ត្រីមាសទី ១ គឺជាដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ វាចាប់ផ្តើមនៅថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់អ្នក (មុនពេលអ្នកមានផ្ទៃពោះ) និងមានរយៈពេលរហូតដល់ចុងសប្តាហ៍ទី ១៣ ។ វាជាពេលវេលានៃការរង់ចាំយ៉ាងរំភើប និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់អ្នក និងកូនរបស់អ្នក។ ការដឹងពីអ្វីដែលត្រូវរំពឹងនឹងជួយអ្នកឱ្យត្រៀមខ្លួនសម្រាប់ខែបន្ទាប់។
ការផ្លាស់ប្តូរនៅត្រីមាសទី ១ នៅក្នុងខ្លួនរបស់អ្នក
ការមានផ្ទៃពោះគឺខុសគ្នាចំពោះស្ត្រីគ្រប់រូប។ ស្ត្រីខ្លះមានសុខភាពល្អអំឡុងពេល ៣ ខែដំបូង។ អ្នកផ្សេងទៀតមានអារម្មណ៍ថាពិតជាវេទនាខ្លាំងណាស់។ ខាងក្រោមនេះគឺជាការផ្លាស់ប្តូរមួយចំនួន ដែលអ្នកអាចកត់សម្គាល់អត្ថន័យរបស់ពួកវា ហើយនិងសញ្ញាណាមួយដែលតម្រូវឱ្យមានការទាក់ទងទៅវេជ្ជបណ្ឌិត។
ការធ្លាក់ឈាម៖ ប្រហែលជា ២៥% នៃស្ត្រីមានផ្ទៃពោះមានការធ្លាក់ឈាមតិចតួចក្នុងអំឡុងពេលត្រីមាសទី ១ ។ នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ការធ្លាក់ឈាមតិចតួចអាចជាសញ្ញាមួយ ដែលអំប្រ៊ីយ៉ុងបង្កកំណើតបានរំកិលក្នុងស្បូនរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមានការធ្លាក់ឈាមច្រើន រមួលសាច់ដុំជុំវិញស្បូន ឬឈឺចាប់ខ្លាំងនៅក្នុងពោះ សូមទាក់ទងទៅវេជ្ជបណ្ឌិត។ ទាំងនេះអាចជាសញ្ញានៃការរលូតកូន ឬការមានកូនក្រៅស្បូន។
ការឈឺសុដន់៖ សុដន់ឈឺគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាដំបូងបំផុតនៃការមានផ្ទៃពោះ។ វាបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឱ្យរន្ធទឹកដោះរបស់អ្នកត្រៀមខ្លួនដើម្បីបំបៅកូនរបស់អ្នក។ សុដន់របស់អ្នកប្រហែលជាឈឺពេញមួយត្រីមាសដំបូង។ ការឡើងទំហំអាវទ្រនាប់ និងពាក់អាវទ្រនាប់ទ្រទ្រង់អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលជាងមុន។ អ្នកប្រហែលជាមិនអាចត្រលប់ទៅពាក់អាវទ្រនាប់ទំហំធម្មតាបានទេ រហូតទាល់តែកូនរបស់អ្នកលែងបៅ។
ការទល់លាមក៖ ក្នុងអំឡុងពេលមានផ្ទៃពោះ កម្រិតខ្ពស់នៃអ័រម៉ូនប្រូសេស្តេរ៉ូនធ្វើឱ្យការកន្ត្រាក់សាច់ដុំថយចុះ ដែលជាធម្មតារំកិលអាហារឆ្លងកាត់ប្រព័ន្ធរបស់អ្នក។ បន្ថែមពីលើនេះ ជាតិដែកបន្ថែម ដែលអ្នកទទួលបានពីវីតាមីនចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ។ ជាលទ្ធផលអ្នកទល់លាមក និងឡើងហ្គាស ដែលអាចធ្វើឱ្យអ្នកហើមពោះពេញមួយអំឡុងពេលមានផ្ទៃពោះ។ សូមទទួលទានអាហារជាតិសរសៃ និងផឹកទឹកឱ្យបានច្រើន ដើម្បីជួយជំរុញដំណើរការរំកិលអាហារទៅបានរលូន។ សកម្មភាពរាងកាយក៏អាចជួយបានដែរ។
ប្រសិនបើការទល់លាមកពិតជារំខានដល់អ្នក សូមពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំបន្ទន់លាមកដែលមានកម្រិតស្រាល និងមានសុវត្ថិភាពក្នុងការប្រើអំឡុងពេលមានផ្ទៃពោះ។
ការធ្លាក់ទឹករំអិល៖ វាជារឿងធម្មតាទេដែលឃើញមានការធ្លាក់ទឹករំអិលពណ៌សទឹកដោះគោថ្លា ( ហៅថាការធ្លាក់ស ) នៅពេលមានផ្ទៃពោះដំបូង។ អ្នកអាចប្រើសំឡីអនាម័យ ប្រសិនបើវាធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលជាងមុន ប៉ុន្តែសូមកុំប្រើដុំសំឡីអនាម័យដាក់ក្នុងទ្វារមាស (tampon) ពីព្រោះវាអាចធ្វើឱ្យមេរោគចូលក្នុងទ្វារមាសរបស់អ្នក។ ប្រសិនបើការធ្លាក់ទឹករំអិលមានក្លិនមិនល្អ ប្រសិនបើវាមានពណ៌បៃតង ឬពណ៌លឿង ឬប្រសិនបើមានការធ្លាក់ទឹករំអិលថ្លា សូមទាក់ទងទៅវេជ្ជបណ្ឌិត។
ភាពល្ហិតល្ហៃ៖ រាងកាយរបស់អ្នកធ្វើការយ៉ាងខ្លាំង ដើម្បីទ្រទ្រង់ទារកដែលកំពុងលូតលាស់។ នោះមានន័យថាអ្នកនឹងងាយអស់កម្លាំងជាងធម្មតា។ សូមគេងថ្ងៃ ឬសម្រាកនៅពេលអ្នកអស់កម្លាំងនៅពេលថ្ងៃ។ ត្រូវប្រាកដថាអ្នកទទួលបានជាតិដែកគ្រប់គ្រាន់។ ជាតិដែកតិចតួចពេកអាចនាំឱ្យមានភាពស្លេកស្លាំង ដែលអាចធ្វើឱ្យអ្នកកាន់តែអស់កម្លាំង។
អាហារដែលចូលចិត្ត និងមិនចូលចិត្ត៖ ទោះបីជាអ្នកប្រហែលជាមិនចង់ញុំាការេម ដែលលាយជាមួយបន្ទះ chip ជីរអង្កាម ដែលដាក់ជ្រក់ត្រសក់រសជាតិ dill នៅពីលើក៏ដោយ ក៏ចំណង់អាហាររបស់អ្នកអាចផ្លាស់ប្តូរនៅពេលអ្នកមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះជាង ៦០ ភាគរយមានចំណង់អាហារ។ ស្ត្រីច្រើនជាងពាក់កណ្តាលទទួលទានអាហារ ដែលពួកគេមិនចូលចិត្ត។ ការមានចំណង់អាហារម្តងម្កាលគឺមិនអីទេ ដរាបណាអ្នកទទួលទានអាហារដែលល្អចំពោះសុខភាព និងមានកាឡូរីទាបច្រើន។ លើកលែងការចង់ញុំារបស់ដែលមិនមែនអាហារដូចជា៖ ដីឥដ្ឋ ធូលី និងម្សៅសាប៊ូបោកសម្លៀកបំពាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក និងកូន។ ប្រសិនបើអ្នកមានអាការបែបនេះ សូមរាយការណ៍ទៅគ្រូពេទ្យភ្លាម។
នោមញឹក៖ កូនរបស់អ្នកនៅតូចនៅឡើយ ប៉ុន្តែស្បូនរបស់អ្នករីកធំ ហើយវាដាក់សម្ពាធលើប្លោកនោមរបស់អ្នក។ ជាលទ្ធផលអ្នកអាចមានអារម្មណ៍ថាអ្នកត្រូវទៅបន្ទប់ទឹកគ្រប់ពេល។ សូមកុំបញ្ឈប់ការទទួលទានសារធាតុរាវ រាងកាយរបស់អ្នកត្រូវការសារធាតុរាវ ប៉ុន្តែត្រូវកាត់បន្ថយជាតិកាហ្វេអ៊ីន ( ដែលរំញោចប្លោកនោម ) ជាពិសេសមុនពេលចូលគេង។ ពេលមានអារម្មណ៍ចង់បត់ជើងតូច ត្រូវទៅបន្ទប់ទឹកភ្លាម។ សូមកុំទប់វា។
ចុកចុងដង្ហើម៖ ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់អ្នកផលិតអ័រម៉ូនប្រូសេស្តេរ៉ូនច្រើន។ វាជួយបន្ធូរសាច់ដុំ ដូចជាកងសាច់ដុំនៅក្នុងបំពង់អាហារខាងក្រោម ដែលជាបំពង់ដែលភ្ជាប់មាត់ និងក្រពះរបស់អ្នក។ ជាធម្មតាសាច់ដុំទាំងនេះទប់អាហារ និងអាស៊ីតក្នុងក្រពះរបស់អ្នក។ នៅពេលដែលពួកវារលុង អ្នកអាចមានអាការចាល់អាស៊ីតដែលត្រូវបានគេស្គាល់ថាជាការចុកចុងដង្ហើម។ ដើម្បីជៀសវាងការចុកចុងដង្ហើម៖
ប្រែប្រួលអារម្មណ៍៖ ការកើនឡើងនៃភាពល្ហិតល្ហៃ និងការផ្លាស់ប្តូរអ័រម៉ូនអាចធ្វើឱ្យអ្នកប្រែប្រួលអារម្មណ៍ ដែលប្តូរអារម្មណ៍អ្នកពីរីករាយទៅសោកសៅ ឬពីមានសង្ឃឹមទៅភ័យរន្ធត់ក្នុងរយៈពេលតែប៉ុន្មានវិនាទី។ វាមិនអីទេក្នុងការយំ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ សូមព្យាយាមរកអ្នកដែលអាចស្តាប់អ្នករៀបរាប់ទុកសោក។ អ្នកអាចនិយាយជាមួយដៃគូរបស់អ្នក មិត្តភក្តិ សមាជិកគ្រួសារ ឬអ្នកជំនាញ។
ចាញ់កូន៖ ការចង់ក្អួតគឺជាអាការមួយក្នុងចំណោមអាការទូទៅបំផុតនៃការមានផ្ទៃពោះ។ រហូតដល់ ៨៥% នៃស្ត្រីមានផ្ទៃពោះចាញ់កូន។ វាបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូននៅក្នុងខ្លួនរបស់អ្នក ហើយវាអាចមានរយៈពេលពេញមួយត្រីមាសដំបូង។ ចំពោះស្ត្រីមានផ្ទៃពោះមួយចំនួន ការចង់ក្អួតមានកម្រិតស្រាល។ ស្ត្រីមួយចំនួនទៀតមិនអាចចាប់ផ្តើមថ្ងៃថ្មីដោយគ្មានការក្អួតទេ។ ការចង់ក្អួតជាធម្មតាធ្ងន់ធ្ងរនៅពេល។ ដើម្បីបន្ថយការចង់ក្អួត សូមព្យាយាមទទួលទានអាហារសម្រន់តិចតួច ដែលមានរសជាតិស្រាល ឬមានជាតិប្រូតេអ៊ីនខ្ពស់ ( នំស្រួយ សាច់ ឬឈីស ) និងញុំាទឹក ទឹកផ្លែឈើថ្លា ( ទឹកផ្លែប៉ោម ) ឬទឹកខ្ញី។ អ្នកប្រហែលជាចង់ទទួលទានបែបនេះមុនពេលអ្នកក្រោកពីគ្រែ។ សូមជៀសវាងអាហារណាដែលធ្វើអោយអ្នកឈឺពោះ។ ការចង់ក្អួតមិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្តែប្រសិនបើវាធ្ងន់ធ្ងរ ឬមិនបាត់ វាអាចប៉ះពាល់ដល់បរិមាណអាហារូបត្ថម្ភដែលទារកទទួលបាន។ សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើអ្នកមិនអាចបញ្ឈប់ការក្អួតបាន។
