ជំងឺបេះដូង និងសារធាតុប្រឆាំងអុកស៊ីតកម្ម

ជំងឺបេះដូង និងសារធាតុប្រឆាំងអុកស៊ីតកម្ម (Heart DIsease and Antioxidants)

សារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ដែលលោកអ្នកទទួលបានពីអាហារមួយចំនួន គឺជាផ្នែកមួយដ៏ធំនៃរបៀបរស់នៅដែលល្អចំពោះសុខភាពបេះដូង។ លោកអ្នកនឹងទទួលបានសារធាតុនេះច្រើន ពីផ្លែឈើ, បន្លែ, គ្រប់គ្រាប់ធញ្ញជាតិ, សណ្តែក, គ្រាប់រុក្ខជាតិ (legumes), និងគ្រាប់ផ្លែឈើ (nut)។ លោកអ្នកក៏នឹងទទួលបានជាតិសរសៃ និងរសជាតិដ៏អស្ចារ្យផងដែរពីប្រភេទអាហារទាំងនេះ។ នេះគឺជាផែនការឈ្នះ-ឈ្នះ។

ប្រសិនបើលោកអ្នកកំពុងគិតអំពីការប្រើថ្នាំបំប៉ន សូមចងចាំថាថ្នាំបំប៉ននេះមិនផ្តល់នូវអត្ថប្រយោជន៍ដូចសារធាតុប្រឆាំងអុកស៊ីតកម្មដែលលោកអ្នកទទួលបានពីអាហារនោះទេ។

កងកម្លាំងសេវាកម្មបង្ការអាម៉េរិក (U.S. Preventive Services Task Force – USPSTF) បាននិយាយថា គ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាវីតាមីនចម្រុះឬថ្នាំរ៉ែបំប៉ន អាចកាត់បន្ថយឱកាសកើតជំងឺបេះដូងឡើយ។

 

វីតាមីន E និងថ្នាំបំប៉ន Beta-Carotene 

តាមការស្រាវជ្រាវមិនបានបង្ហាញថា វីតាមីនបំប៉ន E មានអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺបេះដូងទេ។ ប៉ុន្តែក៏មិនមានភ័ស្តុតាងណាមួយបង្ហាញថាវាមានគ្រោះថ្នាក់ដែរ។ លោកអ្នកអាចទទួលបានវីតាមីន E នេះ ពីក្នុងអាហារ ដូចជាគ្រាប់ផ្លែឈើ, បន្លែស្លឹកបៃតង, ប្រេងគ្រាប់ធញ្ញជាតិ, និងអាហារធញ្ញជាតិដែលបានបន្ថែមវីតាមីន (fortified cereals)។

វាក៏គ្មានភ័ស្តុតាងណាបញ្ជាក់ថាថ្នាំបំប៉ន Beta-carotene អាចប្រឆាំងនឹងជំងឺបេះដូងបាននោះដែរ។ តាមការសិក្សាខ្លះបានបង្ហាញថា អ្នកដែលជក់បារីឬផឹកគ្រឿងស្រវឹងច្រើន ហើយលេបថ្នាំ Beta-carotene គឺពិតជាឆាប់កើតជំងឺបេះដូង។

USPSTF បានណែនាំមិនឱ្យប្រើថ្នាំបំប៉ន Beta-carotene ឬវីតាមីន E ឡើយ ប្រសិនបើលោកអ្នកមានគោលដៅការពារជំងឺបេះដូង។

សូមលោកអ្នកចាំថា អនុសាសន៍នោះគ្រាន់តែអនុវត្តចំពោះថ្នាំបំប៉នប៉ុណ្ណោះ។ យោងតាម ​​USPSTF របបអាហារដែលសម្បូរទៅដោយផ្លែឈើ, បន្លែ, គ្រាប់ធញ្ញជាតិ, ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់ និងមានខ្លាញ់ទាប, និងអាហារសមុទ្រ អាចជួយបន្ថយហានិភ័យកើតជំងឺបេះដូង។ លោកអ្នកក៏អាចទទួលបាន Beta-carotene ពីផ្លែឈើ និងបន្លែ ដូចជាការុត, ដំឡូងជ្វា, បន្លែល្វីង (Spinach), និងប៉េងប៉ោះ។

Leave a Comment