ប្រជុំរោគសញ្ញា និងអាការរោគរំលាយអាហារ (Metabolic Syndrome) ដែលត្រូវបានគេស្គាល់ថាជា syndrome X ឬ dysmetabolic syndrome សំដៅដល់ក្រុមនៃការរំលាយអាហារ (cluster of metabolic) ទាំងឡាយណាដែលអាចនាំឱ្យមានជំងឺបេះដូង។
លក្ខណៈសំខាន់នៃ Metabolic Syndrome រួមមាន ភាពស៊ាំរបស់អាំងស៊ុយលីន (insulin resistance), លើសឈាម (hypertension – high blood pressure), កូឡេស្តេរ៉ូលមិនប្រក្រតី, និងការកើនឡើងហានិភ័យនៃការកកឈាម (clotting)។ អ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន syndrome នេះ ច្រើនតែជាអ្នកលើសទម្ងន់ឬដុះក្បាលពោះ។
ភាពស៊ាំរបស់អាំងស៊ុយលីន (insulin resistance) គឺជាលក្ខខណ្ឌមួយដែលរាងកាយផលិតអាំងស៊ុយលីនប៉ុន្តែមិនបានប្រើវាត្រឹមត្រូវ។ អាំងស៊ុយលីន (insulin) ជាអ័រម៉ូនផលិតដោយលំពែងដើមី្បជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករ (glucose) សម្រាប់ជាថាមពល។ ប្រសិនបើមនុស្សម្នាក់មានភាពស៊ាំរបស់អាំងស៊ុយលីន មានន័យថារាងកាយរបស់គាត់មិនអាចបំលែងជាតិស្ករ (glucose) សម្រាប់ឱ្យសាច់ដុំ និងជាលិកាផ្សេងទៀតប្រើឡើយ។
យោងតាមគោលការណ៍ណែនាំរបស់ សមាគមបេះដូងអាម៉េរិក (American Heart Association) បានបង្ហាញថា បើមនុស្សមានលក្ខណៈ ៣ យ៉ាងក្នុងចំណោមលក្ខណៈខាងក្រោមនេះ គេអាចវិនិច្ឆ័យបានថាអ្នកនោះកើត Metabolic Syndrome ៖
អង្គការសុខភាពពិភពលោក (WHO) មានលក្ខណៈវិនិច្ឆ័យខុសគ្នាបន្តិចបន្តួចទាក់ទងនឹងការកំណត់ Metabolic Syndrome ៖
ប្រមាណ ២០% -៣០% នៃប្រជាជននៅក្នុងប្រទេសឧស្សាហកម្មកើត Metabolic Syndrome។
ដូចគ្នានឹងលក្ខខណ្ឌជំងឺផ្សេងៗ ទាំងតំណពូជ (genetics) និងបរិស្ថានសុទ្ធតែដើរតួយ៉ាងសំខាន់ក្នុងការវិវឌ្ឍ Metabolic Syndrome។
កត្តាតំណពូជជះឥទ្ធិពលដល់ធាតុផ្សំនីមួយៗនៃ syndrome និង syndrome ខ្លួនឯង។ បើប្រវត្តិគ្រួសារធ្លាប់មាន ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺលើសឈាម, និងជំងឺបេះដូងបឋម នោះនឹងធ្វើឱ្យមនុស្សម្នាក់ៗក្នុងគ្រួសារនោះវិវឌ្ឍលឿនទៅរកការកើត Metabolic Syndrome។
បញ្ហាបរិស្ថាន ដូចជាកម្រិតការធ្វើសកម្មភាពរាងកាយមិនសូវបានច្រើន, របៀបរស់នៅដែលមានការអង្គុយ និងដេកច្រើន (sedentary lifestyle), និងការឡើងទម្ងន់ជាលំដាប់, ក៏ជាកត្តារួមចំណែកបង្កើនហានិភ័យនៃការវិវឌ្ឍទៅជា Metabolic Syndrome ដែរ។
Metabolic Syndrome នេះកើតលើអ្នកដែលមានទម្ងន់រាងកាយធម្មតា ប្រហែលជា ៥%, អ្នកដែលលើសទម្ងន់ ២២%, និងអ្នកដែលត្រូវបានចាត់ទុកថាធាត់ ៦០%។ មនុស្សពេញវ័យដែលបន្តឡើងទម្ងន់ប្រមាណ ២,៥ គីឡូ ឬច្រើនជាងនេះ ក្នុងមួយឆ្នាំៗ នោះពួកគាត់នឹងមានហានិភ័យក្នុងការវិវឌ្ឍទៅរកកើតជំងឺ Metabolic Syndrome ដល់ទៅ ៤៥ %។
ខណៈការធាត់នេះជាកត្តាហានិភ័យធំបំផុត តែក៏មានកត្តាហានិភ័យផ្សេងៗដែរ រួមមាន៖
Metabolic Syndrome គឺជាជំងឺមួយដែលអាចបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដែលជាទាំងពីរនេះជាជំងឺរ៉ាំរ៉ៃទូទៅបំផុត នៅសព្វថ្ងៃនេះ។
Metabolic Syndrome បង្កើនហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ (ប្រភេទជំងឺទឹកនោមផ្អែមទូទៅ) លើចំនួនប្រជាជនទូទៅ នៅគ្រប់កន្លែង ពី ៩ ទៅ ៣០ ដង ។ ទាក់ទងទៅនឹងហានិភ័យនៃជំងឺបេះដូង ការសិក្សាបង្ហាញខុសគ្នា ប៉ុន្តែហានិភ័យនៃ Metabolic Syndrome កើនឡើងពី ២ ទៅ ៤ ដងចំពោះចំនួនប្រជាជនទូទៅ។
ហានិភ័យសុខភាពផ្សេងទៀតពី Metabolic Syndrome រួមមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម (fat accumulation in the liver) (ថ្លើមធាត់) ដែលបណ្តាលឱ្យមានការរលាក (inflammation) និងសក្តានុពលនៃជំងឺក្រិនថ្លើម (cirrhosis)។ តម្រងនោមក៏អាចរងផលប៉ះពាល់ដែរ ដោយសារ Metabolic Syndrome ផ្សារភ្ជាប់នឹង microalbuminuria ដែលជាការធ្លាយចេញនូវប្រូតេអ៊ីនចូលទៅក្នុងទឹកនោម វាជារឿងស្មុគស្មាញ តែបង្ហាញយ៉ាងច្បាស់ពីការខូចខាតតម្រងនោម។ Syndrome នេះក៏អាចបណ្តាលឱ្យពិបាកដកដង្ហើមក្នុងពេលគេង (sleep apnea), កើតរោគពហុគីសក្នុងអូវែ (polycystic ovary syndrome), ហានិភ័យនៃជំងឺវង្វេងដោយសារអាយុច្រើន, និងការថយចុះការដឹងដោយញាណ (cognitive) ចំពោះមនុស្សវ័យចំណាស់។
គោលដៅសំខាន់គឺត្រូវព្យាបាលទាំងមូលហេតុដើមនៃជំងឺ Metabolic Syndrome និងទាំងកាត់បន្ថយកត្តាដែលអាចនាំឱ្យមានបញ្ហាបេះដូង។
ការកែប្រែរបៀបរស់នៅគឺជាការព្យាបាលដ៏ពេញនិយមចំពោះ Metabolic Syndrome។ ចំណែកការកាត់បន្ថយទម្ងន់ ជាធម្មតាគឺតម្រូវឱ្យមានកម្មវិធីដែលមានលក្ខណៈពិសេស (specifically tailor) និងមានមុខងារច្រើន (multifaceted) ដោយរួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណ។ ការប្រើថ្នាំក៏អាចមានប្រយោជន៍ដែរ។
ជាទូទៅ អ្នកជំនាញណែនាំឱ្យប្រើរបបអាហារមេឌីទែរ៉ាណេ (Mediterranean diet) ជារបបអាហារមួយដែលសម្បូរទៅដោយខ្លាញ់ «ល្អ» (ប្រេងអូលីវ) និងមានបរិមាណកាបូអ៊ីដ្រាត និងប្រូតេអ៊ីនសមស្រប (មកពីត្រី និងសាច់មាន់)។
របបអាហារមេឌីទែរ៉ាណេមានឱជារស និងងាយស្រួលរក្សា។ បន្ថែមលើនេះ តាមការសិក្សាថ្មីៗបានបង្ហាញថា បើប្រៀបធៀបទៅនឹងរបបអាហារមានជាតិខ្លាញ់ទាប អ្នកដែលប្រើរបបអាហារមេឌីទែរ៉ាណេមានការថយចុះទម្ងន់រាងកាយច្រើន និងសម្ពាធឈាម, កម្រិតកូឡេស្តេរ៉ូល, និងសញ្ញាផ្សេងទៀតនៃជំងឺបេះដូងមានភាពល្អប្រសើរ ដែលទាំងអស់នេះសំខាន់ក្នុងការវាយតម្លៃ និងព្យាបាល Metabolic Syndrome។
កម្មវិធីហាត់ប្រាណប្រកបដោយនិរន្តភាព ឧទាហរណ៍ ៣០ នាទីក្នុងមួយថ្ងៃ និងហាត់ ៥ ថ្ងៃក្នុងមួយសប្តាហ៍ជាចំណុចចាប់ផ្តើមមួយ ដោយគ្មានហេតុផលវេជ្ជសាស្រ្តណាមួយបដិសេធឡើយ។ ប្រសិនបើលោកអ្នកព្រួយបារម្ភទាក់ទងនឹងបញ្ហានេះ លោកអ្នកអាចពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ ការធ្វើលំហាត់ប្រាណមានឥទ្ធិពលល្អ ដល់សម្ពាធឈាម, កម្រិតកូឡេស្តេរ៉ូល, និងអាំងស៊ុយលីន (insulin sensitivity) នេះមិនគិតដល់ការស្រកទម្ងន់ផង។ ហើយការធ្វើលំហាត់ប្រាណមានប្រយោជន៍ក្នុងការព្យាបាល Metabolic Syndrome។
ប្រសិនបើមានចង្កេះធំ ហេតុអ្វីមិនព្រមវះកាត់យកខ្លាញ់ចេញ (liposuction)? វាមិនមែនជារឿងធម្មតាទេ។ តាមការសិក្សាបានបង្ហាញថា ការវះកាត់យកខ្លាញ់ចេញ (liposuction) គ្មានប្រយោជន៍ចំពោះអាំងស៊ុយលីន, សម្ពាធឈាម, ឬកូឡេស្តេរ៉ូលឡើយ។ របបអាហារ និងការធ្វើលំហាត់ប្រាណនៅតែជាការព្យាបាលដំបូងបង្អស់ ដែលត្រូវបានណែនាំចំពោះការព្យាបាល Metabolic Syndrome។
ប្រសិនបើផ្លាស់ប្តូរកម្រិតរបបអាហារ និងសកម្មភាពរាងកាយហើយ តែនៅតែមិនបានផល តើត្រូវធ្វើដូចម្តេច? បើដូច្នោះ គ្រូពេទ្យអាចនឹងពិចារណាឱ្យលោកអ្នកប្រើថ្នាំគ្រប់គ្រងកូឡេស្តេរ៉ូល និងជំងឺលើសឈាម។
គោលដៅនៃសម្ពាធឈាម ជាទូទៅត្រូវកំណត់ឱ្យនៅទាបជាង ១៤០/៩០ តែសម្ពាធឈាមអាចផ្លាស់ប្តូរអាស្រ័យលើអាយុរបស់លោកអ្នក។ ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ដូចជា ACE inhibitors ត្រូវបានរកឃើញថាអាចកាត់បន្ថយកម្រិតនៃភាពស៊ាំរបស់អាំងស៊ុយលីន និងការពារផលវិបាកនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ។ នេះគឺជារឿងដ៏សំខាន់ នៅពេលពិភាក្សាអំពីជម្រើសថ្នាំសម្ពាធឈាមក្នុងការព្យាបាល Metabolic Syndrome។
ជាធម្មតា ថ្នាំ Metformin (Glucophage) ត្រូវបានប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២ តែត្រូវបានគេរកឃើញថា វាអាចជួយការពារការកើតជំងឺទឹកនោមផ្អែម ចំពោះអ្នកដែលមាន Metabolic Syndrome។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមិនមានគោលការណ៍ណែនាំស្តីពីការព្យាបាលអ្នកជំងឺ Metabolic Syndrome ជាមួយថ្នាំ Metformin នេះឡើយ ប្រសិនបើអ្នកនោះមិនបានធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។
រីឯ ថ្នាំ Statins គឺជាថ្នាំមួយប្រភេទ ដែលជារឿយៗត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើ ដើម្បីជួយបន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងឈាម។ ថ្នាំប្រភេទនេះរារាំងសកម្មភាពរបស់អង់ស៊ីមថ្លើម (liver enzyme) ដែលទទួលខុសត្រូវក្នុងការផលិតកូឡេស្តេរ៉ូល។
Translate by Chakriya Phou