្នាំ ឬច្រើនជាង ១០ ឆ្នាំ
- មានផ្ទៃពោះជាមួយដៃគូថ្មីជំនួសឪពុករបស់កូនមុនៗ
- លើសសម្ពាធឈាមមុនពេលមានផ្ទៃពោះ
- មានប្រវត្តិមានជំងឺបម្រុងក្រឡាភ្លើង
- មានម្តាយ
ឬបងប្អូនស្រីដែលធ្លាប់មានជំងឺបម្រុងក្រឡាភ្លើង
- មានប្រវត្តិធាត់
- ពពោះកូនភ្លោះចាប់ពី ២ ឡើងទៅ
- ការបង្កកំណើតក្រៅរាងកាយ
- មានប្រវត្តិមានជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម រោគសើស្បែករុំារ៉ៃ ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
ផលវិបាកជំងឺបម្រុងក្រឡាភ្លើង
ជំងឺបម្រុងក្រឡាភ្លើងអាចរារាំងសុករបស់អ្នកពីការទទួលបានឈាមគ្រប់គ្រាន់ ដែលអាចបណ្តាលឱ្យទារកកើតមកតូច។ វាត្រូវបានគេហៅថាការរឹតត្បិតការលូតលាស់របស់ទារក។
វាក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃការសម្រាលមិនគ្រប់ខែ និងផលវិបាកដែលអាចកើតមានដូចជា៖ ពិការភាពការរៀន ជំងឺឆ្កួតជ្រូក ពិការខួរក្បាល និងបញ្ហាការស្តាប់ និងការមើល។
ជំងឺបម្រុងក្រឡាភ្លើងអាចបង្កឱ្យមានផលវិបាកដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរដែលរួមមាន៖
- ជំងឺដាច់សរសៃឈាមខួរក្បាល
- ប្រកាច់
- មានសារធាតុរាវផ្តុំនៅក្នុងទ្រូងរបស់អ្នក
- ជំងឺខ្សោយបេះដូង
- ភាពពិការភ្នែកដែលអាចជាសះស្បើយឡើងវិញ
- ការហូរឈាមចេញពីថ្លើមរបស់អ្នក
- ការធ្លាក់ឈាម បន្ទាប់ពីអ្នកសម្រាល
នៅពេលដែលជំងឺបម្រុងក្រឡាភ្លើង ឬជំងឺក្រឡាភ្លើងធ្វើឱ្យកោសិកាថ្លើម និងឈាមរបស់អ្នកខូចខាត អ្នកអាចមានផលវិបាកដែលគេហៅថាមូលរោគ
HELLP ដែលតំណាងឱ្យ៖
- ការបែកគ្រាប់ឈាម (Hemolysis) ៖ គឺជាពេលដែលកោសិកាឈាមក្រហម ដែលដឹកនាំអុកស៊ីសែនឆ្លងកាត់ខ្លួនរបស់អ្នកបែក។
- អង់ស៊ីមថ្លើមច្រើន (Elevated liver enzymes) ៖ ការមានកម្រិតខ្ពស់នៃសារធាតុគីមីទាំងនេះនៅក្នុងឈាមមានន័យថាថ្លើមមានបញ្ហា។
- បរិមាណផ្លាកែតទាប (Low platelet counts) ៖ នេះជាពេលដែលអ្នកមិនមានផ្លាកែតគ្រប់គ្រាន់ ដូច្នេះឈាមរបស់អ្នកមិនកកដូចធម្មតាទេ។
មូលរោគ
HELLP
គឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ សូមទូរស័ព្ទទៅ ១១៩
( លេខនៅកម្ពុជា ) ឬទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ប្រសិនបើអ្នកមានអាការដូចជា៖
- ព្រិលភ្នែក
- ឈឺទ្រូង ឬឈឺពោះ
- ឈឺក្បាល
- ល្ហិតល្ហៃ
- ឈឺក្រពះ ឬក្អួត
- ហើមមុខ ឬដៃ
- ឈាមអញ្ចាញធ្មេញ ឬច្រមុះ
ជំងឺបម្រុងក្រឡាភ្លើងក៏អាចបណ្តាលឱ្យសុករបស់អ្នកផ្តាច់ចេញពីស្បូនរបស់អ្នកភ្លាមៗដែលត្រូវបានគេហៅថាការធ្លាក់សុកពីជញ្ជាំងស្បូន។
វាអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃ។
ការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង
អ្នកមានជំងឺបម្រុងក្រឡាភ្លើង ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម និងយ៉ាងហោចណាស់មានសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោម៖
- មានជាតិប្រូតេអ៊ីនច្រើនពេកនៅក្នុងទឹកនោម
- ខ្វះប្លាកែតនៅក្នុងឈាម
- មានសារធាតុគីមីដែលទាក់ទងនឹងតម្រងនោមខ្ពស់ក្នុងឈាម
- មានកម្រិតសារធាតុគីមីដែលទាក់ទងនឹងថ្លើមខ្ពស់នៅក្នុងឈាម
- មានសារធាតុរាវនៅក្នុងសួត
- ការឈឺក្បាលថ្មីដែលមិនបាត់ នៅពេលដែលអ្នកលេបថ្នាំ
ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចឱ្យអ្នកធ្វើតេស្តដូចជា៖
- តេស្តឈាមដើម្បីពិនិត្យផ្លាកែតរបស់អ្នក និងរកមើលជាតិគីមីតម្រងនោម ឬថ្លើម
- ការធ្វើតេស្តទឹកនោម ដើម្បីវាស់ប្រូតេអ៊ីន
- ការឆ្លុះអេកូ តេស្ត nonstress ឬ biophysical profiles ដើម្បីមើលពីការលូតលាស់របស់ទារក
ការព្យាបាលជំងឺបម្រុងក្រឡាភ្លើង
វិធីព្យាបាលតែមួយគត់សម្រាប់ជំងឺបម្រុងក្រឡាភ្លើង និងជំងឺក្រឡាភ្លើងគឺការផ្តល់កំណើត។ គ្រូពេទ្យនឹងពិភាក្សាជាមួយអ្នកអំពីពេលវេលា ដែលត្រូវសម្រាលដោយផ្អែកលើរយៈពេលពពោះ ការលូតលាស់របស់ទារកនៅក្នុងស្បូនរបស់អ្នក និងភាពធ្ងន់ធ្ងរនៃជំងឺបម្រុងក្រឡាភ្លើងរបស់អ្នក។
ប្រសិនបើទារកមានការលូតលាស់ល្អ ជាធម្មតាក្នុងសប្តាហ៍ទី ៣៧ ឬលើសពីនោះ
គ្រូពេទ្យប្រហែលជាចង់ធ្វើការជំរុញការសម្រាល ឬធ្វើការវះកាត់។ វានឹងរារាំងជំងឺបម្រុងក្រឡាភ្លើងពីការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ។
ប្រសិនបើទារកមិនទាន់ជិតដល់ពេលសម្រាល ហើយអ្នក
និងគ្រូពេទ្យអាចព្យាបាលជំងឺបម្រុងក្រឡាភ្លើងដែលមានសភាពស្រាលបាន រហូតដល់ទារកបានលូតលាស់គ្រប់គ្រាន់ក្នុងការសម្រាលដោយសុវត្ថិភាព។
កំណើតកាន់តែជិតដល់ថ្ងៃសម្រាល វាកាន់តែប្រសើរសម្រាប់ទារក។
ប្រសិនបើអ្នកមានជំងឺបម្រុងក្រឡាភ្លើងដែលមានកម្រិតស្រាល គ្រូពេទ្យអាចចេញវេជ្ជបញ្ជា៖
- ការសម្រាកនៅលើគ្រែទាំងនៅផ្ទះ ឬនៅមន្ទីរពេទ្យ។ ភាគច្រើនត្រូវសម្រាកផ្អៀងខាងឆ្វេង
- ការត្រួតពិនិត្យដោយយកចិត្តទុកដាក់ជាមួយអេក្រង់ពិនិត្យចង្វាក់បេះដូងរបស់ទារក និងឆ្លុះអេកូញឹកញាប់
- ថ្នាំដើម្បីបន្ថយសម្ពាធឈាមរបស់អ្នក
- ការធ្វើតេស្តឈាម និងទឹកនោម
គ្រូពេទ្យក៏អាចនឹងប្រាប់អ្នកឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យ ដូច្នេះគ្រូពេទ្យអាចតាមដានអ្នកយ៉ាងជិតដិត។ នៅមន្ទីរពេទ្យ អ្នកអាចទទួលបាន៖
- ថ្នាំជួយការពារការប្រកាច់ ថ្នាំបញ្ចុះសម្ពាធឈាម និងថ្នាំការពារបញ្ហាផ្សេងៗ
- ការចាក់ថ្នាំស្តេរ៉ូអ៊ីត ដើម្បីជួយឱ្យសួតទារកលូតលាស់លឿន
ការព្យាបាលផ្សេងទៀតរួមមាន៖
- ការចាក់ម៉ាញេស្យូម ដើម្បីការពារការប្រកាច់ដែលទាក់ទងនឹងជំងឺក្រឡាភ្លើង
- ថ្នាំ
Hydralazine
ឬថ្នាំព្យាបាលសម្ពាធឈាមផ្សេងទៀត
ចំពោះជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ គ្រូពេទ្យប្រហែលជាត្រូវសម្រាលទារកភ្លាមៗ ទោះបីអ្នកមិនទាន់ជិតដល់ថ្ងៃសម្រាលក៏ដោយ។ បន្ទាប់មក អាការនៃជំងឺបម្រុងក្រឡាភ្លើងគួរតែបាត់ទៅវិញក្នុងរយៈពេល
១ ទៅ ៦ សប្តាហ៍ ប៉ុន្តែអាចមានរយៈពេលយូរជាងនេះ។
ការការពារជំងឺបម្រុងក្រឡាភ្លើង
ប្រសិនបើអ្នកមានឱកាសច្រើនក្នុងការកើតជំងឺបម្រុងក្រឡាភ្លើង សូមពិគ្រោះជាមួយគ្រូពេទ្យអំពីការផ្លាស់ប្តូររបៀបរស់នៅ ដែលអាចជួយឱ្យអ្នកមានសុខភាពល្អ។ អ្នកប្រហែលជាត្រូវ៖
- បញ្ចុះទម្ងន់ខ្លះ ប្រសិនបើអ្នកលើសទម្ងន់
- ឈប់ជក់បារី
- ហាត់ប្រាណឱ្យបានទៀងទាត់
- គ្រប់គ្រងសម្ពាធឈាម ឬជាតិស្ករក្នុងឈាម
គ្រូពេទ្យក៏អាចប្រាប់អ្នកឱ្យប្រើថ្នាំអាស្ពីរីនក្នុងកម្រិតទាប (៨១ មីលីក្រាម) ក្នុងមួយថ្ងៃ។ ប៉ុន្តែសូមកុំប្រើថ្នាំ វីតាមីន ឬថ្នាំបំប៉នណាមួយដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យជាមុន។