លក្ខខណ្ឌ

តើវាស់សម្ពាធឈាមយ៉ាងដូចម្តេច?

ជានិច្ចជាកាល ជំងឺលើសឈាមគ្មានចេញអាការជំងឺទេ។ វិធីតែមួយដើមី្បឱ្យដឹងថា លោកអ្នកកើតជំងឺលើសឈាមឬអត់ គឺត្រួតពិនិត្យបែបរហ័ស និងគ្មានការឈឺចាប់ តាមរយៈការប្រើឧបករណ៍វាស់ឈាម (sphygmomanometer)។ ឧបករណ៍នេះមាននាឡិការង្វាស់ (gauge) និងបន្ទះកៅស៊ូ (rubber cuff) ដែលអាចបំប៉ោង សម្រាប់រុំជុំវិញដៃឬជើងរបស់អ្នក។

ពេលវាស់ វេជ្ជបណ្ឌិតឬគិលានុបដ្ឋាកយិកានឹងរុំបន្ទះកៅស៊ូព័ទ្ធជុំវិញដើមដៃរបស់លោកអ្នក។ ពេលខ្លះ គេរុំនៅកំភួនដៃឬកដៃ ប៉ុន្តែលទ្ធផលមិនសូវត្រឹមត្រូវដូចរុំនៅដើមដៃទេ។

បន្ទាប់មក វេជ្ជបណ្ឌិតនឹងប្រើសោតាទស្សន៍ (stethoscope) ដើម្បីស្តាប់សំឡេងជីពចរកែងដៃរបស់លោកអ្នក។ នេះជារបៀបកំណត់ស៊ីស្តូលីក (systolic) និងឌីយ៉ាស្តូលីក (diastolic) របស់សម្ពាធឈាម។

ជាបន្ត វេជ្ជបណ្ឌិតនឹងបំប៉ោងបន្ទះកៅស៊ូដើមី្បដាក់សម្ពាធឱ្យខ្ពស់ជាងសម្ពាធឈាមស៊ីស្តូលីករបស់លោកអ្នក ហើយវានឹងរឹតបន្តឹងជុំវិញដៃរបស់លោកអ្នក។ រួចហើយគាត់នឹងព្រលែងវា។ នៅពេលបន្ទះកៅស៊ូបន្ធូរ សំឡេងដំបូងដែលស្តាប់ឮតាមសោតាទស្សន៍គឺជា សម្ពាធឈាមស៊ីស្តូលីក។ វាឮសូរវឹប។ ពេលដែលសំឡេងបាត់ត្រង់លេខណា គេចាត់លេខនោះជា សម្ពាធឈាមឌីយ៉ាស្តូលីក។

របៀបមើលសម្ពាធឈាម គឺថា លេខស៊ីស្តូលីក តែងតែនៅមុខ ហើយលេខបន្ទាប់ជា ឌីយ៉ាស្តូលីក។ កម្រិតធម្មតាគឺ «១២០ លើ ៨០» បើសរសេរគឺ «១២០/៨០»។ សម្ពាធឈាមដែលចាត់ថាជាសម្ពាធឈាមខ្ពស់គឺ ១៣០/៨០ ឬខ្ពស់ជាងនេះ។

Translate by Sok Van

Leave a Comment