លក្ខខណ្ឌ

តើការព្យាបាលជំងឺពុកឆ្អឹងមានអ្វីខ្លះ?

ទោះបីជាលោកអ្នកមិនអាចព្យាបាលជំងឺពុកឆ្អឹងក៏ដោយ តែមានវិធីដើម្បីគ្រប់គ្រងវាបាន។ វិធីខ្លះក្នុងចំណោមវិធីទាំងនោះគឺជាអ្វីដែលលោកអ្នកអាចយកបាន តាមរយៈរបបអាហារ និងការហាត់ប្រាណ។ គ្រូពេទ្យក៏អាចណែនាំថ្នាំឱ្យលេបបានដែរ។

របបអាហារ ៖ កាល់ស្យូម និងវីតាមីន D

ប្រភពចំណីអាហារដែលមានកាល់ស្យូម រួមមានទឹកដោះគោគ្មានជាតិខ្លាញ់, ទឹកដោះគោជូរមានជាតិខ្លាញ់ទាប, ទឹកដោះយកចេញពីរុក្ខជាតិ (plant-based milk) ឬទឹកក្រូចដែលមានកាល់ស្យូមបន្ថែម, ខាត់ណាបៃតង (broccoli), ផ្កាខាត់ណា, ត្រីសាល់ម៉ុន, តៅហ៊ូ, និងបន្លែស្លឹកបៃតង។

តើលោកអ្នកត្រូវការកាល់ស្យូមប៉ុន្មាន? ប្រសិនបើលោកអ្នកមានអាយុ ១៩-៥០ ឆ្នាំ ត្រូវទទួលកាល់ស្យូម ១ ០០០ មីលីក្រាម ក្នុងមួយថ្ងៃ ។ ប្រសិនបើអ្នកជាស្ត្រីអាយុ ៥១ ឆ្នាំឬច្រើនជាងនេះ ឬបុរសអាយុ ៧១ ឆ្នាំឡើងទៅ លោកអ្នកត្រូវការ ១ ២០០ មីលីក្រាម ក្នុងមួយថ្ងៃ ។

យកល្អ លោកអ្នកគួរទទួលកាល់ស្យូមពីអាហារ។ ប្រសិនបើលោកអ្នកចង់លេបថ្នាំបន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ប្រសិនបើលោកអ្នកកំពុងប្រើថ្នាំផ្សេង គ្រូពេទ្យអាចពិនិត្យមើល ដើមី្បកុំឱ្យថ្នាំនោះបង្កការលំបាកដល់រាងកាយរបស់លោកអ្នក។ គ្រូពេទ្យក៏អាចប្រាប់លោកអ្នកបានដែរថាតើលោកអ្នកត្រូវការលេបថ្នាំកាល់ស្យូម ពេលខុសគ្នា ពីថ្នាំដទៃទៀតដែលលោកអ្នកលេបដែរឬទេ។

ដើម្បីជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូមពីអាហារឬថ្នាំបំប៉ន គ្រូពេទ្យនឹងណែនាំពីវីតាមីន D ដោយក្នុងមួយថ្ងៃ ត្រូវទទួលបាន វីតាមីន D ចំនួន ៦០០ IU (International Unit) រហូតដល់អាយុ ៧១ ឆ្នាំ បន្ទាប់មកទើបឡើងដល់ ៨០០ IU ក្នុងមួយថ្ងៃ។

លោកអ្នកអាចទទួលបានវីតាមីន D ពីអាហារបន្ថែម (fortified food) និងពីពន្លឺព្រះអាទិត្យ។ ប៉ុន្តែវាពិបាកក្នុងការបង្កើតវីតាមីន D នៅពេលលោកអ្នកកាន់តែចាស់ និងក្នុងរដូវត្រជាក់។ ថ្នាំបំប៉នអាចជួយបាន។ ប៉ុន្តែសូមកុំប្រើច្រើនពេក បើមិនដូច្នោះ វាអាចបង្កបញ្ហាសុខភាពដល់លោកអ្នក។

ប្រសិនបើលោកអ្នកមានកម្រិតវីតាមីន D ទាប គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំឱ្យលោកអ្នក។

មានមធ្យោបាយងាយៗផ្សេងទៀត ដែលលោកអ្នកអាចទទួលបានកាល់ស្យូមនៅឯផ្ទះ។ ឧទាហរណ៍ លោកអ្នកអាចបន្ថែមទឹកដោះគោស្ងួតដែលគ្មានជាតិខ្លាញ់ (nonfat dry milk) ទៅក្នុងអាហារ និងភេសជ្ជៈប្រចាំថ្ងៃ រួមទាំងសម្ល, ស៊ុប និងអាហារ casseroles។ ទឹកដោះគោស្ងួតមួយពែងអាចបន្ថែមប្រហែលមួយភាគបីនៃកាល់ស្យូមដែលលោកអ្នកត្រូវការក្នុងមួយថ្ងៃ។

អាហារដែលត្រូវជៀសវាង

កុំបរិភោគជាតិផូស្វ័រច្រើនពេកពី ព្រោះវាធ្វើឱ្យបាត់បង់ឆ្អឹង។ អាហារដែលមានជាតិផូស្វ័រខ្ពស់ រួមមានសាច់ក្រហម, ភេសជ្ជៈកំប៉ុង, ភេសជ្ជៈនិងអាហារដែលមានបន្ថែមសារធាតុផូស្វ័រ។

កុំផឹកគ្រឿងស្រវឹង ឬកាហ្វេអ៊ីនច្រើនពេក។ ពួកវាកាត់បន្ថយបរិមាណកាល់ស្យូមដែលរាងកាយលោកអ្នកបានស្រូបយក។

ដើម្បីជួយរក្សាកម្រិត Estrogen មិនឱ្យធ្លាក់ចុះខ្លាំងបន្ទាប់ពីអស់រដូវ និងដើមី្បជួយការពារជំងឺពុកឆ្អឹង អ្នកជំនាញផ្នែកសុខភាពមួយចំនួនបានប្រាប់ស្ត្រីអស់រដូវឱ្យញ៉ាំអាហារដែលមានជាតិ Estrogen ជាពិសេសតៅហ៊ូ, ទឹកសណ្តែកសៀង, និងផលិតផលសណ្តែកសៀងផ្សេងៗទៀត។ ទោះយ៉ាងណាក៏ដោយមិនមានភ័ស្តុតាងបង្ហាញថាអាហារទាំងនេះជួយការពារ ឬពន្យារពេលជំងឺពុកឆ្អឹងនោះទេ។

ការហាត់ប្រាណ

លោកអ្នកត្រូវទម្លាប់ហាត់ប្រាណមានទម្ងន់ (Weight-bearing Exercise) ដូចជារត់, ដើរ, វាយតេននីស, រាំ, ឡើងជណ្តើរ, រាំតាមចង្វាក់ភ្លេង (Aerobic) និងលើកដុំទម្ងន់។ នៅពេលលោកអ្នកធ្វើបែបនេះជាប្រចាំ វាអាចជួយកំហាប់ឆ្អឹងរបស់លោកអ្នក ដូច្នេះឆ្អឹងរបស់លោកអ្នកនឹងកាន់តែរឹងមាំ។

លំហាត់ប្រភេទនេះត្រូវហាត់ យ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍ និងក្នុងមួយដង រយៈពេលពី ៣០ ទៅ ៤៥ នាទី។

ការជិះកង់ និងហាត់ប្រាណដោយម៉ាស៊ីន Elliptical ល្អសម្រាប់បេះដូងរបស់លោកអ្នក តែវាមិនមែនជាជម្រើសល្អសម្រាប់ជួយជំងឺពុកឆ្អឹងនោះទេ ព្រោះវាមិនបានដាក់សម្ពាធលើឆ្អឹងរបស់លោកអ្នក។ ទោះយ៉ាងណា លោកអ្នកនៅតែអាចហាត់វា ដើមី្បជាប្រយោជន៍ដល់បេះដូង។ គ្រាន់តែកុំភ្លេចបន្ថែមលំហាត់ប្រាណពង្រឹងឆ្អឹងផង។

ការឈប់ជក់បារី

វាជារឿងសាមញ្ញ ៖ ស្ត្រីដែលជក់បារីច្រើនតែមានកំហាប់រ៉ែឆ្អឹង (Bone Mineral Density) ទាបជាងអ្នកដែលមិនជក់បារី ដែលនេះងាយធ្វើឱ្យបាក់ឆ្អឹង។

ការប្រើថ្នាំ

គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំព្យាបាលជំងឺពុកឆ្អឹង។

ថ្នាំទាំងនោះមួយចំនួនផ្តោតលើការបាក់ឆ្អឹង។ ពួកវាអាចបន្ថយការបាត់បង់ឆ្អឹង។ គ្រូពេទ្យហៅថ្នាំនោះថា meds bisphosphonates។ វារួមមាន ៖

Alendronate (Binosto, Fosamax) ជាថ្នាំលេប យ៉ាងហោចណាស់កន្លះម៉ោង មុនពេលញ៉ាំអាហារ ឬលេបថ្នាំផ្សេងទៀត។

 

Ibandronate (Boniva) ជាថ្នាំលេប យ៉ាងហោចណាស់មួយម៉ោង មុនពេលញ៉ាំអាហារឬលេបថ្នាំផ្សេងទៀត។

 

Risedronate (Actonel, Atelvia) ជាថ្នាំលេប យ៉ាងហោចណាស់កន្លះម៉ោង មុនពេលញ៉ាំអាហារឬលេបថ្នាំផ្សេងទៀត។

 

Zoledronic Acid (Reclast, Zometa) ជាថ្នាំត្រាំ ១៥ នាទី ដែលត្រូវលេបមួយដងក្នុងមួយឆ្នាំ។ គេនិយាយថាថ្នាំនេះបង្កើនកម្លាំងឆ្អឹង និងកាត់បន្ថយការបាក់ឆ្អឹងត្រគាក, ឆ្អឹងខ្នង, ក-ដៃ, ដៃ, ជើង, និងឆ្អឹងជំនី។

