Prescription Weight Loss Drugs

ការញ៉ាំតិច   និងការធ្វើចលនាកាន់តែច្រើនគឺជាមូលដ្ឋានគ្រឹះនៃការសម្រកទម្ងន់ដែលមានរយៈពេលវែង។ សម្រាប់មនុស្សមួយចំនួន   ថ្នាំសម្រកទម្ងន់តាមវេជ្ជបញ្ជាអាចជួយបាន។

លោកអ្នកនៅតែត្រូវផ្តោតការយកចិត្តទុកដាក់លើរបបអាហារ   និងការធ្វើលំហាត់ប្រាណនៅពេលប្រើថ្នាំទាំងនេះ   ហើយថ្នាំទាំងនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។

គ្រូពេទ្យជាធម្មតាចេញវេជ្ជបញ្ជាថ្នាំបញ្ចុះទម្ងន់   លុះត្រាតែសន្ទស្សន៍ម៉ាស់រាងកាយរបស់លោកអ្នកឡើង ៣០ ឬខ្ពស់ជាងនេះ   ឬយ៉ាងហោចណាស់ ២៧    ហើយលោកអ្នកមានលក្ខខណ្ឌដែលអាចទាក់ទងនឹងទម្ងន់របស់លោកអ្នកដូចជា   ជំងឺទឹកនោមផ្អែមប្រភេទទី ២    ឬជំងឺសម្ពាធឈាមខ្ពស់។

នេះគឺជាអ្វីដែលលោកអ្នកគួរដឹងអំពីថ្នាំសម្រកទម្ងន់   ដែលត្រូវបានគេប្រើច្រើនជាងគេបំផុតដូចជា៖ liraglutide (Saxenda), naltrexone-bupropion (Contrave), orlistat (Alli, Xenical), phentermine (Adipex-P, Ionamin, Pro-Fast) និង phentermine-topiramate (Qsymia) ។

មុនពេលលោកអ្នកទទួលវេជ្ជបញ្ជាថ្នាំសម្រកទម្ងន់   សូមប្រាប់គ្រូពេទ្យអំពីប្រវត្តិវេជ្ជសាស្ត្ររបស់លោកអ្នក។ នោះរាប់បញ្ចូលទាំងលក្ខខណ្ឌប្រតិកម្មនឹងអ្វីមួយ     ឬលក្ខខណ្ឌជំងឺផ្សេងទៀតដែលលោកអ្នកមាន   ថ្នាំ    ឬថ្នាំបំប៉នដែលលោកអ្នកលេប ​​(ទោះបីវាជាឱសថរុក្ខជាតិ   ឬធម្មជាតិក៏ដោយ)    និងថាតើអ្នកមានផ្ទៃពោះ   បំបៅកូនដោយទឹកដោះ   ឬគ្រោងនឹងមានផ្ទៃពោះឆាប់ៗក៏ដោយ។

Orlistat (Xenical)

របៀបដែលវាដំណើរការ៖ រារាំងរាងកាយរបស់លោកអ្នកពីការស្រូបយកខ្លាញ់ដែលលោកអ្នកញ៉ាំប្រហែលមួយភាគបី។

នៅពេលដែលវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា orlistat     វាត្រូវបានគេហៅថា Xenical ។ ប្រសិនបើលោកអ្នកបានថ្នាំនេះដោយគ្មានវេជ្ជបញ្ជា   វាត្រូវបានគេហៅថា Alli    ដែលមានកម្រិតថ្នាំចំនួនពាក់កណ្តាលនៃ Xenical ។

ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់រយៈពេលវែង? ត្រូវហើយ។

ផលរំខានរួមមានការរមួលពោះ   បញ្ចេញហ្គាស (ខ្យល់)   លេចធ្លាយលាមកមានខ្លាញ់    មានចលនាពោះវៀនច្រើន    និងមិនអាចគ្រប់គ្រងចលនារបស់ពោះវៀនបាន។

ផលប៉ះពាល់ទាំងនេះជាទូទៅមានសភាពស្រាល    និងបណ្តោះអាសន្ន។ ប៉ុន្តែពួកវាអាចកាន់តែធ្ងន់ធ្ងរប្រសិនបើលោកអ្នកញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់។

ករណីកម្រនៃការរងរបួសថ្លើមធ្ងន់ធ្ងរ  ត្រូវបានគេរាយការណ៍ថាកើតមានលើមនុស្សដែលប្រើថ្នាំ orlistat ប៉ុន្តែវាមិនប្រាកដថា   ថ្នាំនេះបណ្តាលឱ្យមានបញ្ហាទាំងនោះទេ។

