លក្ខខណ្ឌ

ជំងឺពុកឆ្អឹង ៖ ការហាត់ប្រាណដើម្បីធ្វើឱ្យឆ្អឹងរឹងមាំ

កុំជឿជំនឿ ៖ ជំងឺពុកឆ្អឹង (Osteoporosis) និងការបាត់បង់ឆ្អឹងមិនមែនជាផ្នែកនៃការចាស់ទេ។ លោកអ្នកអាចការពារជំងឺទាំងនេះដោយការបរិភោគត្រឹមត្រូវ, ហាត់ប្រាណឱ្យបានច្រើន, និងប្រើថ្នាំសម្រាប់ឆ្អឹងប្រសិនបើលោកអ្នកត្រូវការ។

ការហាត់ប្រាណ និងជំងឺពុកឆ្អឹង (Osteoporosis)

ការហាត់ប្រាណគឺមានសារសំខាន់សម្រាប់ទាំងការបង្ការ និងការព្យាបាលជំងឺពុកឆ្អឹង (Osteoporosis)។ ទោះបីជាលោកអ្នកបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺនេះរួចហើយក៏ដោយ ក៏ការហាត់ប្រាណទៀងទាត់អាចការពារលោកអ្នកពីការបាត់បង់ម៉ាសឆ្អឹង (bone mass) បានច្រើនដែរ។ លំហាត់ប្រាណមានទម្ងន់ មានប្រយោជន៍បំផុត ដូចជាការដើរ, រត់ត្រឹកៗ (jogging), រាំ និងវាយតេនីស។ សកម្មភាពទាំងនេះធ្វើឱ្យរាងកាយរបស់លោកអ្នកធ្វើការប្រឆាំងនឹងទំនាញផែនដី ដើម្បីឱ្យលោកអ្នកឈរ និងធ្វើចលនា ដើមី្បឱ្យឆ្អឹងរឹងមាំ។

 

ការហាត់ប្រាណពង្រឹងសាច់ដុំគាំទ្រដល់សន្លាក់ និងធ្វើឱ្យរាងកាយរបស់លោកអ្នកអាចបត់បែនបាន និងដោយងាយ។ វាក៏ជួយបង្កើនតុល្យភាពផងដែរ ដូច្នេះលោកអ្នកនឹងមិនងាយដួល និងបាក់ឆ្អឹងឡើយ។

ប្រសិនបើលោកអ្នកបាក់ឆ្អឹងរួចហើយ ការបន្តលំហាត់ប្រាណអាចជួយលោកអ្នកឱ្យជាសះស្បើយលឿន និងមានអារម្មណ៍ឈឺចាប់តិច។ ប៉ុន្តែលោកអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជានិច្ច មុនពេលលោកអ្នកចាប់ផ្តើមកម្មវិធីហាត់ប្រាណថ្មី និងរបៀបហាត់ប្រាណក្រោយពេលបាក់ឆ្អឹង។

ការងារ និងម៉ាសឆ្អឹងរបស់លោកអ្នក

នៅចំណុចខ្លះ ក្នុងចន្លោះអាយុពី ៣០ ទៅ ៤០ ឆ្នាំ ភាគច្រើនយើងមិនសូវបានធ្វើសកម្មភាព ពីព្រោះការងារយើងរបស់មិនត្រូវការធ្វើចលនាច្រើន។ នៅពេលដែលយើងឆ្លងផុតអាយុ ៥០ ឆ្នាំ អារម្មណ៍ដែលចង់ធ្វើចលនានឹងកាន់តែតិច។ នេះនឹងជាបញ្ហាធំ ជាពិសេសប្រសិនបើលោកអ្នកមានឱកាសខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង។

ទោះបីជាការងាររបស់លោកអ្នកជាប្រភេទការងារនៅមួយកន្លែងក៏ដោយ (sedentary) ក៏ក្នុងមួយថ្ងៃ លោកអ្នកនៅតែអាចបន្ថែមសកម្មភាពរាងកាយមួយចំនួន ដើម្បីជួយឱ្យឆ្អឹងរឹងមាំ។

 

