ជំងឺពុកឆ្អឹង (Osteoporosis) គឺជាជំងឺមួយដែលធ្វើឱ្យឆ្អឹងកាន់តែស្ដើង និងងាយបាក់។ ការបាក់ឆ្អឹងទាំងនេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងៗគ្នា ដូចជាការឈឺចាប់, ខ្នងកោង, ឬមានបញ្ហាក្នុងការធ្វើចលនា។
មនុស្សជាច្រើនបាត់បង់ឆ្អឹងបន្តិចម្តងៗ ក្នុងរយៈពេលជាច្រើនឆ្នាំ។ វាមិនបញ្ចេញអាការជំងឺណាមួយ ដែលប្រាប់លោកអ្នកថា លោកអ្នកជិតកើតជំងឺនេះទេ។ ប៉ុន្តែលោកអ្នកអាចព្យាបាលជំងឺពុកឆ្អឹងនេះបានជាមួយនឹងថ្នាំ និងជម្រើសនៃរបៀបរស់នៅដែលមានសុខភាពល្អ។ ប្រសិនបើលោកអ្នកអនុវត្តទម្លាប់ល្អ ៗទាំងនោះ ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់លោកអ្នកតាំងពីដំបូង លោកអ្នកអាចការពារមិនឱ្យបាត់បង់ឆ្អឹង និងបន្ថយឱកាសបាក់ឆ្អឹង។
យើងមិនដឹងពីមូលហេតុដែលបណ្តាលឱ្យមានស្ថានភាពនេះកើតឡើងទេ ប៉ុន្តែយើងអាចដឹងថាតើវារីកចម្រើនក្នុងមួយជីវិតរបស់មនុស្សម្នាក់ដូចម្តេច។
ជានិច្ចជាកាលរាងកាយរបស់លោកអ្នកបែកបាក់ឆ្អឹងចាស់ រួចបង្កើតឆ្អឹងឡើងវិញ។ ដំណើរការនេះត្រូវបានគេហៅថា ការផ្លាស់ប្តូរឬជំនួសឆ្អឹងថ្មី
(Remodeling)។ នៅពេលលោកអ្នកធំឡើង រាងកាយរបស់លោកអ្នកបង្កើតឆ្អឹងច្រើនជាងចំនួនឆ្អឹងដែលដកចេញ។ ក្នុងវ័យកុមារភាព ឆ្អឹងរបស់លោកអ្នកកាន់តែធំ និងរឹងមាំ។ ម៉ាសឆ្អឹងឡើងដល់កម្រិត (peak bone mass) កើតនៅពេលលោកអ្នកមានឆ្អឹងច្រើនបំផុត ដែលជាធម្មតានៅដើម និងពាក់កណ្តាលវ័យ ៣០ ឆ្នាំ។
នៅអាយុដ៏ជាក់លាក់មួយ ដំណើរកែលម្អឆ្អឹងបានផ្លាស់ប្តូរ។ ឆ្អឹងថ្មីដែលកើតឡើងស្ថិតក្នុងអត្រាទាបជាង។ ការធ្លាក់ចុះនេះនាំឱ្យមានការថយចុះចំនួនឆ្អឹងដែលលោកអ្នកមាន។
នៅពេលការបាត់បង់ឆ្អឹងកាន់តែធ្ងន់ធ្ងរ លោកអ្នកនឹងមានជំងឺពុកឆ្អឹង។
ជំងឺពុកឆ្អឹង ជាធម្មតា មិនបង្ហាញអាការអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីឈឺច្រើនឆ្នាំ លោកអ្នកអាចសម្គាល់ឃើញសញ្ញាដូចជាឈឺខ្នង, បាត់បង់កម្ពស់, អង្គុយឬឈរកោង។ ចំពោះមនុស្សមួយចំនួន សញ្ញាដំបូងដែលពួកគេមាន គឺការបាក់ឆ្អឹង ដែលជាទូទៅ បាក់ឆ្អឹងខ្នង ឬត្រគាក។
ប្រសិនបើជំងឺពុកឆ្អឹងក្លាយទៅជាធ្ងន់ធ្ងរ នោះការអង្គុយ, ឈរ, ក្អកឬសូមី្បតែឱប ដែលដាក់សម្ពាធលើឆ្អឹង អាចបណ្តាលឱ្យមានការបាក់ឆ្អឹង។ បន្ទាប់ពីការបាក់ឆ្អឹងដំបូងនេះ លោកអ្នកនឹងមានបាក់ឆ្អឹងកាន់តែច្រើន។
សម្រាប់មនុស្សមួយចំនួន ការឈឺចាប់ពីការបាក់ឆ្អឹងអាចនឹងធូរស្រាលនៅពេលដែលឆ្អឹងជាសះស្បើយ។ ប៉ុន្តែអ្នកផ្សេងទៀតនឹងមានការឈឺចាប់យូរអង្វែង។ លោកអ្នកអាចមានអារម្មណ៍ថាឆ្អឹងលោកអ្នករឹង ហើយមានបញ្ហាក្នុងការធ្វើចលនា។
កត្តាដែលបង្កើនឱកាសរបស់លោកអ្នកក្នុងការកើតជំងឺពុកឆ្អឹង រួមមាន ៖
នៅពេលអស់រដូវ កម្រិតអ័រម៉ូន estrogen របស់ស្ត្រីមានការធ្លាក់ចុះយ៉ាងខ្លាំង។ នោះបានធ្វើឱ្យដំណើរជួសជុលឆ្អឹងយឺត និងធ្វើឱ្យរាងកាយបាត់បង់ឆ្អឹងកាន់តែលឿន។ រឿងនេះនឹងបន្តកើតមាន ប្រហែលជា ១០ ឆ្នាំ ក្រោយអស់រដូវ។ នៅទីបំផុត អត្រានៃការបាត់បង់ឆ្អឹងនឹងត្រលប់ទៅរកអ្វីដែលមាន ដូចមុនពេលអស់រដូវ។ ប៉ុន្តែសន្ទុះនៃការបង្កើតឆ្អឹងថ្មីមិនមែនទេ។ សភាពនេះបានធ្វើឱ្យម៉ាសឆ្អឹងរាងកាយទាំងមូលធ្លាក់ចុះ និងផ្តល់ឱ្យស្ត្រីអស់រដូវ នូវឱកាសបាក់ឆ្អឹងកាន់តែច្រើន។
ការអស់រដូវមុនអាយុ (មុនអាយុ ៤០ ឆ្នាំ) ក៏អាចបណ្តាលឱ្យមានជំងឺពុកឆ្អឹង និងបាក់ឆ្អឹងដែរ។ ដូច្នេះការមករដូវបានយូរឆ្នាំ ក្នុងពេលដែលកម្រិតអ័រម៉ូនធ្លាក់ចុះឬអវត្តមាន អាចកើតឡើងចំពោះតែស្ត្រីដែលធ្វើលំហាត់ប្រាណខ្លាំងប៉ុណ្ណោះ។
ដំបូងត្រូវរកមើលថាតើលោកអ្នកអាចកើតជំងឺនេះបានយ៉ាងដូចម្តេច។ ដូច្នេះសូមទៅពិគ្រោះជាមួយគ្រូពេទ្យអំពីឱកាសរបស់លោកអ្នកក្នុងការកើតជំងឺពុកឆ្អឹង និងសួរថាតើលោកអ្នកត្រូវការត្រួតពិនិត្យកំហាប់ឆ្អឹង (Bone Density Test) ឬទេ។ ការស្កេនពិនិត្យនេះប្រើជាតិវិទ្យុសកម្មចំនួនតិចតួច ដើម្បីវាស់គុណភាពឆ្អឹងរបស់លោកអ្នក។ វាជាមធ្យោបាយតែមួយគត់ដើម្បីឱ្យដឹងថាលោកអ្នកមានជំងឺពុកឆ្អឹងឬទេ។
ការព្យាបាលជំងឺពុកឆ្អឹងជាច្រើន ធ្វើការបញ្ឈប់ការបាត់បង់ឆ្អឹង និងបន្ថយឱកាសនៃការបាក់ឆ្អឹង។ លោកអ្នកអាចចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅរបស់លោកអ្នក ដូចជាឈប់ជក់បារី, បន្ថែមកាល់ស្យូម និងវីតាមីន D ទៅក្នុងរបបអាហារ, និងហាត់ប្រាណឱ្យបានច្រើន។ ប៉ុន្តែមនុស្សមួយចំនួនអាចត្រូវការថ្នាំដើម្បីបន្ថយការបាត់បង់ឆ្អឹងឬកសាងឆ្អឹងថ្មី ដូចជា ៖
