ជំងឺពុកឆ្អឹង (Osteoporosis) គឺជាជំងឺស្មុគស្មាញមួយដែលយើងកំពុងសិក្សានៅឡើយ។ វាងាយស្រួលក្នុងការយល់ច្រឡំថាតើនរណាដែលប្រឈមនឹងកើតជំងឺនេះ។
វាជាការពិតដែលថាជំងឺពុកឆ្អឹងប៉ះពាល់ដល់ស្ត្រីច្រើនជាងបុរស។ ប៉ុន្តែក្នុងចំណោមករណីជំងឺទាំងអស់ មានបុរស ២០% កើតជំងឺនេះ។ នោះមានន័យថា បច្ចុប្បន្ននេះ បុរសប្រមាណជា ២ លាននាក់នៅសហរដ្ឋអាម៉េរិកមានជំងឺពុកឆ្អឹង។ បុរស និងស្ត្រីជាង ៤៣ លាននាក់មានជំងឺខ្សោយឆ្អឹង (Osteopenia) ដែលជាស្ថានភាពឆ្អឹងប្រែជាស្តើង។ វាអាចនាំឱ្យមានជំងឺពុកឆ្អឹង (Osteoporosis) ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ។
ថ្នាំអាចជួយការពារកុំឱ្យបាត់បង់ឆ្អឹង ប៉ុន្តែវាមិនអាចផ្តល់នូវវត្ថុធាតុដើមដែលលោកអ្នកត្រូវការដើម្បីបង្កើតឆ្អឹងនោះទេ។ បើគ្មានកាល់ស្យូម និងវីតាមីន D ថ្នាំមិនអាចធ្វើការបានទេ។ ដូច្នេះត្រូវប្រាកដថា លោកអ្នកបរិភោគអាហារដែលសម្បូរជាតិកាល់ស្យូម ទោះបីជាលោកអ្នកប្រើថ្នាំក៏ដោយ។
មិនថាទទួលបានពីក្នុងរបបអាហារទៀងទាត់ ឬតាមរយៈថ្នាំបំប៉ននោះទេ សារធាតុបំប៉នសំខាន់ទាំងពីរនេះគឺជាគន្លឹះ។
បរិភោគផលិតផលទឹកដោះដែលមានជាតិខ្លាញ់ទាប នៅក្នុងរបបអាហារលោកអ្នក។ ទឹកដោះគោ, ទឹកដោះគោជូរ, និងឈីសជាជម្រើសល្អ។ លោកអ្នកក៏អាចទទួលបានវីតាមីន D ពីអាហារ fortified food ដូចជាអាហារធញ្ញជាតិ (cereal), និងទឹកក្រូចស្រស់។ នៅមានអាហារជាច្រើនដែលមានប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលជាតម្រូវការសម្រាប់ទាំងសុខភាពឆ្អឹង និងសុខភាពរាងកាយទាំងមូល។
ប្រសិនបើលោកអ្នកនៅតែមិនទទួលបានកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់ សូមសាកសួរគ្រូពេទ្យអំពីថ្នាំបំប៉ន។ ប៉ុន្តែត្រូវស្វែងរកទម្លាប់ដែលល្អ ដើម្បីប្រាកដថាលោកអ្នកនឹងលេបវាបានរៀងរាល់ថ្ងៃ ព្រោះតាមការសិក្សាបានបង្ហាញថា យើងភាគច្រើនលេបថ្នាំបំប៉នមិនសូវបានទៀងទាត់ទេ។
ជំងឺខ្សោយឆ្អឹង (Osteopenia) បង្កើនហានិភ័យនៃការបាក់ឆ្អឹង។ វាបង្កើនហានិភ័យតិចតួចចំពោះស្ត្រីក្រោយអស់រដូវ ហើយវាកើនឡើងខ្លាំងសម្រាប់ភេទទាំងពីរ នៅពេលចូលវ័យពាក់កណ្តាល ៦០ ឆ្នាំ។
ប្រសិនបើគ្រូពេទ្យនិយាយថាលោកអ្នកមានជំងឺខ្សោយឆ្អឹង (Osteopenia) សូមចាំថា វាជាសញ្ញាព្រមាន ហើយវាផ្តល់ឱកាសដល់លោកអ្នកក្នុងការពង្រឹងសុខភាពឆ្អឹង ដោយញ៉ាំអាហារដែលសម្បូរជាតិកាល់ស្យូម និងលេបថ្នាំបំប៉នប្រសិនបើចាំបាច់ និងហាត់ប្រាណឱ្យទៀងទាត់។
មានរឿងច្រើនដែលលោកអ្នកអាចធ្វើបាន ដើម្បីបន្ថយល្បឿនជំងឺ និងបន្ថយហានិភ័យនៃការបាក់ឆ្អឹង ៖
បញ្ឈប់ការជក់បារី ប្រសិនបើលោកអ្នកជក់។ ត្រូវប្រាកដថា បានទទួលជាតិកាល់ស្យូម និងវីតាមីន Dគ្រប់គ្រាន់។ បរិភោគរបបអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើ និងកុំបរិភោគប្រូតេអ៊ីន, ជាតិកាហ្វេអ៊ីន, និងសូដ្យូមច្រើនពេក។ កុំផឹកគ្រឿងស្រវឹងច្រើន។ រក្សារបៀបរស់នៅដែលសកម្ម។
មានថ្នាំព្យាបាលជំងឺពុកឆ្អឹងផ្សេងៗគ្នាជាច្រើន។ គ្រូពេទ្យអាចជួយលោកអ្នកក្នុងការសម្រេចថាតើថ្នាំមួយណាសមនឹងលោកអ្នក។
វិធីព្យាបាលខ្លះអាចបន្ថយហានិភ័យនៃការបាក់ឆ្អឹងខ្នងរហូតដល់ ៦៥% និងឆ្អឹងកន្លែងផ្សេងទៀតរហូតដល់ ៥៣% ។
លំហាត់ប្រាណក៏ល្អដែរ។ ការហាត់ប្រាណមានទម្ងន់ (Weight-bearing Exercise) បានទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង ព្រោះវាជួយពង្រឹងឆ្អឹង និងជួយអ្នកឱ្យរឹងមាំ, រហ័សរហួន, និងជៀសផុតពីការដួល។ សូមទៅជួបគ្រូពេទ្យមុនចាប់ផ្តើមហាត់ ដោយរកមើលថាតើប្រភេទលំហាត់ប្រាណបែបណាដែលមានសុវត្ថិភាពសម្រាប់លោកអ្នក។