តើការធ្វើចលនាសំខាន់ប៉ុណ្ណា? តាមការសិក្សាមួយចំនួនបានបង្ហាញថា ការថយចុះនៃសកម្មភាពរាងកាយ ឧទាហរណ៍ចំពោះមនុស្សដែលសម្រាកលើគ្រែអស់រយៈពេលជាយូរ អាចបណ្តាលឱ្យមានការថយចុះម៉ាសឆ្អឹង (bone  mass)។ បញ្ហាទាំងនេះអាចកើតឡើង សូមី្បតែចំពោះអវកាសយានិក ព្រោះដោយសារតែគាត់គ្មានទម្ងន់ (ដោយសារតែគ្មានទំនាញផែនដី) អស់រយៈពេលយូរ។

តើពេលណាដែលការហាត់ប្រាណមិនល្អចំពោះឆ្អឹង?

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានភស្តុតាងខ្លះបង្ហាញថាការហាត់ប្រាណច្រើនពេកក៏អាចនាំឱ្យឆ្អឹងមានបញ្ហាដែរ។ ការហ្វឹកហាត់ខ្លាំងក្លាពេកអាចបណ្តាលឱ្យអ័រម៉ូនគ្មានតុល្យភាព ដែលអាចនាំឱ្យមានម៉ាសឆ្អឹង (bone mass) ទាប ដែលហៅថាជំងឺខ្សោយឆ្អឹង (Osteopenia)។ នេះអាចជាបញ្ហាសម្រាប់អត្តពលិកនារីវ័យក្មេងមួយចំនួន។ តុល្យភាពនៃការហាត់ប្រាណ (exercise) និងការជះសះស្បើយ (recovery) គឺមានសារសំខាន់ខ្លាំងណាស់ ដើមី្បជៀសវាងពីជំងឺពុកឆ្អឹង។

តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីសុខភាពឆ្អឹង?

សូមលោកអ្នកសួរគ្រូពេទ្យថាតើលោកអ្នកត្រូវការត្រួតពិនិត្យកំហាប់ឆ្អឹង (bone density) ញឹកញាប់ប៉ុណ្ណា។ និយាយអំពីរឿងផ្សេងទៀតដែលលោកអ្នកអាចធ្វើបាន តួយ៉ាងការផ្លាស់ប្តូររបបអាហារ ដែលនេះដើម្បីការពារការបាត់បង់ឆ្អឹង។ លោកអ្នកក៏អាចសាកសួរគ្រូពេទ្យអំពីថ្នាំដែលលោកអ្នកប្រើ ដើម្បីមើលថាតើថ្នាំទាំងនោះអាចបណ្តាលឱ្យបាត់បង់ឆ្អឹងដែរឬទេ។ ម៉្យាងទៀត សូមសួរគ្រូពេទ្យថាតើថ្នាំពុកឆ្អឹងអាចជួយលោកអ្នកបានទេ។ វាចាំបាច់ក្នុងការចាប់ផ្តើមថ្ងៃនេះ ដើម្បីការពារ និងពង្រឹងឆ្អឹងរបស់លោកអ្នក។ ត្រូវប្រាកដថា លោកអ្នកបានសួរគ្រូពេទ្យច្បាស់លាស់ហើយអំពីសុខភាពឆ្អឹងលោកអ្នក។ បន្ទាប់មក សូមលោកអ្នកធ្វើតាមអនុសាសន៍របស់គ្រូពេទ្យ ដើមី្បការពារផលប៉ះពាល់នៃជំងឺពុកឆ្អឹង (Osteopenia)។

ចុះប្រសិនបើលោកអ្នកបាក់ឆ្អឹងរួចហើយ?

ប្រសិនបើលោកអ្នកបានបាក់ឆ្អឹង ដែលការបាក់នោះមិនមកដោយសារដួលឬរបួសផ្សេងៗ ដូច្នេះលោកអ្នកត្រូវចាំបាច់ទៅពិគ្រោះជាមួយគ្រូពេទ្យអំពីការការពារជំងឺពុកឆ្អឹង (Osteopenia)។ វាអាចក្លាយជារឿងល្អនៅថ្ងៃក្រោយ ប្រសិនបើលោកអ្នកចាត់វិធានការពង្រឹងឆ្អឹងរបស់លោកអ្នក។

Translate by Chakriya Phou

Leave a Comment