ការគាំងបេះដូងស្លាប់ភ្លាមៗ (Sudden Cardiac Death – SCD) គឺជាការស្លាប់ភ្លាមៗ ដោយមិននឹកស្មាន ដែលបណ្តាលមកពីការផ្លាស់ប្តូរចង្វាក់បេះដូង (ការគាំងបេះដូងភ្លាមៗ)។ វាគឺជាបុព្វហេតុធំនៃការស្លាប់តាមធម្មជាតិ នៅសហរដ្ឋអាម៉េរិក ដែលបណ្តាលឱ្យមនុស្សពេញវ័យប្រមាណ ៣២៥ ០០០ នាក់បានស្លាប់ ជារៀងរាល់ឆ្នាំ។ អ្នកស្លាប់ដោយសារជំងឺបេះដូង មានពាក់កណ្តាលស្លាប់ដោយសារ SCD។
តើការគាំងបេះដូងស្លាប់ភ្លាមៗខុសពីការគាំងបេះដូងយ៉ាងដូចម្តេច?
ការគាំងបេះដូងស្លាប់ភ្លាមៗ មិនមែនជាការគាំងបេះដូងទេ (Myocardial Infarction) ប៉ុន្តែអាចកើតមានក្នុងអំឡុងពេលគាំងបេះដូង។ ការគាំងបេះដូងកើតឡើងនៅពេលមានការស្ទះនៅក្នុងសរសៃឈាមមួយឬច្រើន ដែលរារាំងបេះដូងមិនឱ្យទទួលបានឈាមដែលមានអុកស៊ីសែនគ្រប់គ្រាន់។ ប្រសិនបើអុកស៊ីសែននៅក្នុងឈាមមិនអាចទៅដល់សាច់ដុំបេះដូងទេ នោះបេះដូងនឹងខូច។
ផ្ទុយទៅវិញ ការគាំងបេះដូងស្លាប់ភ្លាមៗកើតឡើង នៅពេលដែលប្រព័ន្ធអគ្គិសនីទៅកាន់បេះដូង ធ្វើការមិនបានត្រឹមត្រូវ ហើយប្រែជាមិនទៀងទាត់ភ្លាមៗ។ បេះដូងលោតលឿនខ្លាំងពេក។ ថតបេះដូងខាងក្រោមអាចនឹងរញ្ជួយ (Ventricular Fibrillation) ហើយរាងកាយមិនបានទទួលឈាម។ ក្នុងរយៈពេលពីរបីនាទីដំបូង ការព្រួយបារម្ភដ៏ធំបំផុតគឺថាលំហូរឈាមទៅកាន់ខួរក្បាលនឹងត្រូវកាត់បន្ថយ ដែលមនុស្សម្នាក់នោះនឹងបាត់បង់ស្មារតី។ មនុស្សម្នាក់នោះអាចនឹងស្លាប់ លើកលែងតែមានការព្យាបាលបន្ទាន់។
ការព្យាបាលបន្ទាន់ រួមមានការជួយសង្គ្រោះបេះដូង និងការឆក់បេះដូង។ CPR គឺជាបច្ចេកទេសធ្វើដោយដៃ ដោយប្រើសង្កត់លើទ្រូង និងផ្លុំដកដង្ហើមចូលតាមផ្លូវដង្ហើមរបស់អ្នកជំងឺម្តងហើយម្តងទៀត ដើមី្បរក្សាអុកស៊ីសែន និងឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល រហូតដល់បេះដូងលោតវិញ ជាមួយនឹងការឆក់អគ្គិសនីទ្រូង ដែលជានីតិវិធីហៅថា ការឆក់បេះដូង។ កងពលតូចសង្គ្រោះបន្ទាន់ប្រើឧបករណ៍ឆក់បេះដូងចល័ត ហើយជារឿយៗ ក៏អាចមានឧបករណ៍ឆក់បេះដូងដែរ (AEDs, ឧបករណ៍ឆក់បេះដូងខាងក្រៅស្វ័យប្រវត្ត – Automated External Defibrillators) នៅក្នុងទីតាំងសាធារណៈ ដែលបម្រុងទុកសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ពេលសង្កេតឃើញមានមនុស្សគាំងបេះដូង។
តើអាការគាំងបេះដូងភ្លាមៗមានអ្វីខ្លះ?
មនុស្សមួយចំនួនអាចគាំងបេះដូងភ្លាមៗ ដូចជាចង្វាក់បេះដូងលោតលឿន ឬមានអារម្មណ៍វិលមុខ ដោយហេតុទាំងនេះចង់ប្រាប់ថា ចង្វាក់បេះដូងចាប់ផ្តើមមានគ្រោះថ្នាក់ហើយ។ ប៉ុន្តែករណីគាំងបេះដូងភ្លាមៗនេះមានពាក់កណ្តាលកើតឡើងដោយគ្មានបង្ហាញអាការឱ្យដឹងមុនឡើយ។
តើអ្វីបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ?
ការគាំងបេះដូងស្លាប់ភ្លាមៗភាគច្រើនបណ្តាលមកពីចង្វាក់បេះដូងមិនធម្មតា ដែលហៅថា Arrhythmias។ ចំពោះ Arrhythmias ដែលគំរាមកំហែងដល់អាយុជីវិតទូទៅបំផុត គឺ Ventricular Fibrillation ជាបញ្ហារបស់ថតបេះដូងខាងក្រោម (Ventricle) ធ្វើការមិនប្រក្រតី និងមានសន្ទុះមិនត្រឹមត្រូវ។ នៅពេលបញ្ហានេះកើតឡើង បេះដូងមិនអាចច្របាច់ឈាមបានទេ ហើយក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ មនុស្សនឹងត្រូវស្លាប់ ប្រសិនបើមិនបានជួយសង្គ្រោះ។
តើកត្តាហានិភ័យនៃការគាំងបេះដូងស្លាប់ភ្លាមៗមានអ្វីខ្លះ?
មានកត្តាហានិភ័យជាច្រើនដែលអាចធ្វើឱ្យគាំងបេះដូង និងគាំងបេះដូងស្លាប់ភ្លាមៗ រួមមាន ៖
កត្តាហានិភ័យផ្សេងទៀតនៃការគាំងបេះដូងភ្លាមៗ រួមមាន ៖
តើអាចបង្ការការគាំងបេះដូងស្លាប់ភ្លាមៗបានទេ?
ប្រសិនបើលោកអ្នកមានកត្តាហានិភ័យណាមួយ ក្នុងការគាំងបេះដូងស្លាប់ភ្លាមៗ (ដែលបានរៀបរាប់ខាងលើ) វាជារឿងសំខាន់ដែលលោកអ្នកត្រូវនិយាយជាមួយគ្រូពេទ្យ អំពីវិធីសាស្ត្រ ដើម្បីកាត់បន្ថយហានិភ័យ។
សូមទៅជួបគ្រូពេទ្យជាប្រចាំតាមការណាត់ជួបដើមី្បធ្វើការផ្លាស់ប្តូររបៀបរស់នៅ, ការប្រើថ្នាំតាមវេជ្ជបញ្ជា, និងនីតិវិធីអន្តរាគមន៍ ឬវះកាត់ (តាមការណែនាំ) ទាំងនេះគឺជាវិធីដែលលោកអ្នកអាចកាត់បន្ថយហានិភ័យបាន។
ការតាមដានជំងឺជាមួយគ្រូពេទ្យ ៖ គ្រូពេទ្យនឹងប្រាប់ថាតើ លោកអ្នកត្រូវការតាមដានញឹកញាប់ប៉ុណ្ណា។ ដើម្បីបងា្ករការគាំងបេះដូងស្លាប់ភ្លាមៗទៅអនាគត គ្រូពេទ្យអាចនឹងធ្វើតេស្តរោគវិនិច្ឆ័យ ដើម្បីរកមើលថាតើមូលហេតុអ្វីដែលធ្វើឱ្យកើតមានបញ្ហាបេះដូង។ ការធ្វើតេស្តអាចរួមមាន Electrocardiogram (ECG ឬ EKG), ambulatory monitoring, echocardiogram, cardiac catheterization, and electrophysiology studies។
