មេតាបូលីស (Metabolic Syndrome)

តើមេតាបូលីស (Metabolic Syndrome) គឺជាអ្វី?

មេតាបូលីស (Metabolic Syndrome) ដែលត្រូវបានគេស្គាល់ថាជា syndrome X ឬ dysmetabolic syndrome សំដៅដល់ក្រុមនៃការរំលាយអាហារ (cluster of metabolic) ទាំងឡាយណាដែលអាចនាំឱ្យមានជំងឺបេះដូង។

លក្ខណៈសំខាន់នៃមេតាបូលីស រួមមាន ភាពស៊ាំអាំងស៊ុយលីន (insulin resistance), លើសឈាម (hypertension – high blood pressure), កូឡេស្តេរ៉ូលមិនប្រក្រតី, និងការកើនឡើងហានិភ័យនៃការកកឈាម។ អ្នកដែលបានធ្វើរោគវិនិច្ឆ័យឃើញថាមានមេតាបូលីសនេះ ច្រើនតែជាអ្នកលើសទម្ងន់ឬដុះក្បាលពោះ។

ភាពស៊ាំអាំងស៊ុយលីន (insulin resistance) គឺជាលក្ខខណ្ឌមួយដែលរាងកាយផលិតអាំងស៊ុយលីនប៉ុន្តែមិនបានប្រើវាត្រឹមត្រូវ។ អាំងស៊ុយលីន (insulin) ជាអ័រម៉ូនផលិតដោយលំពែងដើមី្បជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករ (glucose) សម្រាប់ជាថាមពល។ ប្រសិនបើមនុស្សម្នាក់មានភាពស៊ាំអាំងស៊ុយលីន មានន័យថារាងកាយរបស់គាត់មិនអាចបំលែងជាតិស្ករ (glucose) សម្រាប់ឱ្យសាច់ដុំ និងជាលិកាផ្សេងទៀតប្រើឡើយ។

 

តើគេធ្វើរោគវិនិច្ឆ័យមេតាបូលីស (Metabolic Syndrome) យ៉ាងដូចម្តេច?

យោងតាមគោលការណ៍ណែនាំរបស់ សមាគមបេះដូងអាម៉េរិក (American Heart Association) បានបង្ហាញថា បើមនុស្សមានលក្ខណៈ ៣ យ៉ាងក្នុងចំណោមលក្ខណៈខាងក្រោមនេះ គេអាចវិនិច្ឆ័យបានថាអ្នកនោះកើតមេតាបូលីស ៖

១. ការធាត់ដុះពោះ ៖ ទំហំចង្កេះលើស ១០២ សង់ទីម៉ែត្រ ចំពោះបុរស និងលើស ៨៨ សង់ទីម៉ែត្រ ចំពោះស្ត្រី

២. Serum Triglycerides ៖ ចំណុះ ១៥០ មីលីក្រាម (mg) ក្នុងមួយដេស៊ីលីត្រ (dl)  ឬលើសនេះ ឬលេបថ្នាំដើមី្បដំឡើង triglycerides

៣. កូឡេស្តេរ៉ូល HDL (ល្អ) ៖ ចំណុះ ៤០ មីលីក្រាម (mg) ក្នុងមួយដេស៊ីលីត្រ (dl) សម្រាប់បុរស និង ៥០ មីលីក្រាម (mg) ក្នុងមួយដេស៊ីលីត្រ (dl) សម្រាប់ស្រី្ត

៤. សម្ពាធឈាម ១៣០/៨៥ ឬខ្ពស់ជាងនេះ (ឬប្រើថ្នាំជំងឺលើសឈាម)

៥. កម្រិតជាតិស្ករក្នុងឈាមពេលតមអាហារ (Fasting Blood Glucoses) ៖ គឺ ១០០ មីលីក្រាម (mg) ក្នុងមួយដេស៊ីលីត (dl) ឬខ្ពស់ជាងនេះ

អង្គការសុខភាពពិភពលោក (WHO) មានលក្ខណៈវិនិច្ឆ័យខុសគ្នាបន្តិចបន្តួចទាក់ទងនឹងការកំណត់មេតាបូលីស ៖