អ្វីដែលគួរដឹង៖ លោកអ្នកគួរតែទទួលទានរបបអាហារមានជាតិខ្លាញ់ទាប (តិចជាង ៣០% នៃកាឡូរីប្រចាំថ្ងៃពីខ្លាញ់) មុនពេលទទួលទាន orlistat ។

គួរលេបថ្នាំវីតាមីនចម្រុះយ៉ាងហោចណាស់ ២ ម៉ោងមុន   ឬក្រោយពេលលេបថ្នាំ orlistat     ពីព្រោះថ្នាំនេះធ្វើឱ្យរាងកាយរបស់លោកអ្នក   ពិបាកក្នុងការស្រូបយកវីតាមីន A     D     E    និង K។

Orlistat គឺជាថ្នាំតែមួយគត់នៃប្រភេទរបស់វា    ដែលត្រូវបានអនុម័តនៅសហរដ្ឋអាម៉េរិក។ ថ្នាំសម្រកទម្ងន់ដទៃទៀតក៏អាចទប់ស្កាត់ចំណង់អាហាររបស់លោកអ្នក    រួមទាំងថ្នាំដូចខាងក្រោម។

Naltrexone HCl និង bupropion (Contrave)

របៀបដែលវាដំណើរការ៖ Contrave គឺជាការរួមបញ្ចូលគ្នានៃថ្នាំដែលអនុម័ត   ដោយរដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិក (FDA) ចំនួនពីរគឺ naltrexone និង bupropion    នៅក្នុងរូបមន្តពង្រីក។ ថ្នាំ Naltrexone ត្រូវបានគេអនុញ្ញាតឱ្យព្យាបាលការសេពគ្រឿងស្រវឹង   និងការពឹងផ្អែកអាភៀន។ Bupropion ត្រូវបានអនុញ្ញាតឱ្យព្យាបាលជំងឺធ្លាក់ទឹកចិត្ត   ជំងឺដែលទាក់ទងនឹងរដូវកាល     និងជួយមនុស្សឱ្យឈប់ជក់បារី។

ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់រយៈពេលវែង? ត្រូវហើយ។

ផលប៉ះពាល់៖ ផលរំខានទូទៅបំផុតរួមមាន   ចង់ក្អួត    ទល់លាមក    ឈឺក្បាល    ក្អួត    វិលមុខ    គេងមិនលក់    និងស្ងួតមាត់។ ថ្នាំ Contrave មានការព្រមានមួយនៅក្នុងប្រអប់    អំពីការកើនឡើងហានិភ័យនៃគំនិត   និង​ឥរិយាបថនៃការធ្វើអត្តឃាតដែលទាក់ទងនឹងថ្នាំ bupropion ។ ការព្រមាននេះក៏បានកត់សម្គាល់ផងដែរថាបញ្ហាវិបត្តិសរសៃប្រសាទ   និងផ្លូវចិត្តធ្ងន់ធ្ងរដែលទាក់ទងនឹងថ្នាំ bupropion ត្រូវបានគេរាយការណ៍។ ថ្នាំ Contrave អាចបណ្តាលឱ្យប្រកាច់   ហើយមិនត្រូវប្រើចំពោះអ្នកជំងឺដែលមានរោគប្រកាច់ទេ។ ថ្នាំនេះក៏អាចបង្កើនសម្ពាធឈាម   និងចង្វាក់បេះដូងផងដែរ។

អ្វីដែលលោកអ្នកគួរដឹង៖ រដ្ឋបាលចំណីអាហារ    និងឱសថអាម៉េរិកបាននិយាយថា    “ប្រសិនបើលោកអ្នកមិនស្រកទម្ងន់ ៥ ភាគរយ   បន្ទាប់ពីប្រើថ្នាំ Contrave រយៈពេល ១២ សប្តាហ៍   គ្រូពេទ្យអាចប្រាប់លោកអ្នកឱ្យឈប់ប្រើវា   ពីព្រោះវាមិនមានប្រសិទ្ធភាពសម្រាប់លោកអ្នកទេ”។

Liraglutide (Saxenda)

របៀបដែលវាដំណើរការ៖   ថ្នាំ Liraglutide គឺជាកម្រិតខ្ពស់នៃថ្នាំទឹកនោមផ្អែមប្រភេទទី ២   ឈ្មោះVictoza។ វាធ្វើត្រាប់តាមអ័រម៉ូនពោះវៀន    ដែលប្រាប់ខួរក្បាលរបស់លោកអ្នកថាឆ្អែតហើយ។

ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់រយៈពេលវែង? ត្រូវហើយ។

ផលប៉ះពាល់៖ ចង់ក្អួត    ក្អួត    រាក    ទល់លាមក    សម្ពាធឈាមទាប   និងបង្កើនចំណង់អាហារ។ ផលរំខានធ្ងន់ធ្ងរអាចរួមមាន   បង្កើនចង្វាក់បេះដូង    ជំងឺរលាកលំពែង   ជំងឺថង់ទឹកប្រមាត់    បញ្ហាតម្រងនោមនិងគំនិតធ្វើអត្តឃាត។ ថ្នាំ Liraglutide ត្រូវបានបង្ហាញនៅក្នុងការសិក្សាថា    បណ្តាលឱ្យមានដុំសាច់ទីរ៉ូអ៊ីតនៅក្នុងសត្វ    ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងថា    តើវាអាចបង្កឱ្យមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីតលើមនុស្សឬទេ។

អ្វីដែលលោកអ្នកគួរដឹង៖ រដ្ឋបាលចំណីអាហារ   និងឱសថអាម៉េរិកបាននិយាយថា   “ប្រសិនបើលោកអ្នកមិនស្រកទម្ងន់ ៤% បន្ទាប់ពីលេបថ្នាំ Liraglutide អស់រយៈពេល ១៦ សប្តាហ៍    គ្រូពេទ្យអាចប្រាប់លោកអ្នកឱ្យឈប់ប្រើវា    ពីព្រោះវាមិនមានប្រសិទ្ធភាពសម្រាប់លោកអ្នកទេ”។

Phentermine

របៀបដែលវាដំណើរការ៖ ទប់ស្កាត់ចំណង់អាហាររបស់លោកអ្នក។

គ្រូពេទ្យរបស់លោកអ្នកអាចចេញវេជ្ជបញ្ជាថ្នាំនេះក្រោមឈ្មោះដូចជា    Adipex     ឬ Suprenza។

ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់រយៈពេលវែង? ទេ។ វាត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់រយៈពេលខ្លី (ពីរបីសប្តាហ៍) តែប៉ុណ្ណោះ។

ផលប៉ះពាល់អាចធ្ងន់ធ្ងរដូចជា   បង្កើនសម្ពាធឈាមរបស់លោកអ្នក    ឬបណ្តាលឱ្យញ័រទ្រូង   រសេះរសោះ វិលមុខ   ញ័រ    គេងមិនលក់     ដង្ហើមខ្លី     ឈឺទ្រូង    និងពិបាកក្នុងការធ្វើសកម្មភាពដែលលោកអ្នកអាចធ្វើបាន។ ផលប៉ះពាល់មិនសូវធ្ងន់ធ្ងររួមមាន៖   ស្ងួតមាត់    មានរសជាតិមិនល្អក្នុងមាត់   រាករូស    ទល់លាមក    និងក្អួត។

ដូចគ្នានឹងថ្នាំទប់ស្កាត់ចំណង់អាហារដទៃទៀតដែរ     វាមានហានិភ័យក្នុងការពឹងផ្អែកលើថ្នាំ។

កុំលេបថ្នាំនេះនៅពេលយប់    ព្រោះវាអាចបណ្តាលឱ្យគេងមិនលក់។

ប្រសិនបើលោកអ្នកលេបថ្នាំអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម   សូមឱ្យគ្រូពេទ្យដឹងមុនពេលលោកអ្នកលេបថ្នាំ phentermine    ពីព្រោះលោកអ្នកប្រហែលជាត្រូវកែសម្រួលកម្រិតអាំងស៊ុយលីនរបស់លោកអ្នក។

លោកអ្នកមិនគួរលេបថ្នាំ phentermine ទេ    ប្រសិនបើលោកអ្នកមានប្រវត្តិជំងឺបេះដូង    ដាច់សរសៃឈាមខួរក្បាល    ជំងឺស្លាក់ឈាម    ឬសម្ពាធឈាមខ្ពស់ដែលមិនអាចគ្រប់គ្រងបាន។ លោកអ្នកក៏មិនគួរប្រើថ្នាំនេះដែរ   ប្រសិនបើលោកអ្នកមានជំងឺដក់ទឹកក្នុងភ្នែក      ក្រពេញទីរ៉ូអ៊ីតបញ្ចេញទីរ៉ុកស៊ីនច្រើន      ឬប្រវត្តិនៃការប្រើប្រាស់គ្រឿងញៀន   ឬប្រសិនបើអ្នកមានផ្ទៃពោះ    ឬកំពុងបំបៅកូន។

តើមានអ្វីផ្សេងទៀតដែលអ្នកគួរតែដឹង៖ ថ្នាំ Phentermine គឺជាថ្នាំអំហ្វេតាមីន (amphetamine)។ ដោយសារតែហានិភ័យនៃការញៀន   ឬការសេពគ្រឿងញៀន    ថ្នាំរំញោចបែបនេះគឺជា “សារធាតុដែលត្រូវបានគ្រប់គ្រង” ដែលមានន័យថាពួកវាត្រូវការការចេញវេជ្ជបញ្ជាប្រភេទពិសេស ។

Phentermine និង topiramate (Qsymia)

របៀបដែលវាដំណើរការ៖ ទប់ស្កាត់ចំណង់អាហាររបស់លោកអ្នក។

ថ្នាំ Qsymia រួមបញ្ចូលគ្នានូវថ្នាំ phentermine ជាមួយថ្នាំ topiramate សម្រាប់រោគប្រកាច់ ឬ ប្រកាំង។ ថ្នាំ Topiramate បណ្តាលឱ្យស្រកទម្ងន់តាមវិធីជាច្រើន   រួមទាំងជួយឱ្យលោកអ្នកមានអារម្មណ៍ឆ្អែត   ធ្វើឱ្យអាហារមានរសជាតិមិនសូវទាក់ទាញ    និងដុតបំផ្លាញកាឡូរីកាន់តែច្រើន។

ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់រយៈពេលវែង? ត្រូវហើយ។ ថ្នាំ Qsymia មានបរិមាណ phentermine និង topiramate ទាបជាង   ពេលដែលថ្នាំទាំងនេះត្រូវបានប្រើតែឯង។

ផលប៉ះពាល់៖ ផលរំខានទូទៅបំផុតគឺ     ស្រពន់ប្រអប់ដៃ  និងប្រអប់ជើង   វិលមុខ   មានអារម្មណ៍ប្រែប្រួលរសជាតិ   គេងមិនលក់   ទល់លាមក   និងស្ងួតមាត់។

ផលប៉ះពាល់ធ្ងន់ធ្ងររួមមាន   ពិការភាពពីកំណើតជាក់លាក់ (បបូរមាត់ឆែប   និងក្រអូមមាត់ឆែប) ចង្វាក់បេះដូងលឿន   គំនិត   ឬសកម្មភាពធ្វើអត្តឃាត   និងបញ្ហាភ្នែក   ដែលអាចនាំឱ្យបាត់បង់ចក្ខុវិស័យជាអចិន្ត្រៃយ៍   ប្រសិនបើមិនបានព្យាបាល។

ស្ត្រីដែលអាចមានគភ៌   គួរធ្វើតេស្តមានផ្ទៃពោះមុនពេលប្រើថ្នាំ Qsymia   ហើយគួរតែប្រើវិធីពន្យារកំណើត   និងធ្វើតេស្តមានផ្ទៃពោះប្រចាំខែ   នៅពេលកំពុងប្រើថ្នាំ។

លោកអ្នកក៏មិនគួរប្រើថ្នាំ Qsymia ដែរ    ប្រសិនបើលោកអ្នកមានជំងឺដក់ទឹកក្នុងភ្នែក   ក្រពេញទីរ៉ូអ៊ីតបញ្ចេញទីរ៉ុកស៊ីនច្រើន    ជំងឺបេះដូង    ឬដាច់សរសៃឈាមខួរក្បាល។ សូមពិនិត្យបេះដូងឱ្យបានទៀងទាត់   ពេលចាប់ផ្តើមប្រើថ្នាំ   ឬបង្កើនកម្រិតថ្នាំ។

តើមានអ្វីទៀតដែលអ្នកគួរដឹង៖ ប្រសិនបើលោកអ្នកមិនស្រកទម្ងន់យ៉ាងហោចណាស់ ៣%    បន្ទាប់ពីប្រើថ្នាំ Qsymia    អស់រយៈពេល ១២ សប្តាហ៍     រដ្ឋបាលចំណីអាហារ   និងឱសថអាម៉េរិកបានណែនាំថាលោកអ្នកគួរតែឈប់ប្រើវា   ឬថាគ្រូពេទ្យបង្កើនកម្រិតថ្នាំរបស់លោកអ្នកសម្រាប់ ១២ សប្តាហ៍បន្ទាប់   ប្រសិនបើវាមិនដំណើរការ      លោកអ្នកគួរតែបញ្ឈប់ការប្រើវាបន្តិចម្តង ៗ ។

Leave a Comment