លក្ខខណ្ឌ

តើអ្វីដែលអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់?

សម្ពាធឈាមខ្ពស់ (High Blood Pressure) ឬវេជ្ជបណ្ឌិតអាចហៅថា Hypertension ជាបញ្ហាសុខភាពមួយក្នុងចំណោមបញ្ហាសុខភាពទាំងឡាយដែលលបតាមលោកអ្នកដោយស្ងាត់ៗ។ លោកអ្នកអាចនឹងកើតជំងឺនេះដោយមិនដឹងខ្លួន អស់រយៈពេលយ៉ាងយូរ។ ជារឿយៗ វាមិនចេញអាការអ្វីទេ។ ប៉ុន្តែវាអាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរផ្សេងៗដូចជាគាំងបេះដូង (heart attack) ជំងឺខ្សោយសរសៃឈាមបេះដូង (congestive heart failure) និងជំងឺដាច់សរសៃឈាមខួរក្បាល (stroke)។ ដូច្នេះវាចំណាយពេលដើមី្បរកឃើញអ្វីដែលនាំឱ្យកើតជំងឺនេះ។

បេះដូងរបស់លោកធ្វើការដូចជាប្រដាប់សប់ ដើមី្បរុញឈាមរត់នៅក្នុងខ្លួនប្រាណលោកអ្នក។ សម្ពាធឈាមជាកម្លាំងដែលឈាមដាក់ទៅលើសរសៃឈាមពេលវារត់។ សម្ពាធឈាមកាន់តែខ្ពស់ កម្លាំងក៏កាន់តែខ្លាំងដែរ។ បើគ្មានសម្ពាធខ្លះទេ ឈាមលោកអ្នកនឹងមិនរត់ឡើយ។ វាដូចជាលោកអ្នកព្យាយាមផ្លុំប៉េងប៉ោងដូច្នេះដែរ។ ប៉ុន្តែបើសម្ពាធខ្លាំងពេក លោកអ្នកនឹងមានបញ្ហា។

តើអ្វីដែលរុញសម្ពាធឈាមឱ្យឡើង?

លោកអ្នកមានជំងឺសម្ពាធឈាមខ្ពស់ប្រសិនបើ ឧទាហរណ៍ តួលេខសម្ពាធឈាមខាងលើគឺ ១៤០ ឬខ្ពស់ជាងនេះ និងបើតួលេខខាងក្រោមគឺ ៩០ ឬខ្ពស់ជាងនេះ (មានន័យថា ១៤០ លើ ៩០)។ ជានិច្ចជាកាល វេជ្ជបណ្ឌិតមិនអាចដឹងមូលហេតុដែលបណ្តាលឱ្យកើត Hypertension ទេ ទោះបីមើលទៅ វាទំនងជាទាក់ទងនឹងរឿងអាយុច្រើនក៏ដោយ។ ពូជសាសន៍ និងប្រវត្តិក្រុមគ្រួសារក៏មានចំណែកក្នុងការបង្កជំងឺដែរ។ ប៉ុន្តែមានរបស់ផ្សេងៗមួយចំនួនទៀតដែលធ្វើឱ្យសម្ពាធឈាមលោកអ្នកកើន ដូចជា៖

 

លើសទម្ងន់ ៖ ពេលដែលលោកអ្នកឡើងទម្ងន់ តម្រូវការឈាមក៏ច្រើនដែរ។ បែបនេះ វាបន្ថែមសម្ពាធដល់បេះដូង និងសរសៃឈាមលោកអ្នក។ នេះជាផ្នែកមួយនៃមូលហេតុដែលសកម្មភាពរាងកាយ និងរបបអាហារល្អមានសារសំខាន់ណាស់។

សកម្មភាពរាងកាយតិចឬគ្មាន ៖ ពេលដែលលោកអ្នកមិនសូវកម្រើក ចង្វាក់បេះដូងលោកអ្នកលោតខ្ពស់ ដែលធ្វើឱ្យបេះដូងលោកអ្នកសប់ខ្លាំង ពេលលោតម្តងៗ។ ប៉ុន្តែពេលលោកអ្នកហាត់ប្រាណ ខ្លួនលោកអ្នកបង្កើតអ័រម៉ូនដែលជួយបន្ធូរសរសៃឈាមរបស់លោកអ្នក និងបន្ថយសម្ពាធឈាម។

ជាតិប្រៃច្រើន ៖ សូដ្យូម ដែលមាននៅក្នុងអំបិល អាចធ្វើឱ្យសម្ពាធឈាមលោកអ្នកកើន ព្រោះវាដើរតួក្នុងការបង្រួមសរសៃឈាមរបស់លោកអ្នក និងធ្វើឱ្យរាងកាយលោកអ្នករក្សាទុកសារធាតុរាវច្រើន។ ហេតុដូច្នេះ វាជារឿងល្អបំផុត ដែលកំណត់ជាតិប្រៃក្នុងរបបអាហារលោកអ្នក។ លោកអ្នកក៏ត្រូវបរិភោគប៉ូតាស្យូមឱ្យបានគ្រប់គ្រាន់ផងដែរ ដែលប៉ូតាស្យូមនេះមាននៅក្នុងចេក ដំឡូងបារាំង និងទឹកដោះគោជូរ។ វាជួយធ្វើឱ្យកម្រិតសូដ្យូមក្នុងខ្លួនលោកអ្នកមានតុល្យភាព និងរក្សាតាមដានសម្ពាធរបស់លោកអ្នក។

ប្រើថ្នាំជក់ ៖ បារី និងការទំពាថ្នាំជក់ ទាំងពីរនេះធ្វើឱ្យសម្ពាធឈាមលោកអ្នកឡើង ក្នុងខណៈលោកអ្នកកំពុងជក់ ឬទំពា។ បន្ថែមលើនេះ ជាតិគីមីដែលមាននៅក្នុងថ្នាំជក់បំផ្លាញផ្នែកខាងក្នុងនៃសរសៃឈាមលោកអ្នក ដោយបង្រួម និងនាំឱ្យកើតកំណកូឡេស្តេរ៉ូល (cholesterol plaques) និងគាំងបេះដូង។

ប្រើប្រាស់គ្រឿងស្រវឹង ៖ ការផឹកគ្រឿងស្រវឹងច្រើនពេកអាចបំផ្លាញសាច់ដុំបេះដូងរបស់លោកអ្នក។ បើលោកអ្នកផឹកស្រា ជាការល្អបំផុត លោកអ្នកត្រូវកំណត់ខ្លួនឯង។ សម្រាប់ស្ត្រីមានសុខភាពល្អ មួយថ្ងៃ ផឹកស្រាមួយកែវ។ សម្រាប់បុរសមានសុខភាពល្អ មួយថ្ងៃ ផឹកពីរកែវ រហូតដល់អាយុ ៦៥ ឆ្នាំ បន្ទាប់មក បន្ថយមកត្រឹមមួយកែវ។

ស្ត្រេស ៖ ស្ត្រេសរ៉ាំរ៉ៃ (chronic stress) អាចបណ្តាលឱ្យសម្ពាធឈាមលោកអ្នកមានបញ្ហា។ មិនតែប៉ុណ្ណោះវាក៏នាំឱ្យលោកអ្នកទៅជាជក់បារី និងផឹកស្រា ដែលនេះក៏ធ្វើឱ្យលោកអ្នកឡើងសម្ពាធឈាមផងដែរ។

 

លក្ខខណ្ឌសុខភាព

លក្ខខណ្ឌសុខភាពមួយចំនួនអាចបណ្តាលឱ្យលើសឈាម។ នេះជាករណីមួយក្នុងចំណោមករណីផ្សេងៗ   ពេលដែលរកមូលហេតុនៃជំងឺឃើញច្បាស់។ ឧទាហរណ៍ ស្ថានភាពសុខភាព ដូចជាដង្ហើមពិបាកក្នុងពេលគេង ជំងឺតម្រងនោម និងបញ្ហាក្រពេញទីរ៉ូអ៊ីត (thyroid problem) ដែលទាំងនេះអាចធ្វើឱ្យលើសឈាម។ ពេលខ្លះ Hypertension អាចកើតអំឡុងមានផ្ទៃពោះ និងត្រូវការការព្យាបាលលក្ខណៈពិសេស។

តើសម្ពាធឈាមឡើងខ្ពស់ដោយរបៀបណា?

ពេលដែលសម្ពាធឈាមលោកអ្នកឡើង បេះដូងលោកអ្នកត្រូវតែធ្វើការធ្ងន់ជាងមុន ដើមី្បច្របាច់ឈាម។ យូរៗទៅ វាក៏ក្លាយជាបញ្ហា ព្រោះប្រៀបដូចលោកអ្នកដាក់ឈ្នាន់ហ្គារ៍ឡានដូច្នោះដែរ លោកអ្នកនឹងធ្វើឱ្យម៉ាស៊ីនឡានអស់កម្លាំង។ បេះដូងក៏ដូចគ្នា។

បញ្ហាមួយទៀតគឺថា សរសៃឈាមរបស់លោកអ្នកផុយស្រួយ ហើយវាធ្វើការច្រើន។ យូរទៅ នឹងមានកំណ (plaque) ហើយសរសៃឈាមនឹងដាច់រហែកនៅត្រង់ទីតាំងដែលមានកំណនោះ។

ពេលដែលកំណ (plaque) កើនឡើង សរសៃឈាមលោកអ្នកនឹងចង្អៀត ដូច្នេះប្រហោងសម្រាប់ឱ្យឈាមរត់នឹងក្លាយជាតូច។ ពេលនោះ បេះដូងរបស់លោកអ្នកត្រូវតែច្របាច់ឱ្យខ្លាំង ដែលបង្កើតសម្ពាធកាន់តែខ្លាំង បន្ទាប់មកបេះដូងនឹងច្របាច់ខ្លាំងបែបនេះរហូតទៅ។

Translate by Chakriya Phou

Leave a Comment