តើស្ត្រីទាំងអស់មានអាការដំបូងនៃការមានផ្ទៃពោះឬទេ?
ស្ត្រីគ្រប់រូបគឺខុសគ្នា។ ដូច្នេះបទពិសោធន៍របស់ពួកគេក្នុងការមានផ្ទៃពោះក៏ខុសគ្នាដែរ។ មិនមែនស្ត្រីគ្រប់រូបសុទ្ធតែមានអាការដូចគ្នា ឬមានអាការដូចគ្នាពីការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតទេ។
ដូចគ្នានេះផងដែរដោយសារតែអាការដំបូងនៃការមានផ្ទៃពោះជារឿយៗដូចអាការ ដែលអ្នកអាចជួបមុនពេល និងអំឡុងពេលមានរដូវ អ្នកប្រហែលជាមិនដឹងថាអ្នកមានផ្ទៃពោះឡើយ។
អ្វីដែលនៅខាងក្រោមគឺជាការពិពណ៌នាអំពីអាការដំបូងបំផុតនៃការមានផ្ទៃពោះ។ អ្នកគួរតែដឹងថាអាការទាំងនេះអាចបណ្តាលមកពីរឿងផ្សេងទៀតក្រៅពីមានផ្ទៃពោះ។ ដូច្នេះការពិតដែលអ្នកកត់សម្គាល់អាការមួយចំនួនមិនមានន័យថាអ្នកមានផ្ទៃពោះទេ។ មធ្យោបាយតែមួយគត់ដើម្បីប្រាកដគឺការធ្វើតេស្តមានផ្ទៃពោះ។
ការធ្លាក់ឈាមតិចតួច និងការរមួលសាច់ដុំជុំវិញស្បូន (ឈឺពោះ)
បន្ទាប់ពីមានផ្ទៃពោះ ស៊ុតកាច់សំបុក។ វាអាចបណ្តាលឱ្យមានអាការដំបូងបង្អស់នៃការមានផ្ទៃពោះ៖ ការធ្លាក់ឈាមតិចតួច និងពេលខ្លះការរមួលសាច់ដុំជុំវិញស្បូន (ចុកពោះ)។
វាត្រូវបានគេហៅថាការធ្លាក់ឈាមដោយសារការកាច់សំបុក។ វាកើតឡើងពី ៦ ទៅ ១២ ថ្ងៃបន្ទាប់ពីស៊ុតកាច់សំបុក។
ការរមួលសាច់ដុំជុំវិញស្បូនមានអាការប្រហាក់ប្រហែលនឹងការឈឺចាប់ពេលមានរដូវ ដូច្នេះស្ត្រីខ្លះច្រឡំថាវាជាការធ្លាក់ឈាមសម្រាប់ការចាប់ផ្តើមនៃការមករដូវ។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ឈាម និងការរមួលសាច់ដុំជុំវិញស្បូនមានសភាពតិចតួច និងស្រាល។
ក្រៅពីការធ្លាក់ឈាមតិចតួច ស្ត្រីអាចកត់សម្គាល់នូវការធ្លាក់ទឹករំអិលពណ៌សទឹកដោះគោពីទ្វារមាសរបស់ពួកគេ។ វាគឺទាក់ទងនឹងការឡើងក្រាស់នៃជញ្ជាំងទ្វារមាស ដែលចាប់ផ្តើមស្ទើរតែភ្លាមៗក្រោយពេលមានគភ៌។ ការកើនឡើងនៃការលូតលាស់របស់កោសិកានៅតាមទ្វារមាសបណ្តាលឱ្យមានការធ្លាក់ទឹករំអិល។
ទឹករំអិលដែលអាចបន្តធ្លាក់ពេញអំឡុងពេលមានផ្ទៃពោះមិនមានគ្រោះថ្នាក់ ហើយមិនត្រូវការការព្យាបាលទេ។ ប៉ុន្តែប្រសិនបើទឹករំអិលនោះមានក្លិនមិនល្អ ឬបណ្តាលឱ្យរលាក និងរមាស់ សូមប្រាប់គ្រូពេទ្យ។គ្រូពេទ្យអាចពិនិត្យមើលថាតើអ្នកមានឆ្លងមេរោគផ្សិត ឬបាក់តេរីឬទេ។
ការប្រែប្រួលដើមទ្រូង
ការប្រែប្រួលដើមទ្រូងគឺជាសញ្ញាដំបូងផ្សេងទៀតនៃការមានផ្ទៃពោះ។ កម្រិតអ័រម៉ូនរបស់ស្ត្រីផ្លាស់ប្តូរយ៉ាងឆាប់រហ័សបន្ទាប់ពីមានផ្ទៃពោះ។ ដោយសារតែការផ្លាស់ប្តូរ បន្ទាប់ពីរយៈពេលមួយ ឬពីរសប្តាហ៍ ដើមទ្រូងរបស់ស្រ្តីអាចហើម ឈឺ ឬសង្កៀរ។ ឬស្រ្តីអាចមានអារម្មណ៍ធ្ងន់ ឬពេញ ឬឈឺពេលប៉ះដើមទ្រូង។ តំបន់ជុំវិញក្បាលសុដន់ ក៏អាចប្រែទៅជាពណ៌ក្រម៉ៅដែរ។
កត្តាផ្សេងទៀតអាចបណ្តាលឱ្យមានការផ្លាស់ប្តូរដើមទ្រូងដែរ។ ប៉ុន្តែប្រសិនបើការផ្លាស់ប្តូរគឺជាអាការដំបូងនៃការមានផ្ទៃពោះ សូមចងចាំថាវានឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីសុំាទៅនឹងកម្រិតអ័រម៉ូនថ្មី។ ប៉ុន្តែនៅពេលរាងកាយសុំាទៅនឹងកម្រិតអ័រម៉ូនថ្មី ការឈឺដើមទ្រូងក៏ធូរស្រាលដែរ។
ភាពល្ហិតល្ហៃ
ការមានអារម្មណ៍អស់កម្លាំងខ្លាំងគឺជារឿងធម្មតាក្នុងពេលមានផ្ទៃពោះ។ វាចាប់ផ្តើមតាំងពីដំបូង។
ស្ត្រីអាចចាប់ផ្តើមមានអារម្មណ៍នឿយហត់ខុសធម្មតាចាប់ពីមួយសប្តាហ៍បន្ទាប់ពីមានផ្ទៃពោះ។
ហេតុអ្វី? ជារឿយៗវាទាក់ទងទៅនឹងកម្រិតខ្ពស់នៃអ័រម៉ូនប្រូសេស្តេរ៉ូន ទោះបីជាកត្តាផ្សេងទៀតដូចជា កម្រិតជាតិស្ករក្នុងឈាមទាប សម្ពាធឈាមទាប និងការផលិតគ្រាប់ឈាមមិនគ្រប់គ្រាន់អាចចូលរួមចំណែកក៏ដោយ។
ប្រសិនភាពល្ហិតល្ហៃទាក់ទងនឹងការមានផ្ទៃពោះ វាចាំបាច់ត្រូវសម្រាកឱ្យបានច្រើន។ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន និងជាតិដែកអាចជួយកាត់បន្ថយភាពល្ហិតល្ហៃបានដែរ។
ការចង់ក្អួត (ចាញ់កូន)
ការចាញ់កូនគឺជាអាការល្បីល្បាញមួយនៃការមានផ្ទៃពោះ។ ប៉ុន្តែមិនមែនស្ត្រីមានផ្ទៃពោះគ្រប់រូបសុទ្ធតែចាញ់កូនទេ។
មូលហេតុពិតប្រាកដនៃការចាញ់កូនមិនត្រូវបានគេដឹងទេ ប៉ុន្តែអ័រម៉ូនមានផ្ទៃពោះទំនងជារួមចំណែកបង្កអាការនេះ។ ការចង់ក្អួតអំឡុងពេលមានផ្ទៃពោះអាចកើតឡើងគ្រប់ពេលនៅពេលថ្ងៃ ប៉ុន្តែជាទូទៅនៅពេលព្រឹក។