១. កម្រិតអាំងស៊ុយលីនខ្ពស់, ជាតិស្ករក្នុងឈាមពេលតមអាហារ ឬ ជាតិស្ករក្នុងឈាមក្រោយបរិភោគអាហារ (post-meal glucose) ឡើងខ្ពស់តែឯកឯង យ៉ាងហោចណាស់មានលក្ខណៈវិនិច្ឆ័យពីរយ៉ាង ដូចខាងក្រោម ៖

ក. ការធាត់ដុះពោះ កំណត់ដោយមានសមាមាត្រចង្កេះ និងត្រគាក ធំជាង ០,៩ ដែលតាមសន្ទស្សន៍ម៉ាសរាងកាយ យ៉ាងហោចណាស់ ៣០ គីឡូក្រាម ក្នុងមួយម៉ែត្រការេ ឬទំហំចង្កេះលើស ០,៩៣ ដេស៊ីម៉ែត្រ

ខ. តារាងកូឡេស្តេរ៉ូល (cholesterol panel) បង្ហាញពីកម្រិត triglyceride យ៉ាងហោចណាស់ ១៥០ (mg) ក្នុងមួយដេស៊ីលីត្រ (dl) ឬ HDL cholesterol ទាបជាង ៣៥ មីលីក្រាម (mg) ក្នុងមួយដេស៊ីលីត្រ (dl)

២. សម្ពាធឈាម ១៣០/៨០ ឬខ្ពស់ជាងនេះ (ឬកំពុងព្យាបាលជំងឺលើសឈាម)

 

តើមេតាបូលីស (Metabolic Syndrome) កើតឡើងញឹកញាប់ប៉ុណ្ណា?

ប្រមាណ ២០% -៣០% នៃប្រជាជននៅក្នុងប្រទេសឧស្សាហកម្មកើតមេតាបូលីស។

 

តើអ្វីបណ្តាលឱ្យមានមេតាបូលីស (Metabolic Syndrome)?

ដូចគ្នានឹងលក្ខខណ្ឌជំងឺផ្សេងៗ ទាំងតំណពូជ (genetics) និងបរិស្ថានសុទ្ធតែដើរតួយ៉ាងសំខាន់ក្នុងការវិវឌ្ឍ មេតាបូលីស។

កត្តាតំណពូជជះឥទ្ធិពលដល់ធាតុផ្សំនីមួយៗនៃមេតាបូលីស ហើយនិងមេតាបូលីសខ្លួនឯង។ បើសិនប្រវត្តិគ្រួសារធ្លាប់មាន ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺលើសឈាម, និងជំងឺបេះដូងបឋម នោះនឹងធ្វើឱ្យមនុស្សម្នាក់ៗក្នុងគ្រួសារនោះវិវឌ្ឍលឿនទៅរកការកើតមេតាបូលីស។

បញ្ហាបរិស្ថាន ដូចជាកម្រិតការធ្វើសកម្មភាពរាងកាយមិនសូវបានច្រើន, របៀបរស់នៅដែលមានការអង្គុយ និងដេកច្រើន (sedentary lifestyle), និងការឡើងទម្ងន់ជាលំដាប់ ក៏ជាកត្តារួមចំណែកបង្កើនហានិភ័យនៃការវិវឌ្ឍទៅកើតមេតាបូលីសដែរ។

មេតាបូលីសនេះកើតលើអ្នកដែលមានទម្ងន់រាងកាយធម្មតា ប្រហែលជា ៥%,  អ្នកដែលលើសទម្ងន់ ២២%, និងអ្នកដែលត្រូវបានចាត់ទុកថាធាត់ ៦០%។ មនុស្សពេញវ័យដែលបន្តឡើងទម្ងន់ប្រមាណ ២,៥ គីឡូ ឬច្រើនជាងនេះ ក្នុងមួយឆ្នាំៗ នោះពួកគាត់នឹងមានហានិភ័យក្នុងការវិវឌ្ឍទៅរកកើតជំងឺមេតាបូលីសដល់ទៅ ៤៥ %។

ខណៈការធាត់នេះជាកត្តាហានិភ័យធំបំផុត តែក៏មានកត្តាហានិភ័យផ្សេងៗដែរ រួមមាន៖

តើមេតាបូលីស (Metabolic Syndrome) មានគ្រោះថ្នាក់យ៉ាងណាខ្លះ?

