លក្ខខណ្ឌ

ឈប់ជក់បារីដើមី្បបេះដូងរបស់លោកអ្នក

លោកអ្នកប្រហែលជាដឹងហើយថា ការជក់បារីមិនល្អសម្រាប់សួតរបស់លោកអ្នក។ តើលោកអ្នកដឹងថា វាក៏ធ្វើឱ្យលោកអ្នកងាយនឹងមានជំងឺលើសឈាម និងជំងឺបេះដូងដែរទេ?

ជាតិនីកូទីននៅក្នុងផ្សែងបារីគឺជាផ្នែកធំមួយនៃបញ្ហា។ វាបង្កើនសម្ពាធឈាម និងចង្វាក់បេះដូងរបស់លោកអ្នក បង្រួមសរសៃឈាម និងធ្វើឱ្យជញ្ជាំងសរសៃឈាមរឹង ហើយព្រមទាំងអាចធ្វើឱ្យឈាមរបស់លោកអ្នកកកទៀតផង។ វាសង្កត់លើបេះដូងរបស់លោកអ្នក ហើយធ្វើឱ្យលោកអ្នកគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

ប្រសិនបើលោកអ្នកជក់បារី សូមបញ្ឈប់វា។ ការឈប់ជក់បារីអាចជួយសង្រ្គោះជីវិតលោកអ្នក។ តើលោកអ្នកមិនមែនជាអ្នកជក់បារីទេមែនទេ? បើដូច្នេះ សូមចងចាំថាផ្សែងបារីក៏អាចធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់ដែរ។

 

វិធីបញ្ឈប់ការជក់បារី

លោកអ្នកត្រូវរៀបចំ និងទទួលការគាំទ្រ។ ចាប់ផ្តើមបញ្ឈប់ការជក់បារី ដោយគន្លឹះដូចខាងក្រោម៖

១. កំណត់កាលបរិច្ឆេទដើម្បីបញ្ឈប់ការជក់បារី។ សូមប្រាប់គ្រូពេទ្យអំពីរឿងនេះ។

២. សរសេរពីមូលហេតុដែលលោកអ្នកចង់ឈប់ជក់។ រួចអានបញ្ជីមូលហេតុរៀងរាល់ថ្ងៃ។

៣. កត់ត្រាពីអ្វីដែលបង្កឱ្យលោកអ្នកជក់បារី។ ជក់តែនៅក្នុងស្ថានភាពជាក់លាក់? ជាមួយមនុស្សពិសេស? នៅពេលអ្នកមានអារម្មណ៍ពិសេស?

៤. ធ្វើតារាងសកម្មភាពដែលលោកអ្នកអាចធ្វើជំនួសឱ្យការជក់បារី។ រក្សាទុកបញ្ជីនៅក្នុងទូរស័ព្ទរបស់លោកអ្នក ដើមី្បងាយស្រួលយកតាមខ្លួន និងមើល។

៥. សាកសួរគ្រូពេទ្យអំពីស្ករកៅស៊ូជាតិនីកូទីន (nicotine gum) ឬបំណះជាតិនីកូទីន (nicotine patches)។ អ្នកខ្លះយល់ថារបស់នេះមានប្រយោជន៍។

៦. ចូលរួមជាមួយក្រុមឬកម្មវិធីបញ្ឈប់ការជក់បារី។

៧. កុំកាន់ដែកកេះ, ឈើគូស ឬបារី។ ដាក់របស់ទាំងនេះនៅកន្លែងដែលលោកអ្នកមើលមិនឃើញ។

៨. តើលោកអ្នករស់នៅជាមួយអ្នកជក់បារីមែនទេ? ដូច្នេះសុំពួកគេឱ្យទៅជក់បារីឆ្ងាយពីខ្លួនលោកអ្នក។

៩. កុំផ្តោតលើអ្វីដែលលោកអ្នកបានបោះបង់ចោល។ គិតអំពីខ្លួនលោកអ្នក តើនឹងមានសុខភាពល្អប៉ុណ្ណា។

១០. នៅពេលលោកអ្នកចង់ជក់បារី សូមដកដង្ហើមចូលយ៉ាងវែង ទុកមួយភ្លែត សឹមដកដង្ហើមចេញយឺតៗ។ ធ្វើបែបនេះពីរបីដងរហូតដល់ការចង់ជក់បារីរសាយបាត់។

១១. ធ្វើឱ្យដៃរបស់លោកអ្នករវល់។ គូសវាសខ្លាំងៗ (doodle), លេងគ្រវីខ្មៅដៃឬបំពង់បឺត, គោះម្រាមដៃធ្វើជាភ្លេង ឬអូសម្រាមដៃលើអេក្រង់ទូរស័ព្ទ (scroll)។

១២. ដើរឬអានសៀវភៅជំនួសឱ្យការជក់បារី។

១៣. បើអាច សូមចៀសវាងទីកន្លែង មនុស្ស និងស្ថានភាពដែលធ្វើឱ្យលោកអ្នកចង់ជក់បារី។

១៤. នៅពេលដែលលោកអ្ននឃ្លានបារី សូមបរិភោគអាហារដែលមានកាឡូរីទាប (ដូចជាការុត ឬកំណាត់ឃិនឆាយ ឬស្កររឹងដែលគ្មានជាតិស្ករ) ឬទំពាស្ករកៅស៊ូគ្មានជាតិស្ករ។

១៥. កំណត់ការផឹកភេសជ្ជៈដែលមានជាតិស្រវឹង ឬកាហ្វេអ៊ីន។ របស់ទាំងនេះអាចជំរុញលោកអ្នកឱ្យជក់បារី។

១៦. ទៅហាត់ប្រាណ។ វាជាវិធីដ៏ល្អដើម្បីលម្ហែ។ លោកអ្នកអាចចាប់ផ្តើមកម្មវិធីហាត់ប្រាណមុនពេលលោកអ្នកឈប់ជក់បារី។

១៧. ស្វែងរកការគាំទ្រ។ ប្រាប់អ្នកដទៃថា គោលដៅរបស់លោកអ្នកគឺប្តូរទម្លាប់ចាស់ចោល។

១៨. សូមរៀបចំផែនការជាមួយគ្រូពេទ្យ ដោយប្រើផលិតផលថ្នាំនៅតាមបញ្ជរ ឬឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំដែលអាចជំនួសជាតិនីកូទីន។

តើនឹងមានអារម្មណ៍យ៉ាងណាពេលឈប់ជក់បារី?

ដំបូងវាពិបាកណាស់។ លោកអ្នកប្រហែលជាឃ្លានបារី, ឆាប់ខឹង, មានអារម្មណ៍ឃ្លានជាងធម្មតា, ក្អកញឹកញាប់, ឈឺក្បាល ឬពិបាកក្នុងការផ្តោតអារម្មណ៍។ ទាំងនេះគឺជាអាការនៃការដកជាតិនីកូទីនពីក្នុងខ្លួន។ វាកើតខ្លាំងបំផុតនៅពេលដែលលោកអ្នកទើបឈប់ជក់លើកដំបូង រួចវានឹងបាត់ទៅវិញក្នុងរយៈពេល ១០ ទៅ ១៤ ថ្ងៃ។

ក្នុងរយៈពេលពីរបីថ្ងៃដំបូង សូមគ្រប់គ្រងខ្លួនលោកអ្នក។ សូមគិតពីគោលដៅរបស់លោកអ្នក។ សូមរំឭកខ្លួនឯងថា នេះជាសញ្ញាបង្ហាញថារាងកាយរបស់លោកអ្នកកំពុងជាសះស្បើយ និងសម្របខ្លួនទៅនឹងជីវិតដែលគ្មានផ្សែងបារី។

 

មនុស្សភាគច្រើនព្យាយាមឈប់បីដង មុនពេលឈប់ជក់បានសម្រេច។ ពេលលោកអ្នកជោគជ័យហើយ សូមរក្សាវា! វាពិតជាមានតម្លៃនៅពេលដែលលោកអ្នកអាចនិយាយដោយជឿជាក់ថា លោកអ្នកធ្លាប់ជក់បារី តែពេលនេះលោកអ្នកលែងជក់ហើយ។

Translate by Chakriya Phou

Leave a Comment