 

ថ្នាំជំងឺពុកឆ្អឹងមួយទៀត, raloxifene (Evista) ធ្វើការដូចជា Estrogen ក្នុងការថែរក្សាម៉ាសឆ្អឹងរបស់អ្នក។ តាមការសិក្សាបានបង្ហាញថាវាមិនបង្កើនហានិភ័យកើតជំងឺមហារីកសុដន់ឬមហារីកស្បូន ដូចជា Estrogen ទេ។ Evista អាចបណ្តាលឱ្យកកឈាម (clot) ហើយជាញឹកញាប់បង្កើនការក្តៅមុខក្តៅមាត់ (hot flashes)។

 

ថ្នាំ abaloparatide (Tymlos) ឬ teriparatide (Forteo) សម្រាប់ព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវ និងបុរសដែលមានហានិភ័យខ្ពស់ក្នុងការបាក់ឆ្អឹង។ ថ្នាំនេះជាទម្រង់ដែល parathyroid hormone បង្កើតដោយមនុស្ស។ ថ្នាំនេះអាចចាក់រាល់ថ្ងៃ រហូតដល់ ២៤ ខែ។ ផលរំខានពីថ្នាំនេះ រួមមានចង់ក្អួត, រមួលក្រពើ, និងវិលមុខ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំនេះ បើសិនមានអត្ថប្រយោជន៍ចំពោះលោកអ្នកជាងហានិភ័យ ប៉ុន្តែលោកអ្នកមិនអាចប្រើវាបាននោះទេ ប្រសិនបើលោកអ្នកមានការប្រឈមនឹងការកើតជំងឺមហារីកឆ្អឹង។

 

Romosozumab-aqqg (Evenity) គឺជាថ្នាំថ្មីប្រើដើម្បីព្យាបាលជំងឺពុកឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវដែលមានហានិភ័យខ្ពស់ក្នុងការបាក់ឆ្អឹង។ វាគឺជាអង្គបដិប្រាណ antsclerostin ហើយភាគច្រើនមានប្រសិទ្ធភាពក្នុងការបង្កើនការបង្កើតឆ្អឹងថ្មី។ លោកអ្នកត្រូវចាក់ថ្នាំនេះមួយដូស (dose) ពីរដង។ ថ្នាំនេះកំណត់ឱ្យប្រើត្រឹមតែ ១២ ដូសប៉ុណ្ណោះ និងត្រូវគ្រប់គ្រងដោយវេជ្ជបណ្ឌិតរបស់លោកអ្នក។

 

វាក៏មានថ្នាំជីវសាស្ត្រព្យាបាលជំងឺពុកឆ្អឹងដែរ គឺ denosumab (Prolia, Xgeva)។ វាបិទដំណើរការដែលធ្វើឱ្យរាងកាយបំបែកឆ្អឹង។ លោកអ្នកអាចចាក់ថ្នាំនេះបានជារៀងរាល់ ៦ ខែម្តង។ វាអាចជាជម្រើសមួយសម្រាប់ស្ត្រីអស់រដូវ ដែលមានជំងឺពុកឆ្អឹង និងមានហានិភ័យខ្ពស់ក្នុងការបាក់ឆ្អឹង និងនៅពេលដែលថ្នាំព្យាបាលជំងឺពុកឆ្អឹងដទៃទៀតមិនដំណើរការ។

តើការព្យាបាលអ័រម៉ូនជំនួសជាអ្វី?

ការព្យាបាលអ័រម៉ូនជំនួសពេលអស់រដូវ (Menopausal Hormone Replacement Therapy) ទាំងការប្រើ Estrogen តែឯង ឬរួមបញ្ចូលគ្នារវាង Estrogen និង Progestin ជាការជួយថែរក្សាឆ្អឹង និងការពារការបាក់ឆ្អឹង។ ថ្នាំ Duavee (estrogen និង bazedoxifene) គឺជាប្រភេទថ្នាំ HRT ដែលត្រូវបានអនុញ្ញាតឱ្យព្យាបាលការក្តៅមុខក្តៅមាត់ (hot flashes) ដែលទាក់ទងនឹងការអស់រដូវ។ វាក៏អាចការពារជំងឺពុកឆ្អឹងចំពោះស្ត្រីដែលមានហានិភ័យខ្ពស់ ដែលបានព្យាយាមព្យាបាលរួចហើយ ដោយមិនរាប់បញ្ចូល Estrogen។

ប៉ុន្តែគ្រូពេទ្យមិនសូវវេជ្ជបញ្ជាឱ្យព្យាបាលដោយអ័រម៉ូនជំនួសនេះទេ ដោយសារតែវាគ្រោះថ្នាក់ដល់សុខភាព។

ចំពោះស្ត្រីដែលបានទទួលការព្យាបាលអ័រម៉ូនជំនួសរួចហើយ បន្ទាប់មកបញ្ឈប់វា នោះឆ្អឹងរបស់ពួកគាត់ចាប់ផ្តើមស្តើងម្តងទៀត ដូចអំឡុងពេលពួកគាត់អស់រដូវ។

Leave a Comment