លក្ខខណ្ឌទូទៅ

ផលិតផលថែរក្សាស្បែកដែលមិនមានប្រសិទ្ធភាព

  • Soeu Sreang
  • April 21, 2021
  • 70

ឡេប្រឆាំងសែលុយលីត    

ឡេគឺជាជាតិសំណើមដែលអាចផ្តល់សំណើមដល់ស្បែករបស់អ្នក។ វាអាចធ្វើឱ្យស្បែកមើលទៅរលោង។ ផលិតផលប្រឆាំងសែលុយលីត ដែលមានជាតិកាហ្វេអ៊ីនអាចរឹតបន្តឹងផ្ទៃស្បែករបស់អ្នកមួយរយៈ។ វាអាចធ្វើឱ្យសែលុយលីតរបស់អ្នកមិនសូវឃើញ​ ប៉ុន្តែមិនអាចកម្ចាត់សែលុយលីតបានទេ។ ឡេមិនអាចជ្រាបចូលជ្រៅក្រោមស្បែករបស់អ្នកដើម្បីបំបែកខ្លាញ់បានទេ។   

សូមសាកល្បងវិធីនេះជំនួសវិញ ៖ ពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងរោគសើស្បែក។ មានការព្យាបាលដែលអាចធ្វើឱ្យសែលុយលីតរបស់អ្នកមិនសូវឃើញ។   


ទឹកបាញ់មុខ

អ្នកអាចមានអារម្មណ៍ស្រស់ស្រាយ    នៅពេលដែលអ្នកបន្ថែមទឹកផ្កាកុលាបបន្តិចទៅក្នុងទម្លាប់ពេលព្រឹករបស់អ្នក។ ប៉ុន្តែការបាញ់លើមុខរបស់អ្នកជាមួយដំណក់ទឹកទាំងនោះ មិនមែនជាវិធីល្អបំផុត ដើម្បីផ្តល់សំណើមដល់ស្បែករបស់អ្នកទេ។ ហើយប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម ស្ប្រៃជាមួយនឹងក្លិនក្រអូបអាចធ្វើឱ្យស្បែកឆាប់រលាក។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ សូមលាបឡេផ្តល់សំណើមលើស្បែកដែលសើមរបស់អ្នក។ ប្រសិនបើអ្នកងាយនឹងកើតមុន សូមប្រើផលិតផលដែលគ្មានជាតិប្រេង។ ពួកវាទំនងជាមិនធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក។


ម៉ាសធ្យូងថ្មសកម្ម

ធ្យូងថ្មសកម្មអាចស្រូបយកសារធាតុពុល   ឬថ្នាំនៅក្នុងក្រពះរបស់អ្នក។ ប៉ុន្តែការស្រាវជ្រាវគឺមានកំណត់ពីរបៀបដែលធ្យូងថ្មអាចជួយស្បែកអ្នក។ ផលិតផលមួយចំនួន ដូចជាផលិតផលសម្រាប់បកស្បែកមុខ អាចមានគ្រឿងផ្សំដែលមានគ្រោះថ្នាក់ផងដែរ។ សូមសាកល្បងលើផ្នែកតូចមួយនៃរាងកាយរបស់អ្នកជាមុនសិន។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ អ្នកអាចកម្ចាត់ភាពកខ្វក់ និងបាក់តេរីដោយគ្រាន់តែលាងមុខរបស់អ្នកជាមួយទឹកធម្មតា និងទឹកសម្អាតមុខដែលមានកម្រិតស្រាល។


វិធីដែលអាចជួយបានឆាប់រហ័ស    និងមានប្រសិទ្ធភាព

វាអាចចំណាយពេលមួយរយៈដើម្បីមើលឃើញភាពខុសគ្នានៃស្បែករបស់អ្នក។ ថ្នាំព្យាបាលមុនអាចចំណាយពេល ៤ សប្តាហ៍       ឬយូរជាងនេះដើម្បីមានប្រសិទ្ធភាព។ ថ្នាំ Retinoids អាចបន្ថយនូវស្នាមជ្រួញ     និងរូបរាងនៃចំណុចជាំ។ ប៉ុន្តែអ្នកប្រហែលជាមិនឃើញលទ្ធផលទេ ក្នុងរយៈពេល ៦ ខែ។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគសើស្បែកអំពីជម្រើសក្រៅពីការវះកាត់។ អ្នកអាចសាកល្បងការព្យាបាលដោយកាំរស្មីឡាស៊ែ, ការព្យាបាលដោយពន្លឺ,     ឬជម្រើសកែទម្រង់ផ្ទៃស្បែកផ្សេងទៀត។


គ្រីមលាបភ្នែក

គ្រីមដែលមានវីតាមីន C hydroquinone អាចជួយកាត់បន្ថយពណ៌ស្បែកនៅក្រោមភ្នែករបស់អ្នក។ ( សូមប្រើថ្នាំ hydroquinone ឬ សារធាតុធ្វើឱ្យស    ប្រសិនបើវេជ្ជបណ្ឌិតប្រាប់អ្នកឱ្យប្រើ។) ប៉ុន្តែវាមិនអាចបំបាត់រង្វង់ខ្មៅលេចចេញពីសរសៃឈាមឡើយ។ ស្បែកនៅក្រោមភ្នែករបស់អ្នកគឺស្តើង។ អ្នកអាចសម្គាល់ឃើញពណ៌ខៀវកាន់តែច្រើន នៅពេលអ្នកមានអាយុកាន់តែច្រើន។ វាក៏អាចកើតឡើងបានដែរប្រសិនបើអ្នកអាលែកហ្ស៊ី ឬអ្នកខ្វះជាតិទឹក។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ សូមទទួលទានទឹក និងព្យាបាលអាលែកហ្ស៊ី។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគសើស្បែករបស់អ្នក ដើម្បីទទួលបានជំនួយបន្ថែម។


ប្រេងធម្មជាតិសម្រាប់មុន

ប័រកាកាវ, ប័រផ្លែសៀ, និងប្រេងដូងអាចជាជាតិសំណើមដ៏ល្អ។ ប៉ុន្តែពួកវាមានមូលដ្ឋានលើប្រេង ដែលមានន័យថា អ្នកប្រហែលជាមិនចង់ប្រើវានៅលើមុខរបស់អ្នកឡើយ។ ពួកវាអាចធ្វើឱ្យស្ទះរន្ធញើសរបស់អ្នក។ ប្រសិនបើអ្នកលាបប្រេងលើមុនរបស់អ្នក     មុនអាចកាន់តែធ្ងន់ធ្ងរទៅៗ។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ អ្នកអាចព្យាបាលមុនរបស់អ្នកជាមួយ benzoyl peroxide ឬ អាស៊ីដ salicylic ។ ប្រសិនបើរោគមុនរបស់អ្នកធ្ងន់ធ្ងរជាងនេះ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែករបស់អ្នកអំពីថ្នាំ Retinoids ថ្នាំអង់ទីប្យូទិច និងការព្យាបាលដោយអ័រម៉ូន។


ការម៉ាស្សាមុខ

អ្នកអាចមានអារម្មណ៍ធូរស្បើយបន្ទាប់ពីម៉ាស្សាមុខ។ ប៉ុន្តែវាប្រហែលជាមិនអាចជួយស្បែករបស់អ្នកបានយូរទេ។ អ្នកប្រហែលជាចង់ជៀសវាងម៉ាស្សាផ្ទៃមុខ ប្រសិនបើអ្នកកើតមុន។ ប្រសិនបើអ្នកដែលម៉ាស្សាមុខរបស់អ្នកច្របាច់មុនក្បាលខ្មៅ    ឬមុនរបស់អ្នក អ្នកអាចប្រែពណ៌ស្បែកដែលអាចមានរយៈពេលរាប់ខែ។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ បន្ថយការរំពឹងទុករបស់អ្នក។ អ្នកនៅតែអាចម៉ាស្សាមុខ។ គ្រាន់តែកុំសង្ឃឹមថាអ្វីៗបានយូរអង្វែង។ ហើយអ្នកត្រូវប្រើឡេផ្តល់សំណើមជារៀងរាល់ថ្ងៃ។


វីតាមីនបំប៉នស្បែក

វីតាមីន A, C, E និង B3 មានសារសំខាន់សម្រាប់សុខភាពស្បែក។ ប៉ុន្តែលុះត្រាតែអ្នកកង្វះវីតាមីន ព្រោះថ្នាំគ្រាប់ថែរក្សាស្បែកប្រហែលជាមិនផ្តល់ពន្លឺដល់ស្បែករបស់អ្នកទេ។ ប៉ុន្តែប្រសិនបើអ្នកមានក្រចកផុយ, ស្បែកស្ងួតខ្លាំង, ឬអញ្ចាញធ្មេញហូរឈាម សូមពិគ្រោះជាមួយគ្រូពេទ្យ។ ពួកគេអាចប្រាប់អ្នកប្រសិនបើអ្នកពិតជាត្រូវការថ្នាំបំប៉ន។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ សូមទទួលទានរបបអាហារមានតុល្យភាពជាមួយនឹងផ្លែឈើ និងបន្លែឱ្យបានច្រើន។ នោះគឺជាវិធីល្អបំផុតដើម្បីទទួលបានវីតាមីន។


ការខាត់មុខ

មុខរបស់អ្នកជម្រុះកោសិកាងាប់ដោយខ្លួនឯង។ ប្រសិនបើអ្នកជម្រុះវារាល់ថ្ងៃ   អ្នកធ្វើឱ្យបាត់ស្រទាប់សំណើមធម្មជាតិ។ វាអាចធ្វើឱ្យស្បែករបស់អ្នកស្ងួត។ ការខាត់ស្បែកខ្លាំងៗក៏អាចធ្វើឱ្យស្បែករបស់អ្នកឆាប់រលាកផងដែរ ជាពិសេសប្រសិនបើជាស្បែកងាយប្រតិកម្ម    ឬកើតមុន។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ សូមប្រើម្រាមដៃរបស់អ្នកលាបទឹកលាងសម្អាតដែលគ្មានក្លិនក្រអូប, ប្រេង, ឬជាតិអាល់កុល។ សូមលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ     និងជូតឱ្យស្ងួត។ លាបឡេផ្តល់សំណើមខណៈពេលស្បែករបស់អ្នកនៅសើម។


គ្រីមសម្រាប់ស្នាមសង្វារដែលមានតាំងពីយូរ

ស្នាមសង្វារអាចកើតនៅពេលស្បែករបស់អ្នករលា និងរួញទៅវិញយ៉ាងរហ័ស។ អ្នកអាចកើតវា នៅពេលអ្នកមានផ្ទៃពោះ ឬពេលអ្នកធំឡើង។ ប្រសិនបើស្នាមសង្វាររបស់អ្នកមានតាំងពីយូរមកហើយ    នោះគ្រីម, ប្រេង, ឬជែលទំនងជាមិនអាចបំបាត់វាបានទេ។ នោះក៏ព្រោះតែវាជាប្រភេទស្នាមអចិន្រ្តៃយ៍។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគសើស្បែកអំពីស្នាមសង្វាររបស់អ្នក   នៅពេលអ្នកសម្គាល់ឃើញវាដំបូង។ ការព្យាបាលដោយប្រើកាំរស្មីឡាស៊ែអាចជួយបាន។


វីតាមីន E សម្រាប់ស្នាម

រាងកាយរបស់អ្នកប្រើវីតាមីន E ដើម្បីការពារកោសិការបស់អ្នកពីការខូចខាត។ ប៉ុន្តែការត្រដុសវីតាមីន E នៅលើស្លាកស្នាមរបស់អ្នក   ប្រហែលជាមិនធ្វើឱ្យស្លាកស្នាមបាត់ឡើយ។ ជំនួសឱ្យការលាបវីតាមីន E នៅលើស្បែក     អ្នកគួរតែទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មនេះពីអាហារដូចជា៖ គ្រាប់ផ្លែឈើ    ស្ពៃ spinach     ឬប្រេងអូលីវ។

សូមសាកល្បងវិធីនេះជំនួសវិញ ៖ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគសើស្បែក។ មានវិធីព្យាបាលដែលអាចជួយធ្វើឱ្យស្លាកស្នាមរបស់អ្នកមិនសូវឃើញច្បាស់។