ស្រ្តីមួយចំនួនមានចំណង់អាហារ ឬមិនអាចទ្រាំនឹងអាហារខ្លះបាន នៅពេលពួកគេមានផ្ទៃពោះ។ វាក៏ទាក់ទងនឹងការផ្លាស់ប្តូរអ័រម៉ូនផងដែរ។ ផលប៉ះពាល់អាចខ្លាំង ដែលសូម្បីតែអាហារដែលពួកគេធ្លាប់ចូលចិត្តក៏អាចប្រែប្រួលដែរ។
វាអាចទៅរួចដែលថាការចង់ក្អួត ការឃ្លាន និងការរអើមចំណីអាហារអាចកើតឡើងពេញមួយអំឡុងពេលផ្ទៃពោះ។ ជាសំណាងល្អ អាការរបស់ស្ត្រីជាច្រើនថយចុះនៅសប្តាហ៍ទី ១៣ ឬ ទី ១៤ នៃការមានផ្ទៃពោះ។
ទន្ទឹមនឹងនេះត្រូវប្រាកដថា អ្នកទទួលទានរបបអាហារដែលល្អចំពោះសុខភាព ដើម្បីឱ្យអ្នក និងទារកកំពុងលូតលាស់ទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ។ អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានដំបូន្មានពីរឿងនេះ។
ការបាត់រដូវ
អាការដំបូងបំផុតនៃការមានផ្ទៃពោះ និងអាការដែលជំរុញឱ្យស្ត្រីភាគច្រើនធ្វើតេស្តមានផ្ទៃពោះគឺជាបាត់រដូវ។ ប៉ុន្តែមិនមែនរាល់ពេលដែលមិនមករដូវ ឬមករដូវយឺតបណ្តាលមកពីការមានផ្ទៃពោះទេ។
ដូចគ្នានេះផងដែរ ស្ត្រីអាចមានការធ្លាក់ឈាមតិចតួចអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកមានផ្ទៃពោះ សូមសួរគ្រូពេទ្យនូវអ្វីដែលអ្នកគួរតែដឹងជាមួយនឹងការធ្លាក់ឈាម។ ឧទាហរណ៍ តើពេលណាដែលការធ្លាក់ឈាមមានសភាពធម្មតា ហើយតើពេលណាជាសញ្ញានៃភាពអាសន្ន?
មានហេតុផ្សេងទៀតក្រៅពីការមានផ្ទៃពោះសម្រាប់ការបាត់រដូវ។ ប្រហែលជាអ្នកឡើងទម្ងន់ ឬស្រកទម្ងន់ច្រើនពេក។ បញ្ហាអ័រម៉ូន ភាពល្ហិតល្ហៃ ឬស្ត្រេសក៏អាចជាមូលហេតុដែរ។ ស្ត្រីមួយចំនួនបាត់រដូវ នៅពេលពួកគេឈប់ប្រើថ្នាំពន្យារកំណើត។ ប៉ុន្តែប្រសិនបើរដូវមកយឺត ហើយអាចជាការមានផ្ទៃពោះ អ្នកប្រហែលចង់ធ្វើតេស្តមានផ្ទៃពោះ។
អាការដំបូងនៃការមានផ្ទៃពោះដទៃទៀត
ការមានផ្ទៃពោះនាំមកនូវការផ្លាស់ប្តូរតុល្យភាពអ័រម៉ូនរបស់អ្នក។ ហើយវាអាចបង្កឱ្យមានអាការផ្សេងទៀតដូចជា៖
ស្ត្រីមានផ្ទៃពោះអាចមានអាការទាំងអស់នេះ ឬប្រហែលជាមានអាការតែមួយ ឬពីរប៉ុណ្ណោះ។ ប្រសិនបើអាការណាមួយរបស់អ្នកប្រែជាបញ្ហារំខាន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីពួកវា ដូច្នេះអ្នកអាចរៀបចំផែនការ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន។