គន្លឹះថែរក្សាជើងពេលមានជំងឺទឹកនោមផ្អែម

ដោយសារតែលោកអ្នកមានជំងឺទឹកនោមផ្អែម   លោកអ្នកប្រហែលជាត្រូវពិនិត្យមើលជាតិស្ករក្នុងឈាមរបស់លោកអ្នកច្រើនដងក្នុងមួយថ្ងៃ   ដើម្បីឱ្យស្ថិតក្នុងកម្រិតមួយដែលមានសុខភាពល្អ។ សូមពិនិត្យមើលជើងរបស់លោកអ្នកម្តងក្នុងមួយថ្ងៃផង។

ហេតុអ្វី? ជំងឺទឹកនោមផ្អែមអាចបណ្តាលឱ្យមានលំហូរឈាមខ្សោយទៅជើងរបស់លោកអ្នក   ដូច្នេះការដាច់រលាត់បន្តិចបន្តួច   ឬដំបៅមិនជាសះស្បើយទេ   ហើយពួកវាអាចចំណាយពេលយូរ   ដើម្បីជាសះស្បើយឡើងវិញ។

ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកមិនត្រូវបានគ្រប់គ្រងបានល្អ  លោកអ្នកក៏អាចមានអារម្មណ៍មិនល្អ   ឬគ្មានអារម្មណ៍នៅក្នុងជើងរបស់លោកអ្នកដែរ។ លោកអ្នកប្រហែលជាមិនដឹងថាលោកអ្នកមានរបួសស្រាលផង។ ជំងឺទឹកនោមផ្អែមក៏អាចធ្វើឱ្យស្បែកនៅលើជើងស្ងួត  និងធ្វើឱ្យកែងជើងរបស់លោកអ្នកប្រេះផងដែរ។

ហានិភ័យនៃការឆ្លងគឺធំ។ មេរោគ  ឬមេរោគផ្សិតអាចចូលក្នុងរបួស   ឬស្នាមប្រេះតូចៗបាន។

ប្រសិនបើលោកអ្នកគិតថាលោកអ្នកបានឆ្លងមេរោគ   សូមប្រាប់គ្រូពេទ្យភ្លាមៗ។ ការព្យាបាលឆាប់រហ័សអាចការពារវាពីការរាលដាលបាន។ ហើយវាទំនងជាធ្វើឱ្យលោកអ្នកជៀសវាងបញ្ហាធំៗបាន ។ មនុស្សមួយចំនួនដែលមានជំងឺទឹកនោមផ្អែមដែលបានឆ្លងមេរោគធ្ងន់ធ្ងរ    សឹងតែត្រូវធ្វើការវះកាត់ដើម្បីយកផ្នែក     ឬអវយវៈទាំងមូលដែលរងផលប៉ះពាល់ចេញតែម្តង។

ដូច្នេះ   សូមពិនិត្យមើលជើងរបស់លោកអ្នកដោយយកចិត្តទុកដាក់ជារាល់ថ្ងៃ។ សូមថែរក្សាស្បែករបស់លោកអ្នកឱ្យស្អាត   និងមានសំណើម   ដើម្បីជៀសផុតពីការរងរបួស   និងការពារជើងរបស់លោកអ្នកពីការមុតតូចៗ   ស្បែកក្រាស់ (corns)   ស្បែកក្រិន   ពងបែក   ឬរបួស។

បញ្ជីត្រួតពិនិត្យអធិការកិច្ចប្រចាំថ្ងៃ

គន្លឹះថែរក្សាជើង

ពាក់ស្រោមជើងក្រាស់   និងទន់   ដើម្បីការពារជើងរបស់លោកអ្នកពេលលោកអ្នកដើរ។ កុំប្រើស្រោមជើង ដែលមានថ្នេរ   ដែលអាចកកិតនឹងស្បែករបស់លោកអ្នក   និងបណ្តាលឱ្យពងបែក។

ពាក់ស្បែកជើងដែលមានផាសុខភាព  និងសមល្អ។ ស្បែកជើងដែលតឹងពេក   ឬរលុងពេកអាចនាំឱ្យមានពងបែក។

កុំដើរដោយជើងទទេ។ លោកអ្នកមិនត្រូវជាន់លើថ្ម   ដែកគោល  ឬបំណែកកញ្ចក់តូចៗ   ដែលអាចធ្វើឱ្យមុតជើងរបស់លោកអ្នកទេ។ សូមពាក់ស្បែកជើងផ្ទាត់នៅផ្ទះ។

ត្រូវប្រាកដថា   ផ្នែកខាងក្នុងនៃស្រោមជើង   និងស្បែកជើងរបស់លោកអ្នកស្អាត   ហើយមិនមានក្រួសតូចៗឬកម្ទេចកម្ទី   ដែលអាចធ្វើឱ្យដាច់ជើងលោកអ្នកបាន។

រក្សាជើងឱ្យស្អាត។ កុំត្រាំជើងក្នុងទឹកយូរពេក។ នេះអាចធ្វើឱ្យស្បែករបស់លោកអ្នកស្ងួត។

សូមជូតជើងរបស់លោកអ្នកឱ្យស្ងួតល្អ    បន្ទាប់ពីងូតទឹករួច។ ត្រូវប្រាកដថា   លោកអ្នកជូតចន្លោះម្រាមជើងរបស់លោកអ្នកផងដែរ។

បន្ទាប់ពីលោកអ្នកងូតទឹក   និងជូតប្រអប់ជើងរបស់លោកអ្នករួច   សូមផ្តល់សំណើមដល់ស្បែករបស់លោកអ្នក។ សូមលាបឡេ   ឬប្រេងក្រមួន (petroleum jelly) លើស្បែក   និងកែងជើងរបស់អ្នក   ដើម្បីកុំអោយពួកវាស្ងួត   និងប្រេះ។ កុំលាបឡេ   ឬចាហួយនៅចន្លោះម្រាមជើងរបស់លោកអ្នក   នេះអាចបណ្តាលឱ្យមានការឆ្លងមេរោគ។

ក្នុងរដូវរងា   អាកាសធាតុត្រជាក់   និងប្រព័ន្ធកម្តៅ អាចធ្វើឱ្យស្បែករបស់លោកអ្នកស្ងួត។ សូមយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើឱ្យជើងរបស់លោកអ្នកមានសំណើម   និងធ្វើឱ្យពួកវាមានភាពកក់ក្តៅ។ សូមពាក់ស្រោមជើងពេលគេង   ប្រសិនបើលោកអ្នករងា។

ម្រាមជើង   និងការធ្វើក្រចក

សូមកុំបណ្តាយឱ្យគែមម្រាមជើងរបស់លោកអ្នក   ដុះទៅជាស្បែក។ នេះអាចបណ្តាលឱ្យក្រចកដុះត្រចៀកក្រាញ់់ ( ingrown toenail) ។

សូមរុះក្រចកម្រាមជើងរបស់លោកអ្នក   ជាមួយប្រដាប់រុះក្រចក។ លោកអ្នកក៏អាចឱ្យអ្នកឯកទេសខាងក្រចក   ឬអ្នកឯកទេសខាងព្យាបាលជើង (podiatrist)    កាត់តម្រឹម   ឬរុះក្រចកម្រាមជើងរបស់លោកអ្នកឱ្យបានទៀងទាត់។ ប្រសិនបើលោកអ្នកធ្វើក្រចកនៅហាងធ្វើក្រចក   សូមយកឧបករណ៍ធ្វើក្រចកផ្ទាល់ខ្លួនទៅជាមួយ ។

សូមកុំប្រើអ្វីដែលមុតស្រួច   ដើម្បីសម្អាតក្រចកនៅក្រោមម្រាមជើងរបស់លោកអ្នក    ឬដើម្បីយកស្បែកក្រិន ចេញ។ លោកអ្នកមិនចង់ឱ្យមុតដោយចៃដន្យ   ដែលអាចអនុញ្ញាតឱ្យមានការឆ្លងមេរោគនោះទេ។ លោកអ្នកអាចប្រើថ្មដុសកែងជើង   ដើម្បីធ្វើឱ្យកែងជើងរបស់លោកអ្នករាបស្មើ    បន្ទាប់ពីងូតទឹករួច។ សូមកុំត្រដុសខ្លាំងពេក។

ការជួយការពារការឆ្លងមេរោគ

សូមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់   ដើម្បីឱ្យលំហូរឈាមរបស់លោកអ្នកមានសុខភាពល្អ។

សូមមើលកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នក   ហើយធ្វើតាមរបបអាហាររបស់លោកអ្នក   តាមការណែនាំរបស់វេជ្ជបណ្ឌិត។ ប្រសិនបើលោកអ្នករក្សាជាតិស្ករក្នុងឈាម   និងទម្ងន់របស់លោកអ្នកឱ្យនៅក្រោមការគ្រប់គ្រង   លោកអ្នកអាចមានបញ្ហាជើងតិចជាងមុន។

កុំជក់បារី។ ការជក់បារីអាចធ្វើឱ្យសសៃឈាមរបស់លោកអ្នករួមតូច   និងបង្កើនឱកាសរបស់លោកអ្នកប្រឈមនឹងបញ្ហាប្រអប់ជើង។

សូមកត់សម្គាល់ផងដែរនូវ   ការមុត   ស្នាមឆូត    ការដាច់រលាត់   ពងបែក   ស្បែកក្រាស់   ឬ ស្បែកក្រិនទោះបីជាវាតូចក៏ដោយ។ សូមប្រាប់គ្រូពេទ្យ   ឬគ្រូពេទ្យឯកទេសរោគជើង   ក្នុងករណីដែលលោកអ្នកត្រូវការការព្យាបាល។

ពេលណាត្រូវទូរស័ព្ទទៅគ្រូពេទ្យ

ចូររកមើលការឡើងក្រហម   ហើម   ឬការហូរទឹករងៃ   ដែលអាចជាសញ្ញានៃការឆ្លងមេរោគ។ ប្រសិនបើ

លោកអ្នកគិតថា   មានការចាប់ផ្តើមឆ្លងមេរោគ   សូមរកជំនួយពីគ្រូពេទ្យ។

សូមរកមើលដំបៅលើជើង   ដែលត្រូវបានហៅថាដំបៅរលួយ (ulcers) ។ ពួកវាច្រើនតែវិវឌ្ឍនៅភ្នែកគោលនៃប្រអប់ជើង   ឬនៅបាតម្រាមជើងរបស់លោកអ្នក។ សូមប្រាប់គ្រូពេទ្យរបស់លោកអ្នក    ប្រសិនបើលោកអ្នកគិតថាលោកអ្នកមានវា។

ក្រចកដែលមើលទៅរាងក្រាស់    ពណ៌លឿង    មានការប្រែប្រួលរូបរាង   ឆ្នូត   ឬមិនដុះដូចធម្មតា   អាចជាសញ្ញានៃការឆ្លងមេរោគ។

ប្រសិនបើជើង  កជើង ឬម្រាមជើងរបស់លោកអ្នកហើម   ក្រហម   ប៉ះទៅក្តៅ   ផ្លាស់ប្តូររាង   ឬទំហំ   ឬឈឺអំឡុងពេលធ្វើចលនាធម្មតា   លោកអ្នកអាចគ្រេច   ឬបាក់ឆ្អឹង។ សូមហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់លោកអ្នក   ឬស្វែងរកការព្យាបាលភ្លាមៗ។ ការបំផ្លាញសរសៃប្រសាទរបស់លោកអ្នក   ដែលហៅថាជំងឺសរសៃប្រសាទដែលបណ្តាលមកពីជំងឺទឹកនោម (diabetic neuropathy)   អាចបង្កើនឱកាសរបស់លោកអ្នក   ក្នុងការមានជំងឺធ្ងន់ធ្ងរ   ដែលត្រូវបានគេហៅថា   Charcot foot    ដែលបណ្តាលឱ្យមានការផ្លាស់ប្តូររូបរាងប្រអប់ជើង។

សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់លោកអ្នក   ប្រសិនបើលោកអ្នកមានបញ្ហាប្រអប់ជើងស្រាលៗដូចជា   ការហើមមេជើង     ម្រាមជើងកោងចុះក្រោម    កើតឫស   ឬក្រចកកើតត្រចៀកក្រាញ់   ការឆ្លងមេរោគផ្សិត។ ព្យាបាលបញ្ហាទាំងនេះ    មុនពេលដែលពួកវាកាន់តែធ្ងន់ធ្ងរ។

ប្រសិនបើលោកអ្នកឃើញ   ឫស   ស្បែកក្រាស់    ឬ   ស្បែកក្រិន   នៅលើប្រអប់ជើងរបស់លោកអ្នក   សូមកុំព្យាយាមព្យាបាលវាដោយប្រើបន្ទះ   ឬវត្ថុរាវដែលគេលក់នៅតាមបញ្ជរ   ដែលគ្មានវេជ្ជបញ្ជាដោយខ្លួនឯង។ សូមកុំព្យាយាមកាត់វាចេញពីស្បែករបស់លោកអ្នក។ សូមសាកសួរគ្រូពេទ្យផ្នែករោគជើង  ឬគ្រូពេទ្យរបស់លោកអ្នដើម្បីយកវាចេញដោយសុវត្ថិភាព។

Leave a Comment