Ejection Fraction (EF) ៖ EF គឺជាការវាស់វែងភាគរយរបស់ឈាម ដែលបានច្របាច់ចេញពីបេះដូងពេលលោតម្តងៗ។ គេអាចវាស់ EF នៅការិយាល័យគ្រូពេទ្យក្នុងពេល Echocardiogram ឬពេលធ្វើតេស្តផ្សេងៗដូចជា ការស្កេន MUGA (Multiple Gated Acquisition), Cardiac Catheterization, Nuclear Stress Test, ឬ Magnetic Resonance Imaging (MRI) លើបេះដូង។ EF បេះដូងសុខភាពល្អ មានចាប់ពី ៥៥% ទៅ ៧៥% ។ EF អាចឡើងចុះ ដោយផ្អែកលើលក្ខខណ្ឌបេះដូង និងប្រសិទ្ធភាពនៃការព្យាបាល ដែលគ្រូពេទ្យបានវេជ្ជបញ្ជា។ ប្រសិនបើលោកអ្នកមានជំងឺបេះដូង លោកអ្នកចាំបាច់ត្រូវវាស់ EF របស់លោកអ្នកជាមុន ហើយបន្ទាប់មកធ្វើតាមតម្រូវការជាក់ស្តែង ដោយផ្អែកលើការផ្លាស់ប្តូររបស់លក្ខខណ្ឌជំងឺលោកអ្នក។ សូមសួរគ្រូពេទ្យថាតើលោកអ្នកគួរតែពិនិត្យ EF ញឹកញាប់ប៉ុណ្ណា។
ការកាត់បន្ថយកត្តាហានិភ័យ ៖ ប្រសិនបើលោកអ្នកមានជំងឺសរសៃឈាមបេះដូង ឬទោះបីជាលោកអ្នកគ្មានជំងឺក៏ដោយ ក៏លោកអ្នកគួរផ្លាស់ប្តូររបៀបរស់នៅតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យគាំងបេះដូងភ្លាមៗ។ ការផ្លាស់ប្តូររបៀបរស់នៅ រួមមាន ៖
ប្រសិនបើលោកអ្នកមានសំណួរឬមិនប្រាកដថាតើគួរផ្លាស់ប្តូរដូចម្តេច ដូច្នេះសូមទៅជួបពិភាក្សាជាមួយគ្រូពេទ្យរបស់លោកអ្នក។ អ្នកជំងឺ និងក្រុមគ្រួសារគួរតែដឹងពីរោគសញ្ញា និងអាការជំងឺសរសៃឈាម និងជំហានដែលត្រូវធ្វើ ប្រសិនបើអាការជំងឺកើតឡើង។
ការប្រើថ្នាំ ៖ ដើម្បីជួយកាត់បន្ថយហានិភ័យគាំងបេះដូងភ្លាមៗ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំដល់អ្នកដែលធ្លាប់មានជំងឺគាំងបេះដូង ឬអ្នកដែលមានជំងឺខ្សោយបេះដូង ឬ Arrhythmias ដូចជាចង្វាក់បេះដូងលោតមិនទៀងទាត់។ ថ្នាំទាំងនោះរួមមាន ACE inhibitors, beta-blockers, calcium-chan nel blockers និងថ្នាំ antiarrhythmics ផ្សេងទៀត។ ចំពោះអ្នកជំងឺដែលមានកូឡេស្តេរ៉ូលខ្ពស់ និងជំងឺសរសៃឈាមបេះដូង គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំ Statin។
បន្ទាប់មក គ្រូពេទ្យនឹងផ្តល់ការណែនាំជាក់លាក់បន្ថែមទៀតឱ្យលោកអ្នក។ វាជារឿងសំខាន់ណាស់ដែលលោកអ្នកត្រូវស្គាល់ឈ្មោះថ្នាំ និងការណែនាំដែលលោកអ្នកត្រូវធ្វើតាម នៅពេលប្រើថ្នាំនោះ។ ប្រសិនបើលោកអ្នកមានសំណួរ សូមសួរគ្រូពេទ្យឬឱសថការី។
Implantable cardioverter-defibrillator (ICD) ៖ សម្រាប់មនុស្សដែលមានកត្តាហានិភ័យខ្ពស់ក្នុងការគាំងបេះដូងស្លាប់ភ្លាមៗ ប្រហែលជាត្រូវបញ្ចូលការព្យាបាលដោយ ICD។ ICD គឺជាម៉ាស៊ីនតូចមួយ ស្រដៀងនឹង Pacemaker ដែលត្រូវបានរចនាឡើងដើម្បីកែតម្រូវ Arrhythmias។ វាតាមរក ហើយបន្ទាប់មកវានឹងកែចង្វាក់បេះដូងលោតលឿននោះ។ ICD តាមដានចង្វាក់បេះដូងជាប់ជានិច្ច។ នៅពេលវារកឃើញចង្វាក់បេះដូងលោតលឿនឬយឺត វានឹងផ្តល់ថាមពល (ការឆក់តូចមួយប៉ុន្តែមានឥទ្ធិពលខ្លាំង) ដល់សាច់ដុំបេះដូង ដើមី្បធ្វើឱ្យបេះដូងលោតចង្វាក់ធម្មតាឡើងវិញ។ ICD ក៏មានកត់ត្រាទិន្នន័យចង្វាក់បេះដូងដែលលោតខុសធម្មតា ដែលនេះអាចឱ្យគ្រូពេទ្យពិនិត្យឡើងវិញ ដោយប្រើម៉ាស៊ីនពិសេសរក្សាទុកនៅមន្ទីរពេទ្យ។
ICD អាចត្រូវប្រើចំពោះអ្នកជំងឺដែលបានរួចផុតពីការគាំងបេះដូងភ្លាមៗ និងត្រូវការតាមដានចង្វាក់បេះដូងរបស់ពួកគេ។ វាក៏អាចប្រើផ្សំជាមួយ Pacemaker ដើម្បីព្យាបាលបញ្ហាចង្វាក់បេះដូងមិនទៀងទាត់ផ្សេងទៀត។
នីតិវិធីអន្តរាគមន៍ (Interventional Procedures) ឬការវះកាត់ ៖ សម្រាប់អ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង នីតិវិធីអន្តរាគមន៍ ដូចជា Angioplasty (ការជួសជុលសរសៃឈាម) ឬការវះកាត់វាង (Bypass Surgery) អាចនឹងត្រូវការ ដើម្បីធ្វើឱ្យលំហូរឈាមទៅកាន់សាច់ដុំបេះដូងល្អឡើងវិញ និងកាត់បន្ថយហានិភ័យ SCD។ ចំពោះអ្នកជំងឺដែលមានបញ្ហាផ្សេង ដូចជា Hypertrophic Cardiomyopathy និងជំងឺបេះដូងពីកំណើត, នឹងត្រូវការនីតិវិធីអន្តរាគមន៍ និងការវះកាត់ដើមី្បដោះស្រាយបញ្ហា។ ដោយឡែក មាននីតិវិធីអន្តរាគមន៍ផ្សេងទៀត សម្រាប់ដើម្បីព្យាបាលចង្វាក់បេះដូងមិនធម្មតា រួមទាំង Electrical Cardioversion និង Catheter Ablation។
នៅពេលដែលមានការគាំងបេះដូងនៅក្នុងថតបេះដូងឆ្វេងខាងក្រោម (ថតច្របាច់ឈាមផ្នែកខាងក្រោមនៃបេះដូង) វានឹងបង្កចេញជាស្លាកស្នាម។ ជាលិកាស្លាកស្នាមនោះអាចនឹងបង្កើនហានិភ័យឱ្យកើតជំងឺ Tachycardia Ventricular ។ Electrophysiologist (គ្រូពេទ្យជំនាញជំងឺអគ្គិសនីបេះដូង) អាចកំណត់ពីបញ្ហាជាក់លាក់ ដែលបណ្តាលឱ្យមានដំណើរការមិនប្រក្រតី។ Electrophysiologist ដោយធ្វើការជាមួយគ្រូពេទ្យវះកាត់ (Surgeon) អាចរួមបញ្ចូលគ្នា Ablation (ការប្រើប្រាស់ថាមពលអគ្គីសនី ដែលមានថាមពលខ្ពស់ ដើម្បីផ្តាច់ចរន្តអគ្គិសនីដែលមិនធម្មតានៅក្នុងបេះដូង) ជាមួយនឹងការវះកាត់ស្ថាបនាថតបេះដូងឆ្វេងខាងក្រោមឡើងវិញ ផ្នែកខាងឆ្វេងនៃបំពង់ស្រូបយកបេះដូង (ការវះកាត់យកជាលិកាបេះដូងដែលងាប់ចេញ) ។
ការអប់រំសមាជិកក្នុងគ្រួសារ ៖ ប្រសិនបើលោកអ្នកមានហានិភ័យ SCD សូមនិយាយជាមួយសមាជិកគ្រួសាររបស់លោកអ្នកដើម្បីឱ្យពួកគេយល់ពីលក្ខខណ្ឌជំងឺរបស់លោកអ្នក និងសារសំខាន់នៃការស្វែងរកការសង្គ្រោះបន្ទាន់ ក្នុងករណីមានអាសន្ន។ សមាជិកគ្រួសារ និងមិត្តភក្តិរបស់អ្នកជំងឺដែលមានហានិភ័យ SCD គួរតែដឹងពីរបៀបអនុវត្ត CPR។ ភាគច្រើននៅតាមសហគមន៍ មានថ្នាក់បង្រៀនមុខវិជ្ជានេះ។
តើការគាំងបេះដូងភ្លាមៗអាចព្យាបាលបានទេ?
បាន។ ការគាំងបេះដូងភ្លាមៗអាចព្យាបាលបាន ប៉ុន្តែត្រូវតែសង្គ្រោះបន្ទាន់ភ្លាមដែរ។ ប្រសិនបើអាចជួយសង្គ្រោះ ក្នុងរយៈប៉ុន្មាននាទីដំបូង បន្ទាប់ពីគាំងបេះដូងភ្លាមៗ នោះនឹងមានឱកាសរស់មានជីវិតដល់ទៅ ៩០%។ អត្រារស់រានមានជីវិត នឹងថយចុះប្រហែល ១០% រាល់នាទី បើសិនគ្មានការជួយសង្គ្រោះ។ អ្នកដែលបានរស់រានមានជីវិត នឹងមានជំហរល្អប្រសើរជាងមុន។
តើគួរធ្វើដូចម្តេចប្រសិនបើឃើញអ្នកគាំងបេះដូងភ្លាមៗ?
