អ្នកប្រហែលជាមិនទាន់មានផ្ទៃពោះនៅឡើយទេ ប៉ុន្តែចាប់ពីពេលនេះទៅមានវិធីជាច្រើនដែលអ្នកអាចធ្វើ ដើម្បីធ្វើឱ្យខ្លួនអ្នកមានសុខភាពល្អតាមដែលអាចធ្វើទៅបាន សម្រាប់ការលូតលាស់របស់ទារក។ សូមពិចារណាលើបញ្ជីការងារដែលត្រូវធ្វើមុនពេលមានផ្ទៃពោះ។
១. ធ្វើការណាត់ជួបជាមួយគ្រូពេទ្យ៖
វាពិតណាស់ដែលអ្នកនឹងជួបគ្រូពេទ្យច្រើនដង បន្ទាប់ពីអ្នកមានផ្ទៃពោះ ប៉ុន្តែវាក៏ជាគំនិតល្អក្នុងការណាត់ជួបជាមុនផងដែរ ទោះបីអ្នកធ្លាប់មានផ្ទៃពោះពីមុនក៏ដោយ។ ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ ដែលអាចប៉ះពាល់ដល់ឱកាសនៃការមានគភ៌ ឬដែលអាចធ្វើឱ្យការមានផ្ទៃពោះមានគ្រោះថ្នាក់ វាសំខាន់ណាស់ក្នុងការគ្រប់គ្រងបញ្ហាទាំងនេះជាមុន។
ប្រសិនបើសមាជិកនៅក្នុងគ្រួសារអ្នក ឬសមាជិកក្នុងគ្រួសារដៃគូរបស់អ្នកមានជំងឺដូចជាជំងឺរលាកទងសួត ឬជំងឺកោសិកាឈាមក្រហមមានរាងកណ្តៀវ អ្នកប្រហែលចង់ធ្វើតេស្តពិនិត្យមុនពេលមានផ្ទៃពោះ។
២. ពិនិត្យអញ្ចាញធ្មេញរបស់អ្នក៖
វាមានទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញល្អ និងការមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ ជំងឺអញ្ចាញធ្មេញផ្សារភ្ជាប់ទៅនឹងការសម្រាលមិនគ្រប់ខែ និងទារកមិនគ្រប់ទម្ងន់។ ដូច្នេះដល់ពេលដែលត្រូវទៅជួបទន្តពេទ្យ ដើម្បីដោះស្រាយរាល់បញ្ហាសុខភាពមាត់ធ្មេញហើយ។
៣. បញ្ឈប់ការជក់បារី និងការទទួលទានគ្រឿងស្រវឹង៖
អ្នកប្រហែលជាដឹងរួចហើយថាថ្នាំជក់ និងគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះអាចបង្កបញ្ហា។ ពួកវាមិនល្អសម្រាប់ការលូតលាស់របស់ទារក និងអាចបង្កបញ្ហាសុខភាពដល់ពួកគេ នៅពេលពួកគេធំឡើង។
ប៉ុន្តែសូម្បីតែមុនពេលមានផ្ទៃពោះ ការជក់បារី និងការទទួលទានគ្រឿងស្រវឹងអាចធ្វើឱ្យពិបាកមានផ្ទៃពោះ និងបង្កើនអត្រានៃការរលូតកូន។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីកម្មវិធីដែលអាចជួយអ្នកឱ្យបោះបង់ទម្លាប់ទាំងនេះបាន។
៤.កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន៖
ការទទួលទានកាហ្វេច្រើនជាង ២ ពែង ឬទឹកក្រូចច្រើនជាង ៥ កំប៉ុងក្នុងមួយថ្ងៃ ( ជាតិកាហ្វេអ៊ីនប្រហែល ២៥០ មីលីក្រាម ) អាចធ្វើឱ្យអ្នកពិបាកមានផ្ទៃពោះ និងបង្កើនឱកាសដែលអ្នកនឹងរលូតកូន។
ការផ្លាស់ប្តូរទៅទទួលទានភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីនពីឥឡូវមានអត្ថប្រយោជន៍មួយផ្សេងទៀត៖ អ្នកនឹងមិនចាំបាច់ទ្រាំនឹងការឃ្លានជាតិកាហ្វេអ៊ីន ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូងនៃការមានផ្ទៃពោះឡើយ។
៥. បរិភោគឆ្លាត៖