ហាត់ប្រាណ ៖ វាធ្វើឱ្យឆ្អឹង និងសាច់ដុំរឹងមាំ។ លំហាត់ប្រាណមានទម្ងន់ (Weight-bearing exercise) ដូចជាដើរ, រត់ត្រឹកៗ, លេងតេននីស, និងរាំ គឺល្អបំផុតសម្រាប់ការពារជំងឺពុកឆ្អឹង។ យ៉ាងហោចណាស់ ហាត់ឱ្យបាន ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។
លើសពីនេះទៀត លំហាត់កម្លាំង និងតុល្យភាពអាចបង្កើតសាច់ដុំរឹងមាំ និងអាចជួយលោកអ្នកជៀសផុតពីការដួល។ បែបនេះនឹងកាត់បន្ថយឱកាសបាក់ឆ្អឹង។
បន្ថែមកាល់ស្យូមទៅក្នុងរបបអាហារ ៖ អ្នកជំនាញណែនាំឱ្យញ៉ាំកាល់ស្យូមឱ្យបានចំនួន ១ ០០០ មីលីក្រាមក្នុងមួយថ្ងៃ ចំពោះស្ត្រី មុនពេលអស់រដូវ និង ១ ២០០ មីលីក្រាមក្នុងមួយថ្ងៃ សម្រាប់អ្នកដែលកំពុងអស់រដូវ។
ប្រភពល្អនៃកាល់ស្យូម រួមមាន ៖
ផលិតផលទឹកដោះ និងទឹកដោះគោ
ត្រីកំប៉ុងដែលមានឆ្អឹង ដូចជាត្រីសាល់ម៉ុន និងត្រីសាឌីន
បន្លែស្លឹកពណ៌បៃតងចាស់ ដូចជាស្ពៃ (kale), ស្ពែ (collards), ខាត់ណាបៃតង (broccoli)
អាហារដែលមានជាតិកាល់ស្យូមបន្ថែម ដូចជាទឹកផ្លែក្រូច (orange juice)
លោកអ្នកអាចទទួលបានបរិមាណកាល់ស្យូម ដោយបរិភោគអាហារដែលសម្បូរជាតិកាល់ស្យូម ចំនួន ៤ ដងក្នុងមួយថ្ងៃ។
លេបថ្នាំបំប៉នបន្ថែមលើរបបអាហារ ៖ យកល្អ លោកអ្នកគួរតែយកជាតិកាល់ស្យូមតាមរយៈអាហារដែលលោកអ្នកបរិភោគ។ ប៉ុន្តែបើវាមិនគ្រប់គ្រាន់ទេ សូមសាកសួរគ្រូពេទ្យថាតើលោកអ្នកគួរប្រើថ្នាំគ្រាប់កាល់ស្យូមដែរឬទេ។ តាមការសិក្សាមួយចំនួនបានបង្ហាញថា ថ្នាំគ្រាប់ទាំងនេះអាចធ្វើឱ្យមនុស្សមួយចំនួនមានជំងឺគាំងបេះដូង តែទោះយ៉ាងណាយើងត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីឱ្យដឹងច្បាស់។ លោកអ្នក និងគ្រូពេទ្យគួរតែពិគ្រោះពីហានិភ័យ បន្ទាប់មកទើបសម្រេចថា អ្វីដែលល្អបំផុតសម្រាប់លោកអ្នក។
ទទួលវីតាមីន D គ្រប់គ្រាន់៖ រាងកាយរបស់លោកអ្នកត្រូវការវាដើម្បីស្រូបយកកាល់ស្យូម។លោក អ្នកអាចទទួលបាននូវវីតាមីន D ដោយចំណាយពេលឱ្យត្រូវពន្លឺព្រះអាទិត្យ ដែលជំរុញឱ្យរាងកាយលោកអ្នកបង្កើតវីតាមីន D។ ប៉ុន្តែកុំឈរហាលថ្ងៃច្រើនពេក ព្រោះវាអាចធ្វើឱ្យកើតជំងឺមហារីកស្បែក។ លោកអ្នកក៏អាចទទួលបានវីតាមីន D ពីអាហារដែរ ដូចជា ៖
មនុស្សពេញវ័យត្រូវការវីតាមីន D ពី ៦០០ ទៅ ៨០០ International Units (IU) ក្នុងមួយថ្ងៃ។
Translate by Chakriya Phou