លក្ខខណ្ឌ

សំណួរ និងចម្លើយទៅលើជំងឺពុកឆ្អឹង

១. តើខ្ញុំអាចបង្ការជំងឺពុកឆ្អឹងបានយ៉ាងដូចម្តេច?

ក្រុមអ្នកជំនាញចាត់ទុកជំងឺពុកឆ្អឹង (Osteoporosis) ជាជំងឺដែលអាចការពារបាន។ ការបងា្ករគួរចាប់ផ្តើមមុនពេលឆ្អឹងពុក។ ការទទួលបានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់ក្នុងវ័យកុមារ និងយុវវ័យអាចកាត់បន្ថយហានិភ័យនៃការវិវឌ្ឍទៅជាជំងឺពុកឆ្អឹងនៅថ្ងៃក្រោយ។ បើលោកអ្នកជាមនុស្សពេញវ័យ, ទទួលទានរបបអាហារមានសុខភាពល្អ, ទទួលបានជាតិកាល់ស្យូម និងវីតាមីន D គ្រប់គ្រាន់, ហាត់ប្រាណ, និងគ្មានទម្លាប់រស់នៅមិនល្អ ដូចជាជក់បារី និងផឹកគ្រឿងស្រវឹងច្រើន ក៏អាចជួយបង្ការលោកអ្នកពីជំងឺពុកឆ្អឹងបានដែរ។ បន្ទាប់ពីអស់រដូវ (menopause) ស្ត្រីដែលមានជំងឺខ្សោយឆ្អឹង (Osteopenia), ឬឆ្អឹងស្តើង និងស្ត្រីដែលមានឱកាសបាក់ឆ្អឹងនៅពេលអនាគតដោយសារជំងឺពុកឆ្អឹង (Osteoporosis) អាចពិចារណាព្យាបាលដោយថ្នាំ ដើម្បីការពារការបាត់បង់ឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង (Osteoporosis)។ ដើម្បីស្វែងយល់ពីបច្ចេកទេសការពារជំងឺពុកឆ្អឹង (Osteoporosis) សូមលោកអ្នកពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នក។

២. តើខ្ញុំទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ដែរឬទេ? តើចំនួនប៉ុន្មានដែលហៅថាច្រើនពេក?

បរិមាណកាល់ស្យូមដែលលោកអ្នកត្រូវការគឺអាស្រ័យលើអាយុរបស់លោកអ្នក។ វិទ្យាស្ថាននៃឱសថ (Institute of Medicine) បានណែនាំដូចខាងក្រោម ៖

សូមអានស្លាកអាហារ ហើយជ្រើសរើសអាហារដែលមានផ្ទុកកាល់ស្យូមប្រចាំថ្ងៃចំនួន ១០% ឬច្រើនជាងនេះ។ នៅពេលទិញអាហារ សូមលោកអ្ន​ករកមើលពាក្យលើទំនិញ ដូចជា «មានកាល់ស្យូមខ្ពស់» (high in calcium),  «មានជាតិកាល់ស្យូមខ្ពស់» (fortified with calcium), «សម្បូរជាតិកាល់ស្យូម»  (calcium rich) ឬ​ «ប្រភពកាល់ស្យូមល្អ» (excellent source of calcium)។

ប្រសិនបើលោកអ្នកគិតថា លោកអ្នកកំពុងខ្វះកាល់ស្យូម សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកអំពីវិធីដែលលោកអ្នកអាចបង្កើនកម្រិតកាល់ស្យូមរបស់លោកអ្នក ពីក្នុងរបបអាហារ។ សូមពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីដែលល្អបំផុតសម្រាប់ខ្លួនលោកអ្នក។

៣. តើកាល់ស្យូមមកពីផលិតផលទឹកដោះប្រសើរជាងប្រភពដទៃទៀតដែរឬទេ?

ផលិតផលទឹកដោះមានជាតិកាល់ស្យូមខ្ពស់ ដែលនេះជាមូលហេតុដែលផលិតទាំងនេះត្រូវបានណែនាំឱ្យប្រើដើម្បីសុខភាពឆ្អឹង។ ប៉ុន្តែជាតិកាល់ស្យូមមកពីប្រភពផ្សេងៗទៀត ដូចជាបន្លែល្វីង (spinach), ស្ពៃតឿ (bok  choy) និងស្ពៃបៃតង (mustard greens), សណ្តែក, តៅហ៊ូ, គ្រាប់អាល់ម៉ុន, ត្រី, និងអាហារធញ្ញជាតិ (fortified cereal) និងទឹកផ្លែឈើ (fruit juice) អាចមានអត្ថប្រយោជន៍ដូចគ្នានឹងផលិតផលទឹកដោះ។ ទោះជាយ៉ាងណាក៏ដោយ វាពិបាកនឹងទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ពីក្នុងអាហារ ប្រសិនបើលោកអ្នកមិនបរិភោគផលិតផលទឹកដោះគោ។ អ្នកជំនាញផ្នែកជំងឺពុកឆ្អឹងបាននិយាយថា ប្រភពកាល់ស្យូមល្អបំផុតគឺមកពីអាហារ មិនមែនពីថ្នាំបំប៉នទេ។ អាហារមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយឱ្យរាងកាយប្រើប្រាស់កាល់ស្យូម។

៤. តើជំងឺពុកឆ្អឹងប៉ះពាល់ដល់កុមារដែរទេ? តើខ្ញុំគួរផ្តល់ថ្នាំគ្រាប់កាល់ស្យូមដល់ពួកគេឬទេ?

ជំងឺពុកឆ្អឹងគឺកម្រកើតលើកុមារណាស់។ ជាធម្មតា វាបណ្តាលមកពីស្ថានភាពសុខភាពរ៉ាំរ៉ៃ ដូចជាជំងឺហឺត ឬជំងឺ cystic fibrosis ដែលត្រូវព្យាបាលដោយប្រើថ្នាំ steroids អស់រយៈពេលយូរ។ ថ្នាំ Anticonvulsant ប្រើសម្រាប់គ្រប់គ្រងជំងឺឆ្កួតជ្រូក (epilepsy) ឬដើម្បីគ្រប់គ្រងរោគផ្លូវចិត្ត (mania) ក្នុងជំងឺផ្លូវចិត្ត-អារម្មណ៍ (bipolar disorder) ហើយនិងមានលក្ខខណ្ឌផ្សេងទៀតក៏អាចរំខានដល់ការដុតរំលាយ (metabolism) កាល់ស្យូម និងវីតាមីនD ដែលនាំឱ្យឆ្អឹងខ្សោយដែរ។ ជារឿយៗ ការព្យាបាលអាស្រ័យលើការគ្រប់គ្រងជំងឺដែលមានស្រាប់ ឬផ្លាស់ប្តូរថ្នាំ។ ពេលខ្លះ កុមារនឹងវិវឌ្ឍទៅជាកើតជំងឺពុកឆ្អឹង (Osteoporosis) ដោយមិនមានមូលហេតុច្បាស់លាស់។ វាត្រូវបានគេហៅថា ជំងឺ idiopathic juvenile osteoporosis ប៉ុន្តែដំណឹងល្អគឺថាជាធម្មតាវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ ទៅ ៤ ឆ្នាំ។

 

ជាការពិត កាល់ស្យូម និងវីតាមីន D គឺជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់ឆ្អឹងរឹងមាំ និងមានសារសំខាន់សម្រាប់កុមារទាំងអស់ មិនថាពួកគេមានជំងឺពុកឆ្អឹងឬអត់នោះទេ។ ទោះបីជាពេលនេះកុមារមានសុខភាពល្អក៏ដោយ បើកម្រិតកាល់ស្យូម និងវីតាមីន D របស់គេទាប គឺអាចបង្កើនហានិភ័យកើតជំងឺពុកឆ្អឹងនៅថ្ងៃក្រោយ។ ដូច្នេះចូរតាមដានថាតើកូនរបស់លោកអ្នកទទួលបានជាតិកាល់ស្យូមប៉ុន្មានពីអាហារ ហើយត្រូវប្រាកដថាពួកគេទទួលបានបរិមាណវីតាមីន D គ្រប់គ្រាន់។ ប្រសិនបើលោកអ្នកព្រួយបារម្ភថាពួកគេទទួលបានកាល់ស្យូមនិងវីតាមីន D មិនគ្រប់គ្រាន់ សូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាព សូមកុំផ្តល់ថ្នាំបំប៉ន (supplement) ដល់ពួកគេ លើកលែងតែអ្នកផ្តល់សេវាថែទាំសុខភាពណែនាំឱ្យប្រើ។

៥. តើខ្ញុំកំពុងតែវិវឌ្ឍទៅរកការខ្វះវីតាមីន D នៅក្នុងរដូវរងាមែនទេ? ហេតុអ្វីវីតាមីន D ចាំបាច់សម្រាប់ការស្រូបយកជាតិកាល់ស្យូម?

រាងកាយរបស់យើងបង្កើតវីតាមីន D ពីពន្លឺព្រះអាទិត្យ  ដោយតម្រូវការឱ្យរាងកាយត្រូវពន្លឺថ្ងៃ ប្រមាណពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃ។ នៅក្នុងរដូវរងា យើងចំណាយពេលនៅខាងក្រៅតិច ហើយយើងស្លៀកពាក់ក្រាស់ៗដើមី្បទប់ទល់នឹងជំងឺផ្តាសាយ។ ដូច្នេះអ្នកជំនាញខ្លះគិតថា ហានិភ័យនៃកង្វះវីតាមីន D គឺខ្ពស់ នៅក្នុងរដូវរងា។

ប៉ុន្តែពេញមួយឆ្នាំ យើងភាគច្រើនមិនទទួលបានវីតាមីន D ដែលយើងត្រូវការទេ។ វិទ្យាស្ថានឱសថ (Institute of Medicine) បានណែនាំនូវកម្រិតវីតាមីន D ៖

វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ជូនជាតិកាល់ស្យូមពីពោះវៀន និងពីតម្រងនោម ចូលទៅចរន្តឈាម ។ បើគ្មានវីតាមីន D គ្រប់គ្រាន់ទេ កាល់ស្យូមដែលលោកអ្នកទទួលបានពីអាហារ ឬថ្នាំបំប៉នអាចនឹងចេញពីរាងកាយទៅជាកាកសំណល់។ ប្រសិនបើលោកអ្នកមិននៅខាងក្រៅច្រើន ឬទទួលបានវីតាមីន D ពីអាហារដែលមានជីវជាតិទេនោះ សូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពពីការប្រើថ្នាំបំប៉នវីតាមីន D។

 

៦. តើតំណពូជអាចធ្វើឱ្យខ្ញុំមានកំហាប់ឆ្អឹងទាប (low bone density) និងកើតជំងឺពុកឆ្អឹងដែរឬទេ?

ហ្សែនរបស់លោកអ្នកអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យវិវឌ្ឍទៅជាជំងឺពុកឆ្អឹង (Osteoporosis)។ ឧទាហរណ៍ តាមការសិក្សាបង្ហាញថា ប្រសិនបើឪពុកម្តាយរបស់លោកអ្នកមានប្រវត្តិបាក់ឆ្អឹង អ៊ីចឹងលោកអ្នកទំនងជាអាចមានឆ្អឹងខ្សោយ និងមានហានិភ័យខ្ពស់ក្នុងការបាក់ដោយឯកឯង។

 

ហានិភ័យនៃការកើតជំងឺពុកឆ្អឹងក៏ខ្ពស់ដែរ ប្រសិនបើសមាជិកគ្រួសារផ្សេងទៀត ដូចជាម្តាយមីងឬបងប្អូនបង្កើតជាដើមធ្លាប់កើតជំងឺនេះ។ ហានិភ័យហ្សែនកើតជំងឺពុកឆ្អឹងអាចទទួលមកពីម្តាយឬឪពុករបស់លោកអ្នក។

ប្រសិនបើជំងឺពុកឆ្អឹងកើតមានក្នុងគ្រួសារ លោកអ្នកគួរតែពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។ លោកអ្នកប្រហែលជាត្រូវចាត់វិធានការបន្ថែមដើម្បីបង្ការជំងឺ។

៧. ហេតុអ្វីបានជាខ្ញុំមានកំហាប់ឆ្អឹងទាបទោះបីខ្ញុំមិនទាន់អស់រដូវ?

ទោះបីថាការថយចុះកម្រិតអ័រម៉ូន estrogen ក្នុងពេលអស់រដូវ (menopause) អាចបណ្តាលឱ្យស្តើងឆ្អឹង និងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងក៏ដោយ តែវាមិនមែនជាបុព្វហេតុតែមួយនៃជំងឺនេះទេ។ មានកត្តាជាច្រើនទៀត ដូចជាហ្សែន, ជំងឺ និងការព្យាបាលមួយចំនួន, ជំងឺញ៉ាំច្រើន (eating disorder), ការហាត់ប្រាណ និងការស្រកទម្ងន់ហួសកម្រិត, ការជក់បារី, ការផឹកគ្រឿងស្រវឹងច្រើន, និងកង្វះជាតិកាល់ស្យូម និងវីតាមីន D ក៏អាចដើរតួយ៉ាងសំខាន់ដែរ។ សូមចងចាំថា បុរសក៏អាចកើតជំងឺពុកឆ្អឹងនេះដែរ ទោះបីពួកគេគ្មានការមក និងការអស់រដូវក៏ដោយ។

៨. តើការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test) គឺជាអ្វី ហើយតើពិន្ទុនៃការពិនិត្យមានន័យដូចម្តេច?

ការត្រួតពិនិត្យគុណភាពឆ្អឹង (Bone Density Test) គឺជាវិធីធម្មតានៃការធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង (Osteoporosis) និងអាចជួយព្យាករណ៍ពីហានិភ័យនៃការបាក់ឆ្អឹងរបស់លោកអ្នក។ វាជាប្រភេទត្រួតពិនិត្យប្រើកាំរស្មីអិច (X-rays) ដែលបង្ហាញពីភាពរឹងរបស់ឆ្អឹងលោកអ្នក។ ប្រភេទទូទៅបំផុតនៃការត្រួតពិនិត្យត្រូវបានគេហៅថា dual-energy X ray absorptionmetry (DXA ឬ DEXA) ដែលជាធម្មតា ការស្កេននេះពិនិត្យមើលគុណភាពឆ្អឹងត្រគាក និងឆ្អឹងខ្នងរបស់លោកអ្នក បន្ទាប់មកព័ត៌មានពីការស្កេន នឹងប្រើដើមី្បជួយប៉ាន់ប្រមាណហានិភ័យបាក់ឆ្អឹងរបស់លោកអ្នក។ គ្រូពេទ្យនឹងគណនាហានិភ័យបាក់ឆ្អឹងរបស់លោកអ្នកនាពេលអនាគត ដោយប្រើឧបករណ៍ដែលហៅថាជាពិន្ទុ FRAX (FRAX Score) និងកំណត់ថាតើលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការព្យាបាលដែរឬទេ។

 

គុណភាពឆ្អឹង (bone density) ធម្មតា គឺពិន្ទុ T (T-score) បូក ១ (+1) ដល់ពិន្ទុដកមួយ (-1) ។ ម៉ាសឆ្អឹងទាប (low bone mass) (កើតជំងឺខ្សោយឆ្អឹង – Osteopenia) គឺមានគុណភាពឆ្អឹង ពិន្ទុ T ពី -១ ដល់ -២,៥ ។ រីឯជំងឺពុកឆ្អឹងត្រូវបានកំណត់មានពិន្ទុឆ្អឹង -២.៥ ឬទាបជាងនេះ។

៩. តើបុរសគួរយល់ដឹងអំពីជំងឺពុកឆ្អឹងឬទេ? តើមានរោគសញ្ញាអ្វីខ្លះចំពោះបុរស?

ទោះបីជាជារឿយៗ ជំងឺពុកឆ្អឹងប៉ះពាល់តែចំពោះស្ត្រីក៏ដោយ តែប្រហែលជា ២០ ភាគរយនៃករណីជំងឺកើតមានចំពោះបុរស។ ប៉ុន្តែជាញឹកញាប់ គេមិនសូវទទួលស្គាល់ថាបុរសកើតជំងឺពុកឆ្អឹងទេ និងក៏មិនសូវព្យាបាលដែរ។ ដោយសារតែជំងឺពុកឆ្អឹងនេះគឺជាជំងឺស្ងាត់ស្ងៀម ដូច្នេះរោគសញ្ញាដំបូងគឺបាក់ឆ្អឹង។

បុរសដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹងគួរតែផ្តោតលើការបង្ការជំងឺ។ កត្តាហានិភ័យនៃជំងឺពុកឆ្អឹងចំពោះបុរស រួមមានការប្រើថ្នាំមួយចំនួន (ដូចជា steroids, anticonvulsants, និងថ្នាំព្យាបាលជំងឺមហារីកខ្លះ), ជំងឺរ៉ាំរ៉ៃមួយចំនួន, ការជក់បារី, កង្វះកលំហាត់ប្រាណ, testosterone ទាប, និងប្រវត្តិគ្រួសារមានខ្សោយឆ្អឹង។ ប្រសិនបើលោកអ្នកគិតថា លោកអ្នកកំពុងប្រឈមនឹងជំងឺនេះ សូមលោកអ្នកទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។

Translate by Chakriya Phou

Leave a Comment

2. Am I getting enough calcium -- and how much is too much?