ឡើងទម្ងន់៖ ការមានផ្ទៃពោះគឺជាពេលមួយ ក្នុងចំណោមពេលពីរបីក្នុងជីវិតរបស់ស្ត្រី នៅពេលដែលការឡើងទម្ងន់ត្រូវបានគេចាត់ទុកថាជារឿងល្អ ប៉ុន្តែសូមកុំបណ្តោយឱ្យឡើងទម្ងន់ហួស។ ក្នុងត្រីមាសទី ១ អ្នកគួរតែឡើងទម្ងន់ពី ៣-៦ ផោន ( គ្រូពេទ្យអាចណែនាំឱ្យអ្នកដំឡើង ឬបញ្ចុះទម្ងន់ ប្រសិនបើអ្នកចាប់ផ្តើមមានផ្ទៃពោះដោយមិនគ្រប់ទម្ងន់ ឬលើសទម្ងន់ ) ។ ទោះបីជាអ្នកកំពុងពពោះក៏ដោយ អ្នកមិនទទួលទានសម្រាប់មនុស្សពីរនាក់ទេ។ ក្នុងត្រីមាសទី ១ អ្នកត្រូវការកាឡូរីបន្ថែមត្រឹមតែ ១៥០ ក្នុងមួយថ្ងៃ ប៉ុណ្ណោះ។ សូមទទួលទានកាឡូរីទាំងនោះតាមវិធីដែលល្អចំពោះសុខភាព ដោយបន្ថែមផ្លែឈើ និងបន្លែ ទឹកដោះគោ នំប៉័ងដែលធ្វើពីគ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់ទៅក្នុងរបបអាហាររបស់អ្នក។
ការលូតលាស់របស់ទារកក្នុងត្រីមាសទី ១
ក្នុងអំឡុងពេល ១៣ សប្តាហ៍ដំបូង កូនរបស់អ្នកផ្លាស់ប្តូរពីស៊ុតបង្កកំណើតទៅជាទារកដែលមានទ្រង់ទ្រាយពេញលេញ។ សរីរាង្គ និងប្រព័ន្ធសំខាន់ៗទាំងអស់លេចចេញជារូបរាង។ នោះមានន័យថាកូនរបស់អ្នកអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកប្រើប្រាស់គ្រឿងញៀន មានជំងឺ ឬបានប៉ះពាល់នឹងវិទ្យុសកម្ម។ ខាងក្រោមគឺជាអ្វីដែលកំពុងកើតឡើង៖
នៅចុងបញ្ចប់នៃត្រីមាសទី ១ កូនរបស់អ្នកនឹងមានប្រវែងប្រហែល 2 ½-3 អ៊ីញ។
ការងារត្រូវធ្វើក្នុងត្រីមាសទីមួយ
ការមានកូនគឺជាពេលវេលារីករាយបំផុតមួយនៅក្នុងជីវិតរបស់ស្ត្រីជាច្រើន។ ពីការគិតអំពីថ្ងៃដែលអ្នកនឹងនាំកូនតូចអ្នកទៅផ្ទះ ការជ្រើសរើសឈ្មោះ និងពណ៌តុបតែងបន្ទប់ទារក វាគួរឱ្យរំភើបណាស់។ ប៉ុន្តែអ្នកក៏ត្រូវចាត់វិធានការណ៍ជាក់ស្តែងមួយចំនួនក្នុងអំឡុងត្រីមាសដំបូងដែរ៖
អាការបន្ទាន់ក្នុងអំឡុងពេលត្រីមាសទី ១
អាការណាមួយក្នុងចំណោមអាការខាងក្រោម អាចជាសញ្ញាបង្ហាញថាមានអ្វីមួយខុសប្រក្រតីជាមួយនឹងការមានផ្ទៃពោះរបស់អ្នកហើយ។ សូមកុំរង់ចាំរហូតដល់ថ្ងៃណាត់ជួបគ្រូពេទ្យពិនិត្យផ្ទៃពោះ ទើបប្រាប់គ្រូពេទ្យ។ សូមទាក់ទងទៅគ្រូពេទ្យភ្លាម ប្រសិនបើអ្នកមានអាការ៖