តើការវះកាត់សម្រកទម្ងន់ស័ក្តិសមសម្រាប់លោកអ្នកទេ?

Source: https://www.sharecare.com

លោកអ្នកអាចជាបេក្ខជនសម្រាប់ការវះកាត់សម្រកទម្ងន់ប្រសិនបើ៖

មនុស្សវ័យជំទង់ជាធម្មតាមិនទទួលការវះកាត់សម្រកទម្ងន់ទេ   លុះត្រាតែពួកគេធាត់ខ្លាំងដោយមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) យ៉ាងហោចណាស់ ៣៥     ហើយមានស្ថានភាពសុខភាពទាក់ទងនឹងទម្ងន់។

ប្រសិនបើលោកអ្នកកំពុងគិតអំពីការវះកាត់សម្រកទម្ងន់   សូមពិគ្រោះជាមួយគ្រូពេទ្យថាតើវាជាជម្រើសល្អសម្រាប់លោកអ្នកដែរឬទេ។

ការវះកាត់សម្រកទម្ងន់ ៤ ប្រភេទ

នៅពេលលោកអ្នកទទួលការវះកាត់សម្រកទម្ងន់   គ្រូពេទ្យវះកាត់ធ្វើការផ្លាស់ប្តូរក្រពះ   ឬពោះវៀនតូច   ឬទាំងពីរ។ ទាំងនេះគឺជាវិធីវះកាត់ ៤ យ៉ាងដែលគ្រូពេទ្យវះកាត់ប្រើជាធម្មតា៖

ការវះកាត់វាងផ្លូវក្រពះ (Gastric Bypass)៖ គ្រូពេទ្យអាចហៅការវះកាត់នេះថា “Roux-en-Y”    ការវះកាត់វាងផ្លូវក្រពះ (gastric bypass)   ឬ RYGB។ គ្រូពេទ្យវះកាត់ទុកតែផ្នែកតូចមួយនៃក្រពះ (ហៅថាថង់) ។ ថង់នោះមិនអាចផ្ទុកចំណីបានច្រើនទេ  ដូច្នេះលោកអ្នកញ៉ាំតិច។ អាហារដែលលោកអ្នកញ៉ាំធ្វើដំណើរឆ្លងកាត់ក្រពះដែលនៅសល់   (ធ្វើដំណើរចេញពីថង់ទៅពោះវៀនតូចរបស់លោកអ្នកតែម្តង)។ ការវះកាត់នេះច្រើនតែអាចធ្វើទៅបានតាមរយៈការវះកាត់តូចៗជាច្រើន   ដោយប្រើម៉ាស៊ីនថតដើម្បីមើលខាងក្នុង (ឧបករណ៍ឆ្លុះពោះ “laparoscope” ) ។ វេជ្ជបណ្ឌិតក៏អាចធ្វើការវះកាត់វាងផ្លូវក្រពះខ្នាតតូច   ដែលនីតិវិធីស្រដៀងគ្នានេះត្រូវបានអនុវត្តតាមរយៈឧបករណ៍ឆ្លុះពោះ។

ការវះកាត់ដាក់កងដែលអាចកែតម្រូវបានលើក្រពះ (Adjustable Gastric Band) ៖ គ្រូពេទ្យវះកាត់ដាក់ក្រុមកងតូចមួយនៅខាងលើក្រពះរបស់លោកអ្នក។ កងនោះមានប៉េងប៉ោងតូចមួយនៅខាងក្នុងដែលគ្រប់គ្រងភាពតឹង   ឬធូររបស់កង។ កងនេះកំណត់បរិមាណអាហារ    ដែលអាចចូលទៅក្នុងក្រពះរបស់លោកអ្នក។ ការវះកាត់នេះត្រូវបានធ្វើដោយប្រើកាមេរ៉ាវះកាត់។ នីតិវិធីនេះកម្រអនុវត្តនៅសហរដ្ឋអាម៉េរិកណាស់។

Source: https://www.researchgate.net

ការវះកាត់ចៀរផ្នែកខ្លះនៃក្រពះចេញ (Gastric Sleeve)៖ ការវះកាត់នេះយកសាច់ក្រពះចេញភាគច្រើន   ហើយទុកតែផ្នែកតូចចង្អៀតខាងលើនៃក្រពះ   ដែលត្រូវបានគេហៅថាបំពង់ក្រពះ(gastric sleeve)។ ការវះកាត់នេះក៏អាចទប់ស្កាត់អ័រម៉ូនឃ្លាន (ghrelin) បានដែរ     ដូច្នេះលោកអ្នកញ៉ាំតិច។

ការវះកាត់ប្តូរផ្នែកដើមនៃពោះវៀនតូចដែលចេញពីក្រពះ (Duodenal Switch) នេះគឺជាការវះកាត់ដ៏ស្មុគស្មាញមួយ   ដែលយកសាច់ក្រពះចេញភាគច្រើន   និងប្រើបំពង់ក្រពះ(gastric sleeve)   ដើម្បីវាងពោះវៀនតូចភាគច្រើនរបស់លោកអ្នក។ វាកំណត់បរិមាណអាហារដែលលោកអ្នកញ៉ាំ។ វាក៏មានន័យថារាងកាយរបស់លោកអ្នក    មិនមានឱកាសច្រើនក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារដែរ   ដែលអាចមានន័យថាលោកអ្នកមិនទទួលបានវីតាមីន   និងសារធាតុរ៉ែគ្រប់គ្រាន់ដែលលោកអ្នកត្រូវការទេ។