មេតាបូលីស គឺជាជំងឺមួយដែលអាចបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដែលទាំងពីរនេះជាជំងឺរ៉ាំរ៉ៃទូទៅបំផុត នៅសព្វថ្ងៃនេះ។

មេតាបូលីស បង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ (ប្រភេទជំងឺទឹកនោមផ្អែមទូទៅ) លើចំនួនប្រជាជនទូទៅ នៅគ្រប់កន្លែង ពី ៩ ទៅ ៣០ ដង ។ ទាក់ទងទៅនឹងហានិភ័យនៃជំងឺបេះដូង ការសិក្សាបានបង្ហាញខុសគ្នា ប៉ុន្តែហានិភ័យនៃមេតាបូលីសកើនឡើងពី ២ ទៅ ៤ ដងចំពោះចំនួនប្រជាជនទូទៅ។

ហានិភ័យសុខភាពផ្សេងទៀតដែលបណ្តាលមកពីមេតាបូលីស រួមមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម (fat accumulation in the liver) (ថ្លើមធាត់) ដែលបណ្តាលឱ្យមានការរលាក (inflammation) និងសក្តានុពលនៃជំងឺក្រិនថ្លើម (cirrhosis)។ តម្រងនោមក៏អាចរងផលប៉ះពាល់ដែរ ដោយសារមេតាបូលីសផ្សារភ្ជាប់នឹង microalbuminuria ដែលជាការធ្លាយចេញនូវប្រូតេអ៊ីនចូលទៅក្នុងទឹកនោម វាជារឿងស្មុគស្មាញ តែបង្ហាញយ៉ាងច្បាស់ពីការខូចខាតតម្រងនោម។ មេតាបូលីសនេះក៏អាចបណ្តាលឱ្យពិបាកដកដង្ហើមក្នុងពេលគេង (sleep apnea), កើតរោគពហុគីសក្នុងអូវែ (polycystic ovary syndrome), ហានិភ័យនៃជំងឺវង្វេងដោយសារអាយុច្រើន, និងការថយចុះការដឹងដោយញាណ (cognitive) ចំពោះមនុស្សវ័យចំណាស់។

 

តើមេតាបូលីស (Metabolic Syndrome) ត្រូវព្យាបាលយ៉ាងដូចម្តេច?

គោលដៅសំខាន់គឺត្រូវព្យាបាលទាំងមូលហេតុដើមនៃមេតាបូលីស និងទាំងកាត់បន្ថយកត្តាដែលអាចនាំឱ្យមានបញ្ហាបេះដូង។

ការកែប្រែរបៀបរស់នៅគឺជាការព្យាបាលដ៏ពេញនិយមចំពោះមេតាបូលីស។ ចំណែកការកាត់បន្ថយទម្ងន់ ជាធម្មតាគឺតម្រូវឱ្យមានកម្មវិធីដែលមានលក្ខណៈពិសេស (specifically tailor) និងមានមុខងារច្រើន (multifaceted)  ដោយរួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណ។ ការប្រើថ្នាំក៏អាចមានប្រយោជន៍ដែរ។

 

ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ

ជាទូទៅ អ្នកជំនាញណែនាំឱ្យប្រើរបបអាហារមេឌីទែរ៉ាណេ (Mediterranean diet) ជារបបអាហារមួយដែលសម្បូរទៅដោយខ្លាញ់ «ល្អ» (ប្រេងអូលីវ) និងមានបរិមាណកាបូអ៊ីដ្រាត និងប្រូតេអ៊ីនសមស្រប (មកពីត្រី និងសាច់មាន់)។

របបអាហារមេឌីទែរ៉ាណេមានឱជារស និងងាយស្រួលរក្សា។ បន្ថែមលើនេះ តាមការសិក្សាថ្មីៗបានបង្ហាញថា បើប្រៀបធៀបទៅនឹងរបបអាហារមានជាតិខ្លាញ់ទាប អ្នកដែលប្រើរបបអាហារមេឌីទែរ៉ាណេមានការថយចុះទម្ងន់រាងកាយ និងសម្ពាធឈាមច្រើន, កម្រិតកូឡេស្តេរ៉ូល, និងសញ្ញាផ្សេងទៀតនៃជំងឺបេះដូងមានភាពល្អប្រសើរ ដែលទាំងអស់នេះសំខាន់ក្នុងការវាយតម្លៃ និងព្យាបាលមេតាបូលីស។

ការអនុវត្តផែនការហាត់ប្រាណ

កម្មវិធីហាត់ប្រាណប្រកបដោយនិរន្តភាព ឧទាហរណ៍ ៣០ នាទីក្នុងមួយថ្ងៃ និងហាត់ ៥ ថ្ងៃក្នុងមួយសប្តាហ៍ជាចំណុចចាប់ផ្តើមមួយ ដោយគ្មានហេតុផលវេជ្ជសាស្រ្តណាមួយបដិសេធឡើយ។ ប្រសិនបើលោកអ្នកព្រួយបារម្ភទាក់ទងនឹងបញ្ហានេះ លោកអ្នកអាចពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ ការ ហាត់ប្រាណមានឥទ្ធិពលល្អដល់សម្ពាធឈាម, កម្រិតកូឡេស្តេរ៉ូល, និងអាំងស៊ុយលីន (insulin sensitivity) នេះមិនគិតដល់ការស្រកទម្ងន់ផង។ ហើយការធ្វើលំហាត់ប្រាណមានប្រយោជន៍ក្នុងការព្យាបាលមេតាបូលីស។

 

ការវះកាត់កែសម្ផស្សដើម្បីយកខ្លាញ់ចេញ

ប្រសិនបើមានចង្កេះធំ ហេតុអ្វីមិនព្រមវះកាត់យកខ្លាញ់ចេញ (liposuction)? វាមិនមែនជារឿងធម្មតាទេ។ តាមការសិក្សាបានបង្ហាញថា ការវះកាត់យកខ្លាញ់ចេញ (liposuction) គ្មានប្រយោជន៍ចំពោះអាំងស៊ុយលីន, សម្ពាធឈាម, ឬកូឡេស្តេរ៉ូលឡើយ។ របបអាហារ និងការហាត់ប្រាណនៅតែជាការព្យាបាលដំបូងបង្អស់ ដែលត្រូវបានណែនាំចំពោះការព្យាបាលមេតាបូលីស។

 

ចុះបើការផ្លាស់ប្តូររបៀបរស់នៅនៅតែមិនគ្រប់គ្រាន់ដើមី្បព្យាបាលមេតាបូលីស (Metabolic Syndrome)?

ប្រសិនបើផ្លាស់ប្តូរកម្រិតរបបអាហារ និងសកម្មភាពរាងកាយហើយ តែនៅតែមិនបានផល តើត្រូវធ្វើដូចម្តេច? បើដូច្នោះ គ្រូពេទ្យអាចនឹងពិចារណាឱ្យលោកអ្នកប្រើថ្នាំគ្រប់គ្រងកូឡេស្តេរ៉ូល និងជំងឺលើសឈាម។

គោលដៅនៃសម្ពាធឈាម ជាទូទៅត្រូវកំណត់ឱ្យនៅទាបជាង ១៤០/៩០ តែសម្ពាធឈាមអាចផ្លាស់ប្តូរអាស្រ័យលើអាយុរបស់លោកអ្នក។ ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ដូចជា ACE inhibitors ត្រូវបានរកឃើញថាអាចកាត់បន្ថយកម្រិតនៃភាពស៊ាំអាំងស៊ុយលីន និងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ។ នេះគឺជារឿងដ៏សំខាន់ នៅពេលពិភាក្សាអំពីជម្រើសថ្នាំសម្ពាធឈាមក្នុងការព្យាបាលមេតាបូលីស។

ជាធម្មតា ថ្នាំ Metformin (Glucophage) ត្រូវបានប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២ តែត្រូវបានគេរកឃើញថា វាអាចជួយការពារការកើតជំងឺទឹកនោមផ្អែម ចំពោះអ្នកដែលកើតមេតាបូលីស។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនមានគោលការណ៍ណែនាំស្តីពីការព្យាបាលអ្នកជំងឺមេតាបូលីស ជាមួយថ្នាំ Metformin នេះឡើយ ប្រសិនបើអ្នកនោះមិនបានធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។

រីឯ ថ្នាំ Statins គឺជាថ្នាំមួយប្រភេទ ដែលជារឿយៗត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើ ដើម្បីជួយបន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងឈាម។ ថ្នាំប្រភេទនេះរារាំងសកម្មភាពរបស់អង់ស៊ីមថ្លើម (liver enzyme) ដែលទទួលខុសត្រូវក្នុងការផលិតកូឡេស្តេរ៉ូល។

Leave a Comment