ប្រសិនបើលោកអ្នកឃើញនរណាម្នាក់គាំងបេះដូងភ្លាមៗ សូមទូរស័ព្ទទៅ ១១៩ ឬបុគ្គលិកសង្គ្រោះបន្ទាន់ក្នុងតំបន់របស់លោកអ្នក និងផ្តួចផ្តើមធ្វើ CPR ។ ប្រសិនបើធ្វើ CPR បានត្រឹមត្រូវ នឹងអាចជួយសង្គ្រោះអាយុជីវិតអ្នកនោះបាន ព្រោះនីតិវិធីនេះជួយរក្សាឈាម និងអុកស៊ីសែនសាយភាយពេញរាងកាយ រង់ចាំរហូតដល់ជំនួយមកដល់។
ប្រសិនបើមាន AED ព្រមជាមួយ defibrillation នោះជារឿងល្អបំផុតដែលអាចជួយសង្គ្រោះជីវិតបុគ្គលម្នាក់នោះ។ បើសិនប្រើ defibrillation បានលឿនពេលណា មនុស្សម្នាក់នោះនឹងមានឱកាសច្រើនក្នុងការរស់រានមានជីវិត។ និយាយរួម គឺ CPR ដែលបូករួមជាមួយ defibrillation ដែលជួយសង្គ្រោះមនុស្សម្នាក់នោះ។
បន្ទាប់ពី defibrillation បានជោគជ័យហើយ អ្នកនោះឯងត្រូវការបញ្ជូនទៅថែទាំនៅមន្ទីរពេទ្យ ដើម្បីព្យាបាល និងបង្ការបញ្ហាបេះដូងនាពេលអនាគត។
ការគាំងបេះដូងស្លាប់ភ្លាមៗ និងអត្តពលិក
SCD កម្រកើតឡើងចំពោះអត្តពលិកណាស់ ប៉ុន្តែនៅពេលវាកើតឡើង ជារឿយៗវាធ្វើឱ្យយើងស្លុត និងពិបាកជឿ។
មូលហេតុ ៖ ករណី SCD ជាច្រើនទាក់ទងទៅនឹងជំងឺបេះដូងដែលមិនបានដឹង។ ក្នុងចំណោមប្រជាជនវ័យក្មេង SCD ជារឿយៗបណ្តាលមកពីពិការភាពបេះដូងពីកំណើត ខណៈពេលដែលចំពោះអត្តពលិកវ័យចំណាស់វិញ (អាយុ ៣៥ ឆ្នាំឡើងទៅ) កើត SCD ដោយទាក់ទងនឹងជំងឺសរសៃឈាមបេះដូង។
Prevalence ៖ នៅក្នុងចំណោមប្រជាជនវ័យក្មេង SCD ភាគច្រើនកើតឡើងនៅពេលលេងកីឡាជាក្រុម។ វាកើតចំពោះអត្តពលិកម្នាក់ ក្នុងចំណោមអត្តពលិក ៥0 000 ហើយភាគច្រើនជាបុរស។ ចំពោះអត្តពលិកវ័យចំណាស់ (អាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ) SCD កើតឡើងពេលកំពុងរត់ឬរត់ត្រឹកៗ។
Screening ៖ សមាគមបេះដូងអាម៉េរិកបានណែនាំឱ្យធ្វើការពិនិត្យជំងឺបេះដូង (cardiovascular screening) ចំពោះអត្តពលិកនៅវិទ្យាល័យ និងមហាវិទ្យាល័យ និងគួរមានការវាយតម្លៃពេញលេញ និងដោយប្រុងប្រយ័ត្នលើប្រវត្តិផ្ទាល់ខ្លួន និងគ្រួសាររបស់អត្តពលិក និងការពិនិត្យរាងកាយ។ ការពិនិត្យគួរតែធ្វើរៀងរាល់ ២ ឆ្នាំម្តង ដោយរក្សាទុកប្រវតិ្តពិនិត្យនោះជារៀងរាល់ឆ្នាំ។ ការពិនិត្យដោយ Electrocardiogram អាចរកឃើញ asymptomatic heart disease ចំពោះមនុស្សវ័យក្មេងមួយចំនួន។ បុរសដែលមានអាយុលើសពី ៤០ ឆ្នាំ និងស្ត្រីដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ក៏គួរតែពិនិត្យដោយហ្មត់ចត់ និងទទួលការអប់រំអំពីកត្តាហានិភ័យ និងអាការជំងឺបេះដូង។ ពួកគេក៏ត្រូវការស្ត្រេសតេស្ត ដោយផ្អែកលើការវាយតម្លៃរបស់គ្រូពេទ្យផងដែរ។ ប្រសិនបើគេកំណត់អត្តសញ្ញាណឬសង្ស័យថាមានបញ្ហាបេះដូង នោះគួរតែបញ្ជូនបុគ្គលនោះទៅអ្នកជំនាញផ្នែកបេះដូង ដើម្បីធ្វើការវាយតម្លៃ និងផ្តល់គោលការណ៍ព្យាបាល មុនពេលចូលរួមក្នុងកីឡា។