Source: https://www.bmioftexas.com

ការផ្សាំអគ្គិសនី (Electric Implant) ៖ ប្រព័ន្ធបញ្ចូលថាមពលអគ្គិសនី Maestro   ធ្វើការដូចជាឧបករណ៍ជំនួយចង្វាក់បេះដូង (pacemaker)    ដើម្បីបញ្ជូនជីពចរអគ្គិសនី (electrical pulses)   ទៅសរសៃប្រសាទរវាងក្រពះនិងខួរក្បាល   ដែលត្រូវបានគេហៅថាសរសៃប្រសាទ vagus ។ សរសៃប្រសាទនេះប្រាប់ទៅខួរក្បាលនៅពេលក្រពះឆ្អែត។ ឧបករណ៍នេះត្រូវបានផ្សាំនៅក្នុងពោះ   និងមានឧបករណ៍បញ្ជាពីចម្ងាយ   ដែលអាចកែសម្រួលវាពីខាងក្រៅរាងកាយ។

មិនថាជាមួយនឹងការវះកាត់សម្រកទម្ងន់ប្រភេទណាទេ  លោកអ្នកនៅតែត្រូវផ្តោតការយកចិត្តទុកដាក់លើការញ៉ាំរបបអាហារដែលមានសុខភាពល្អ    និងក្លាយទៅជាកាន់តែសកម្មដែលជាផ្នែកមួយនៃរបៀបរស់នៅរបស់លោកអ្នក។

អត្ថប្រយោជន៍នៃការវះកាត់សម្រកទម្ងន់

បន្ទាប់ពីការវះកាត់សម្រកទម្ងន់   មនុស្សភាគច្រើនស្រកទម្ងន់ក្នុងរយៈពេល ១៨-២៤ ខែ។ នៅពេលនោះមនុស្សភាគច្រើនចាប់ផ្តើមឡើងទម្ងន់ខ្លះមកវិញ     ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលកើនទម្ងន់ឡើងវិញទាំងអស់។

ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពទាក់ទងនឹងការធាត់   បញ្ហាសុខភាពទាំងនោះនឹងធូរស្រាលបន្ទាប់ពីការវះកាត់សម្រកទម្ងន់។ លក្ខខណ្ឌមួយចំនួនដូចជា   ជំងឺទឹកនោមផ្អែមអាចមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស។ បញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺសម្ពាធឈាមខ្ពស់   អាចចំណាយពេលយូរបន្តិច។

ហានិភ័យនិងផលប៉ះពាល់

ផលរំខានទូទៅបំផុតរួមមាន   ចង់ក្អួត   ក្អួត   ហើមពោះ   រាក   បែកញើសច្រើនហួសប្រមាណ   បង្កើនឧស្ម័ន   និងវិលមុខ។

ផលរំខានធ្ងន់ធ្ងរអាចមាន៖ ការហូរឈាម   ការឆ្លងមេរោគ   ការលេចធ្លាយចេញពីកន្លែងដែលមានស្នាមរបួស  និងកំណកឈាមនៅជើងដែលអាចធ្វើចលនាទៅកាន់បេះដូង   និងសួត។ មនុស្សភាគច្រើនមិនមានផលរំខានទាំងនេះទេ។

បញ្ហារយៈពេលវែងបន្ទាប់ពីការវះកាត់សម្រកទម្ងន់   អាស្រ័យលើប្រភេទការវះកាត់សម្រក់ទម្ងន់របស់លោកអ្នក។ បញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុត   ជាពិសេសជាមួយនឹងការវះកាត់វាងផ្លូវក្រពះ (gastric bypass)   គឺមូលរោគសញ្ញាបញេ្ចញចោល “dumping syndrome”  ដែលអាហារផ្លាស់ទីយ៉ាងលឿនតាមរយៈពោះវៀនតូច។ រោគសញ្ញារួមមានចង់ក្អួត    ខ្សោយ   បែកញើស   ដួលសន្លប់    រាកបន្ទាប់ពីបរិភោគអាហារ     ហើយមិនអាចបរិភោគបង្អែមដោយមិនមានអារម្មណ៍ថាខ្សោយ។ មនុស្សរហូតដល់ទៅ ៥០% ដែលបានធ្វើការវះកាត់សម្រកទម្ងន់  អាចមានបញ្ហាទាំងនេះ។ ប៉ុន្តែការជៀសវាងអាហារដែលមានជាតិស្ករខ្ពស់   ហើយជំនួសដោយអាហារដែលមានជាតិសរសៃខ្ពស់   អាចជួយការពារលោកអ្នកបាន។

ក្រួសក្នុងថង់ទឹកប្រមាត់អាចកើតឡើង   នៅពេលលោកអ្នកស្រកទម្ងន់យ៉ាងឆាប់រហ័ស។ ដើម្បីជួយការពារកុំឱ្យកើតក្រួសក្នុងថង់ទឹកប្រមាត់   គ្រូពេទ្យអាចណែនាំឱ្យប្រើអំបិលទឹកប្រមាត់បន្ថែមក្នុងរយៈពេល ៦ ខែដំបូងបន្ទាប់ពីវះកាត់។

លោកអ្នកត្រូវប្រាកដថាលោកអ្នក   ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ផងដែរ   ជាពិសេសប្រសិនបើការវះកាត់ធ្វើឱ្យរាងកាយលោកអ្នក   ពិបាកស្រូបយកសារធាតុចិញ្ចឹមពីអាហារ។

ដោយសារតែការសម្រកទម្ងន់យ៉ាងឆាប់រហ័ស   និងកង្វះអាហារូបត្ថម្ភ   អាចបង្កគ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់   គ្រូពេទ្យច្រើនតែណែនាំស្ត្រីដែលមានអាយុបង្កើតកូន   ដែលត្រូវធ្វើការវះកាត់សម្រកទម្ងន់   ជៀសវាងការមានផ្ទៃពោះរហូតដល់ទម្ងន់របស់ពួកគេមានស្ថិរភាព។

Leave a Comment