មិនមានពេលវេលាណាល្អជាងពេលនេះក្នុងការកាត់ផ្តាច់អាហារ ដែលមានតែកាឡូរីតែគ្មានសារធាតុចិញ្ចឹមនោះទេ។ ត្រូវប្រាកដថាអ្នកទទួលទានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ជារៀងរាល់ថ្ងៃ។
របបអាហារដែលល្អចំពោះសុខភាពមុនពេលមានផ្ទៃពោះអាចធ្វើឱ្យអ្នកមិនសូវមានជំងឺទឹកនោមផ្អែមពេលមានគភ៌ ដែលជាប្រភេទជំងឺមួយដែលប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ។
៦. បញ្ចុះទម្ងន់៖
ការលើសទម្ងន់អាចបង្កើនបញ្ហាដូចជា៖ ជំងឺទឹកនោមផ្អែមពេលមានគភ៌ និងជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលជាលក្ខខណ្ឌត្រូវបានគេហៅថាជំងឺបម្រុងក្រឡាភ្លើង។
ជាទូទៅវាមិនមែនជាគំនិតល្អក្នុងការបញ្ចុះទម្ងន់ក្នុងពេលមានផ្ទៃពោះនោះទេ ដូច្នេះប្រសិនបើអ្នកចង់ស្រកទម្ងន់ សូមចាប់ផ្តើមមុនពេលមានផ្ទៃពោះ។
៧. ចាក់វ៉ាក់សាំង៖
ជំងឺមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យមានបញ្ហាច្រើនជាងធ្វើឱ្យអ្នកពិបាកចិត្ត។ ជំងឺទាំងនេះអាចធ្វើបាបកូនអ្នក។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីវ៉ាក់សាំង ដែលអ្នកត្រូវការមុនពេលមានផ្ទៃពោះ និងវ៉ាក់សាំងដែលអ្នកនឹងត្រូវការនៅពេលក្រោយ។
គ្រូពេទ្យចាក់ថ្នាំបង្ការមួយចំនួនអំឡុងពេលមានផ្ទៃពោះដូចជា វ៉ាក់សាំង Tdap សម្រាប់ជំងឺក្អកមាន់ ដូច្នេះកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការការពារផងដែរ។
៨. គិតអំពីថ្នាំដែលអ្នកលេប៖
វាចាំបាច់ក្នុងការប្រាប់គ្រូពេទ្យឱ្យដឹងអំពីថ្នាំទាំងអស់ដែលអ្នកកំពុងប្រើដូចជា៖ ថ្នាំតាមវេជ្ជបញ្ជា ថ្នាំទិញពីបញ្ជរ វីតាមីនចម្រុះ និងឱសថពីរុក្ខជាតិ។ ថ្នាំមួយចំនួនក្នុងចំំណោមថ្នាំទាំំងនេះអាចប៉ះពាល់ដល់កូនអ្នក។
ដល់ពេលត្រូវចាប់ផ្តើមលេបវីតាមីនចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ ឬថ្នាំបំប៉នអាស៊ីតហ្វូលិកហើយ ដើម្បីកាត់បន្ថយហានិភ័យនៃពិការភាពពីកំណើត។
៩. ជ្រើសរើសម្ហូបសមុទ្រ៖
អ្នកប្រហែលជាធ្លាប់ឮហើយថា វាជាការវៃឆ្លាតក្នុងការជៀសវាងត្រីដែលមានសារធាតុបារ៉តខ្ពស់នៅពេលអ្នកមានផ្ទៃពោះ។ ប៉ុន្តែវាអាចចំណាយពេលមួយឆ្នាំសម្រាប់រាងកាយ ដើម្បីបំបាត់សារធាតុបារ៉តចេញពីឈាមរបស់អ្នក។
ការទទួលទានត្រីពីរដងក្នុងមួយសប្តាហ៍គឺល្អ ប៉ុន្តែត្រូវជៀសវាងប្រភេទដែលមានសារធាតុបារ៉តខ្ពស់ដូចជា៖ ត្រីចំពុះដាវ ត្រី tilefish ត្រី king mackerel និងត្រីឆ្លាម។
១០. ហាត់ប្រាណ៖
ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយឱ្យអ្នកមានទម្ងន់ ដែលល្អចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យអ្នកមានសុខភាពមាំមួនសម្រាប់ការសម្រាលកូនដែរ។ នៅពេលដែលអ្នកមានផ្ទៃពោះ សូមរកមើលថ្នាក់ហាត់ប្រាណពិសេសដែលមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះ។